FED បន្តរក្សាអត្រាការប្រាក់ ខណៈពេលដែលអតិផរណានៅតែខ្ពស់

(VOVWORLD) - បន្ទាប់ពីកិច្ចប្រជុំលើកដំបូងក្នុងឆ្នាំនេះ កាលពីថ្ងៃទី ៣១ ខែមករា ធនាគារកណ្តាលអាមេរិក (FED) បានសម្រេចចិត្តរក្សាអត្រាការប្រាក់បច្ចុប្បន្នមិនផ្លាស់ប្តូរនៅកំរិត ៥,២៥- ៥,៥% ។ នេះគឺជាលើកទីបួនជាប់គ្នាហើយ ដែល FED មិនបានដំឡើងអត្រាការប្រាក់ ដែលស្ថិតនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៣ ឆ្នាំកន្លងមកឡើយ។

មូលហេតុចម្បងដែលអាមេរិកមិនមានគម្រោងកាត់បន្ថយអត្រាការប្រាក់គឺដោយសារតែអតិផរណានៅតែមានកម្រិតខ្ពស់ បើទោះបីបានធ្លាក់ចុះកាលពីឆ្នាំមុនក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសនេះក៏បង្ហាញថា អត្រាការប្រាក់នាបច្ចុប្បន្នគឺជាកំពូលនៃថេរវេលាអនុវត្តគោលនយោបាយរូបិយវត្ថុដ៏រឹតបន្តឹងរបស់ធនាគារកណ្តាលអាមេរិក ដែលចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ ២០២២ ជាមួយនឹងការដំឡើងអត្រាការប្រាក់ចំនួន ១១លើក  ដើម្បីទប់ទល់នឹងអតិផរណា។

នៅក្នុងវគ្គជួញដូរកាលពីថ្ងៃទី ៣១ មករា ភាគហ៊ុន Wall Street (អាមេរិក) បានធ្លាក់ចុះបន្ទាប់ពី Fed បានសម្រេចចិត្តរក្សាអត្រាការប្រាក់មិនផ្លាស់ប្តូរ។ កាយវិការនេះបានបង្កការខកចិត្តសម្រាប់វិនិយោគិនដែលកំពុងតែរំពឹងថានឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងគោលនយោបាយរូបិយវត្ថុ។ បិទបញ្ចប់វគ្គជួញដូរនេះ សន្ទស្សន៍សមាសធាតុ S&P ៥០០ បានថយចុះ ១,៦% មកត្រឹម ៤ ៨៤៥,៦៥ពិន្ទុ។ សន្ទស្សន៍ឧស្សាហកម្ម Dow Jones បានធ្លាក់ចុះ ០,៨% មកដល់ ៣៨ ១៥០,៣០ ពិន្ទុ ខណៈដែលសន្ទស្សន៍បច្ចេកវិទ្យា Nasdaq Composite បានធ្លាក់ចុះ ២,២% មកត្រឹម១៥ ១៦៤,០១ ពិន្ទុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ