ការផ្លាស់ប្ដូរថ្មីនៅភូមិជនជាតិចាមធំបំផុតនៅខេត្ត Dong Nai
(VOVWORLD) - ចាប់តាំងពីតំបន់មួយដែលមានលក្ខណៈសេដ្ឋកិច្ចលំបាកលំបិនដោយមានទំនៀម ទំលាប់ប្រពៃណីហួសសម័យនោះ ប៉ុន្តែភូមិជនជាតិ ចាមនៅឃុំ Xuan Hung ស្រុក Xuan Loc ខេត្ត Dong Nai ភាគខាងត្បូង វៀតណាម កំពុងផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅ មួយថ្ងៃ អាស្រ័យដោយគោលនយោបាយឧបត្ថម្ភពិសេសរបស់រដ្ឋ។
ជនរួមជាតិចាមនៅស្រុក Xuan Loc ប្រមូលផ្លែស្រកានាគ (រូបថត៖ កាសែត Dong Nai) |
ភូមិ ចាម ឃុំ Xuan Hung ស្រុក Xuan Loc មានចំនួនប្រជាជនជាង២២០០ នាក់ ដែលជាភូមិ ចាម ធំបំផុតនៅខេត្ត Dong Nai ដោយមានជនជាតិចាមជាង ៩០%របស់ខេត្តកំពុងរួមរស់នៅទីនេះ។ កាលពីមុន អ្នកភូមិមានជីវភាពរស់នៅ ជិតឈឹងដោយមិនរាប់អានជាមួយខាងក្រៅនោះទេ ត្រឹមតែទាក់ទងជាមួយគ្នាក្នុងភូមិតែ ប៉ុណ្ណោះ។ ទំលាប់ហួសសម័យនេះបណ្ដាលអោយជីវភាពរស់នៅរបស់ជនជាតិ ចាមជួបការលំបាកយ៉ាងខ្លាំង។ លើសពីនេះទៅទៀត សេដ្ឋកិច្ចរបស់ភូមិបានត្រឹមតែ ពឹងផ្អែកទៅលើការដាំស្រូវទឹក២រដូវកាលក្នុងមួយឆ្នាំប៉ុណ្ណោះ ហេតុដូច្នេះហើយ ជីវភាពកាន់តែលំបាកថែមទៀត។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទទួលបានការ ណែនាំ ការជួយឧបត្ថម្ភយ៉ាងសកម្មរបស់អាជ្ញាធរតំបន់ ប្រជាជននៅទីនេះបាន ផ្លាស់ប្ដូររបៀបគិត របៀបធ្វើ អាស្រ័យហេតុនោះ ជីវភាពរស់នៅនិងលក្ខណៈ សេដ្ឋកិច្ចត្រូវបានលើកស្ទួយគួរអោយកត់សម្គាល់។
គ្រួសារលោក Abtukholick មានដីស្រែចម្ការជាង១ហិកតា ប៉ុន្តែអស់រយៈ ពេលច្រើនឆ្នាំកន្លងទៅ វាមិនជួយអោយជីវភាពគ្រួសាររបស់លោកសម្បូរធូធារបាន ឡើយ ដោយសាររបៀបធ្វើស្រែចម្ការហួសសម័យ។ ៤ឆ្នាំមុននេះ ដោយទទួល បានការលើកទឹកចិត្ត ជួយឧបត្ថម្ភរបស់អាជ្ញាធរតំបន់ លោក Abtukholick ហ៊ានខ្ចីទឹកប្រាក់ចំនួន១០០លានដុងពីធនាគារកសិកម្មស្រុក ដើម្បីប្ដូរទៅចិញ្ចឹម គោ ហើយផ្ទេរប្ដូរផ្ទៃដីដាំស្រូវទាំងស្រុងទៅដាំដើមស្រកានាគសាច់ក្រហម។ អាស្រ័យដោយការខិតខំថែទាំ បានជាសួនស្រកានាគរីកលូតលាស់យ៉ាងល្អ ហើយនាំមកជូនគ្រួសារលោកនូវប្រាក់ចំណូលចំនួន៤០០លានដុងជារៀងរាល់ឆ្នាំ។ ចាប់តាំងពីគ្រួសារក្រីក្រមួយ ប៉ុន្តែរហូតដល់សព្វថ្ងៃនេះ គ្រួសារលោក Abtukholick មានជីវភាពធូធារច្រើនជាងមុន ហើយលោកក៏បានក្លាយទៅជា កសិករផលិតពូកែម្នាក់នៅក្នុងតំបន់ផងដែរ។ លោក Abtukholick បានអោយដឹងថា៖
“គ្រាដំបូង ខ្ញុំត្រឹមតែដាំ៥០០ដើមតែប៉ុណ្ណោះ ហើយក្រោយនោះដាំបន្ថែមជា បណ្ដើរៗរហូតដល់បច្ចុប្បន្ននេះមានដើមស្រកានាគសរុបជាង១០០០ដើម។ ប្រាក់ចំណូលជា ប្រចាំខែទទួលបានពី៥០ ដល់៦០លានដុង ឬ២០ដល់៣០លានដុង ទៅតាម រដូវកាល”។
ដោយអនុវត្តគោលមាគ៌ាស្ដីពីកិច្ចការចំពោះជនជាតិចាមនិងចលនាកសាងជនបទថ្មីនោះ នាពេលកន្លងទៅ ស្រុក Xuan Loc បានចាត់វិធានការជាច្រើន ដើម្បីលើកស្ទួយជីវភាពរស់នៅទាំងខាងសម្ភារៈទាំងខាងស្មារតីសម្រាប់ប្រជាជនជាជនជាតិចាម។ ការអនុវត្តកម្មវិធីជួយឧបត្ថម្ភកាត់បន្ថយភាពក្រីក្ររបស់រដ្ឋ បាន រួមចំណែកនាំមកនូវមុខមាត់ថ្មីសម្រាប់តំបន់ជនបទនេះ។ រហូតដល់បច្ចុប្បន្ន ផ្លូវ ថ្នល់១០០%ត្រូវបានចាក់ប៉េតុង ហើយគ្រួសារ១០០%មានអគ្គីសនីសម្រាប់ការ ធ្វើផលិតកម្មនិងទឹកស្អាតសម្រាប់សកម្មភាពប្រចាំថ្ងៃ។ ក្រៅពីនោះ ជនជាតិចាម នៅទីនេះថែមទាំងទទួលបានការជួយឧបត្ថម្ភផ្សេងៗជាច្រើនទៀតដូចជា ការ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ការណែនាំការងារធ្វើ ការចែកចាយកូនឈើ កូនពូជ ជី និងថ្នាំការពារដំណាំ ដោយមានតម្លៃរាប់ពាន់លានដុង។ លោក Abdohamit ប្រធានគណៈគ្រប់គ្រងវិហារអ៊ីស្លាមនៅភូមិ ចាម ឃុំ Xuan Hung ស្រុក Xuan Loc បានអោយដឹងថា៖
“អាស្រ័យមានបក្សនិងរដ្ឋ បានជួយអោយលក្ខណៈសេដ្ឋកិច្ចរបស់យើងខ្ញុំ កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយមានផ្លូវថ្នល់ អគ្គីសនី សាលារៀន កូនចៅរបស់យើងខ្ញុំត្រូវបានរៀនសូត្ររហូតដល់ចប់ចុងចប់ដើម។ ក្រៅពីនោះ មានក្រុមហ៊ុនជាច្រើនបានមកបោះទុននៅទីនេះ ហេតុដូច្នេះបានជាកូនចៅរបស់ យើងខ្ញុំមានការងារធ្វើប្រកបដោយស្ថិរភាព ជីវភាពរបស់គ្រួសារកាន់តែ ធូធារពី មួយថ្ងៃទៅមួយថ្ងៃ”។
មិនត្រឹមតែសេដ្ឋកិច្ចមានការរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងជីវភាពខាង វប្បធម៌របស់អ្នកភូមិក៏ត្រូវបានកែលម្អយ៉ាងខ្លាំងក្លាផងដែរ។ ក្រុមសម្ដែងសិល្បៈ នៃភូមិចាម ត្រូវបានស្ដារឡើងវិញហើយអភិវឌ្ឍយ៉ាងខ្លាំង ដោយបានអញ្ជើញទៅ សម្ដែងនៅព្រឹត្តិការណ៍វប្បធម៌សិល្បៈធំៗក្នុងខេត្តជាញឹកញាប់។ សមិទ្ធផលនៅភូមិចាមបានបង្ហាញនូវចំណងសាមគ្គីភាពក៏ដូចជាស្មារតី ឈានទៅមុខរបស់ប្រជាជននៅទីនេះ។ ជាមួយនឹងគោលនយោបាយសកម្ម នានារបស់បក្សនិងរដ្ឋ ជនជាតិចាមនៅទីនេះបានរួមកម្លាំងកាយចិត្ត ខិតខំប្រឹង ប្រែងកសាងភូមិអោយកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ៕