ក្ដាមប្រៃ - បេតិកភ័ណ្ឌវប្បធម៌អរូបីរបស់ប្រជាជនខេត្ត Ca Mau

(VOVWORLD) - ខេត្ត Ca Mau មានម្ហូបអាហារប្រចាំតំបន់ជាច្រើន ក្នុងនោះ ក្ដាមប្រៃ គឺជាម្ហូបអាហារប្រចាំតំបន់ដ៏វិសេសវិសាល។ របរធ្វើក្តាមប្រៃ ក៏ត្រូវបានទទួលស្គាល់ជារបរបេតិកភ័ណ្ឌថ្នាក់ជាតិ។ តំបន់ដី Rach Goc (ទីរួមស្រុក Rach Goc ស្រុក Ngoc Hien ) គឺជាទីកន្លែងធ្វើឲ្យក្ដាមនៅទីនេះល្បីឈ្មោះផងដែរ។
ក្ដាមប្រៃ - បេតិកភ័ណ្ឌវប្បធម៌អរូបីរបស់ប្រជាជនខេត្ត Ca Mau - ảnh 1ក្ដាមប្រៃ - បេតិកភ័ណ្ឌវប្បធម៌អរូបីរបស់ប្រជាជនខេត្ត Ca Mau

របរធ្វើក្ដាមប្រៃមានវត្តមានតាំងពីយូរណាស់មកហើយនៅខេត្ត Ca Mau ដែលជាខេត្តនៅជាប់ឆ្នេរសមុទ្រភាគខាងត្បូងវៀតណាម។ នេះគឺជារបរប្រពៃណី ដែលត្រូវបានមរតកពីជំនាន់មួយទៅជំនាន់មួយទៀត។ នាពេលបច្ចុប្បន្ននេះ របរធ្វើក្ដាមប្រៃនៅតែកំពុងអភិវឌ្ឍន៍នៅតាមស្រុកជាប់ឆ្នេរសមុទ្រនៅខេត្ត Ca Mau ដូចជា Dam Dam, Phu Tan, Nam Can និង Ngoc Hien ។ ទោះយ៉ាងណាក៏ដោយ របរធ្វើក្ដាមប្រៃ នៅតែមានប្រជាប្រិយភាព និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅទីរួមស្រុក Rach Goc ស្រុក Ngoc Hien ។ នេះគឺជាស្រុកមួយ ដែលមានគ្រឿងផ្សំក្ដាមប្រៃដ៏ឆ្ងាញ់ពិសារនិងល្បីឈ្មោះ រួមចំណែកផ្សព្វផ្សាយផលិតផលក្ដាមប្រៃ យ៉ាងទូលំទូលាយ។

យោងតាមអ្នកភូមិបានឲ្យដឹងថា ក្ដាមប្រៃនៅទីរួមស្រុក Rach Goc មានរសជាតិឆ្ងាញ់ពិសារ ដោយសារប្រភពចំណីសម្បូរបែប និងលក្ខណៈធម្មជាតិនៅទីនេះ។ អ្នកស្រី Nguyen Hong Dam សមាជិកាម្នាក់នៃក្រុមគ្រួសារធ្វើអាជីវកម្ម ដែលប្រកបរបរធ្វើក្ដាមប្រៃ ជាច្រើនឆ្នាំបានចែករំលែកថា៖ “ខេត្ត Ca Mau និងខេត្ត Bac Lieu មានក្ដាមប្រៃច្រើនណាស់។ ក្ដាមប្រៃនៅ Rach Goc ពិតជាឆ្លាញ់ពិសារណាស់ ដោយសារនៅទីនេះមានសណ្ឋានដីអំណោយផល។ ក្ដាមប្រៃស៊ីចំណីពីធម្មជាតិ បានជា ខួរក្ដាមនៅទីនេះមានពណ៌លឿង ហើយសាច់ក្ដាមឆ្ងាញ់ពិសារណាស់”។

កាលពីច្រើនឆ្នាំមុន ប្រភពក្ដាមប្រៃនៅទីនេះសម្បូរបែបណាស់។ នៅពេលរដូវក្តាមមកដល់ម្ដងៗ (ប្រមាណខែ ៧ ដល់ខែ ៩ តាមប្រតិទិនច័ន្ទគតិ) បងប្អូនប្រជាជនបានទៅចាប់ក្ដាម ហើយដឹកតាមទូក។ នៅពេលបរិភោគមិនអស់ បងប្អូនប្រជាជនបានបង្កើតគំនិតធ្វើក្ដាមប្រៃ ដើម្បីថែរក្សាឲ្យបានយូរ។ អស់រយៈពេលជាច្រើនឆ្នាំ ជំហាននីមួយៗ ដើម្បីធ្វើ ក្ដាមប្រៃជ្រលក់អំបិលនៅតែមិនផ្លាស់ប្ដូរឡើយ។ កាលពីមុន បងប្អូនប្រជាជនទៅចាប់ក្ដាមប្រៃ គឺតែងតែដឹកតាមពាងទឹកដាក់អំបិល ដែលបានត្រៀមរួចជាស្រេច។ នៅពេលចាប់បានក្ដាមប្រៃហើយ ប្រជាជនបានរៀបដាក់វានៅលើទូក លាងសម្អាត ហើយដាក់ចូលពាង ដើម្បីដឹកទៅផ្ទះវិញ។ នៅពេលព្រឹកថ្ងៃក្រោយ យកក្ដាមប្រៃចេញ ឲ្យសម្ងួតទឹក ហើយប្រឡាក់ជាមួយទឹកអំបិលថ្មី គ្របគំរបឲ្យជាប់ ដើម្បីទុកបរិភោគជាបណ្ដើរៗ។

នាបច្ចុប្បន្ននេះ ប្រជាជន ឬសិប្បកម្មធ្វើក្ដាមប្រៃ ក្រោយពីលាងសម្អាតក្ដាមនៅស្រស់រួចរាល់ហើយ គេមិនប្រឡាក់ក្ដាមប្រៃភ្លាមៗឡើយ ប៉ុន្តែចាំមួយរយៈសិន ឲ្យក្ដាមប្រៃស្រេកទឹក ទើបដាក់វាចូលពាងទឹកអំបិល ហើយវានឹងស៊ីទឹកអំបិល។ នេះគឺជាជំហានដ៏សំខាន់ណាស់ ព្រោះថា បរិមាណទឹកអំបិលដែលក្ដាមប្រៃបានស៊ី នឹងជួយថែរក្សាក្ដាមប្រៃឲ្យ្យបានយូរជាង ហើយនាំមកនូវរសជាតិឆ្ងាញ់ពិសារជាង។ លោក Luong Van Binh មកពីគ្រួសារមួយ ដែលមានប្រពៃណីធ្វើក្ដាមប្រៃនៅទីរួមស្រុក Rach Goc  ស្រុក Ngoc Hien បានចែករំលែកថា៖ “ទឹកត្រូវបានប្រើត្រឹមតែម្តងប៉ុណ្ណោះ មិនប្រើឡើងវិញទេ។ ក្រោយមក យកក្ដាមប្រៃចេញ លាងសម្អាត ហើយប្តូរទឹកថ្មី។ ទឹកត្រូវដាក់អំបិលច្រើន ទើបមានគុណភាពគ្រប់គ្រាន់ បើទឹកអំបិលសាបពេក នឹងធ្វើឲ្យក្ដាមប្រៃងាយខូចគុណភាពណាស់”។

ក្ដាមប្រៃ - បេតិកភ័ណ្ឌវប្បធម៌អរូបីរបស់ប្រជាជនខេត្ត Ca Mau - ảnh 2ក្ដាមប្រៃទទួលបានការនិយមចូលចិត្តពីសំណាក់អតិថិជន

នាបច្ចុប្បន្ននេះ ផលិតផលក្ដាមប្រៃរបស់ខេត្ត Ca Mau ទទួលបានការនិយមមចូលចិត្តពីសំណាក់អតិថិជន ហើយប្រភពប្រគត់ផ្គង់តែងតែមិនគ្រប់គ្រាន់ ដើម្បីបំពេញតាមតម្រូវការ។ លោក La Quoc Khanh អនុប្រធានសមាគមកសិករស្រុក Ngoc Hien បានឲ្យដឹងថា៖ “ក្ដាមប្រៃបានរស់នៅក្នុងព្រៃ។ វាកើតមក ហើយធំឡើងដោយខ្លួនឯង ដូច្នេះហើយសាច់វាឆ្ងាញ់ពិសារណាស់។ ប្រជាជននៅភូមិភាគខាងត្បូងចូលចិត្តក្ដាមប្រៃណាស់។ ដូច្នេះហើយ សិប្បកម្មធ្វើក្ដាមប្រៃបានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចកសាងពាណិជ្ជសញ្ញាសម្រាប់ក្ដាមប្រៃ ដើម្បីលើកកម្ពស់គុណភាព ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនផងដែរ”។

នៅពាក់កណ្តាលឆ្នាំ ២០២០ របរធ្វើក្ដាមរបស់ប្រជាជនខេត្ត Ca Mau ត្រូវបានទទួលស្គាល់ជា បេតិកភ័ណ្ឌ វប្បធម៌អរូបីជាតិ។ ចាប់តាំងពីពេលនោះមក ផលិតផលក្ដាមប្រៃកាន់តែទាក់ទាញបានចំណាប់អារម្មណ៍របស់អតិថិជន។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ca Mau រួមទាំងគណៈកម្មាធិការប្រជាជនស្រុក Ngoc Hien កំពុងរៀបចំផែនការកសាងភូមិរបរធ្វើក្ដាមប្រៃប្រពៃណិ ដោយផ្សារភ្ជាប់នឹងការ ផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផល ដើម្បីបម្រើភ្ញៀវទេសចរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ