កសិករទីក្រុងហាណូយតភ្ជាប់គ្នាដើម្បីលក់កសិផលក្នុងរដូវកាលនៃជំងឺឆ្លង

(VOVWORLD) - ជំងឺឆ្លង Covid-19 បានបណ្ដាលឲ្យវិស័យកសិកម្មទីក្រុងហាណូយជួបការលំបាកក្នុងការផលិតនិងលក់ចេញកសិផល។ ដើម្បីជួយឧបត្ថម្ភប្រជាកសិករ បណ្ដាសហគ្រាស សហករណ៍ និងអង្គភាពពាក់ព័ន្ធដល់កសិកម្មនៅហាណូយបានបើកទូលាយកាណាល់លក់ចេញកសិផល បង្កើតខ្សែសង្វាក់ប្រើប្រាស់កសិផល សំដៅធានាផលិតកម្មអាជីវកម្មឲ្យមានស្ថិរភាពនៅក្នុងសភាពការណ៍បច្ចុប្បន្ន។
កសិករទីក្រុងហាណូយតភ្ជាប់គ្នាដើម្បីលក់កសិផលក្នុងរដូវកាលនៃជំងឺឆ្លង - ảnh 1ទំនិញកសិផលដ៏ស្រស់ៗនិងមានសុវត្ថិភាពត្រូវបានដាក់លក់នៅក្នុងផ្សារទំនើប (រូបថត៖ VOV) 

  នាពេលកន្លងទៅ សហគ្រាសជាច្រើននៅទីក្រុងហាណូយបានផ្លាស់ប្ដូរថ្មីសកម្មភាពឲ្យស្របទៅតាមស្ថានភាពជាក់ស្ដែង ដើម្បីចែករំលែកការលំបាកជាមួយប្រជាកសិករនិងសហករណ៍ ក៏ដូចជាដើម្បីរក្សាសកម្មភាពផលិតកម្មអាជីវកម្មរបស់ខ្លួនផងដែរ។ ដើម្បីជៀសវាងការប្រមូលផ្ដុំមនុស្សជាច្រើន សហរណ៍នានាបានរៀបចំឲ្យប្រជាកសិករធ្វើផលិតកម្ម ប្រមូលផលតាមពេលវេលាខុសៗគ្នា ព្រមទាំងពួកគេក៏បានបិទតែម QR កូដ ដើម្បីត្រួតពិនិត្យប្រភពដើមរបស់កសិផលផងដែរ ក្នុងបំណងជួយឲ្យអ្នកប្រើប្រាស់នឹងនរចិត្តអំពីគុណភាព។ លោក Le Duc Thang នាយករងនៃសហករណ៍កសិកម្មសរីរាង្គ Tam Xa បានឲ្យដឹងថា៖

        “យើងខ្ញុំមានគោលបំណងចង់បញ្ជូនផលិតផលបន្លែដ៏ស្អាតអនាម័យទៅកាន់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន។ ហេតុដូច្នេះ ត្រូវការមានខ្សែសង្វាក់តភ្ជាប់ជាច្រើនថែមទៀត ជាពិសេសគឺក្នុងរដូវកាលនៃជំងឺឆ្លងនាបច្ចុប្បន្ន”។

        នៅឃុំ Tam Xa ស្រុក Dong Anh ផ្ទៃដីផលិតបន្លែប្រកបដោយសុវត្ថិភាពគឺមាន៦៤ហិកតា។ ក្នុងនោះ មាន២,៥ហិកតាត្រូវបានផ្លាស់ប្ដូរទៅការដាំបន្លែសរីរាង្គវិញ។ ប៉ុន្តែ នាប៉ុន្មានខែកន្លងទៅ ការលក់បន្លែនៅយឺតយ៉ាវបានធ្វើឲ្យកសិករមានការព្រួយបារម្ភ។ លោកស្រី Le Thi Thanh ប្រធានសមាគមន៍កសិករឃុំ Tam Xa បានឲ្យដឹងថា៖

        “ត្រឹមតែលក់បានផលិតផលទើបបងប្អូនអាចនឹងនរចិត្ត។ ប្រសិនបើយើងខ្ញុំបង្កបង្កើនផលប៉ុន្តែគ្មានអ្នកប្រើប្រាស់ ផលិតផលលក់មិនដាច់នោះ គឺបងប្អូនព្រួយបារម្ភខ្លាំងណាស់”។

        ប្រព័ន្ធផ្សារទំនើបនិងអង្គភាពលក់រាយដែលមានកិត្យានុភាពនៅទីក្រុងហាណូយបានទាក់ទងដោយម្ចាស់ការជាមួយសហករណ៍ផលិតបន្លែ ផ្លែឈើនិងសាច់ នៅក្នុងទីក្រុងដើម្បីបញ្ជាទិញ ហើយបញ្ជូនបុគ្គលិកទៅជួយការវេចខ្ចប់និងប្រមូលទិញ។ ជាពិសេសគឺ សហគ្រាសជាច្រើនថែមទាំងជួយឧបត្ថម្ភដល់ការចំណាយសម្រាប់សត្វឃាដ ដឹកជញ្ជូនសាច់មាន់ ជ្រូកនិងគោ នៅតាមស្រុកជាយទីក្រុងផងដែរ។ មជ្ឈមណ្ឌលទ្រទ្រង់ការអភិវឌ្ឍនារីហាណូយបានតភ្ជាប់ប្រជាកសិករជាមួយអ្នកប្រើប្រាស់ ធានាការប្រមូលទិញបន្លែនិងផ្លែឈើ។ មជ្ឈមណ្ឌលនេះបានអនុវត្តកម្មវិធីបើកទីកន្លែងលក់កសិផលតាមរយៈបណ្ដាញសមាគមន៍នារីថ្នាក់មូលដ្ឋាន។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលក៏ទទួលការបញ្ជាទិញតាមរយៈបណ្ដាញសង្គមហើយបញ្ជូនផលិតផលទៅកាន់ផ្ទះនីមួយៗផងដែរ។ លោកស្រី Trinh Lan Nhi នៅខ័ណ្ឌ Ha Dong បានឲ្យដឹងថា៖

        “ខ្ញុំស្គាល់ដល់ខ្សែសង្វាក់លក់កសិផលតាមរយៈគេហទំព័ររបស់មជ្ឈមណ្ឌល ហើយគ្រួសារខ្ញុំតែងតែបញ្ជាទិញបន្លែ ផ្លែឈើពី៣ដល់៤លើកក្នុងមួយសប្ដាហ៍។ ផលិតផលសុទ្ធតែស្រស់ ឆ្ងាញ់ មានតម្លៃសមរម្យ ហើយត្រូវបានបញ្ជូនទៅដល់ផ្ទះខ្ញុំ”។

        រហូតមកដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលទ្រទ្រង់ការអភិវឌ្ឍនារីហាណូយបានលក់កសិផលជាង៥០០តោន ដោយមានបន្លែ ផ្លែឈើជាច្រើនប្រភេទរបស់បណ្ដាសហករណ៍នៅក្នុងតំបន់ដូចជា ស្វាយ ដំឡូងជ្វា ដំឡូងបារាំង និងស្ពៅក្រហម ជាដើម។ ទន្ទឹមនេះ មជ្ឈមណ្ឌលក៏បានប្រគល់អំណោយរាប់រយកញ្ចប់រួមមានស្បៀងអាហារ ចំណីនិងកសិផលជូនចំពោះអ្នកដែលជួបប្រទះនឹងការលំបាកដោយសារជំងឺឆ្លង Covid-19 ផងដែរ។

        ប្រសិនបើមានការគាំទ្ររបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់និងសហគមន៍សហគ្រាស រួមជាមួយការរួមដៃរបស់ប្រជាកសិករ ផ្នែកកសិកម្មហាណូយនឹងជំនះពុះពារលើការលំបាកសាកល្បងនាបច្ចុប្បន្ន ដើម្បីរក្សានិងអភិវឌ្ឍផលិតកម្ម អាជីវកម្ម ធានាប្រភពផ្គត់ផ្គង់កសិផល ចំណីអាហារប្រកបដោយសុវត្ថិភាពសម្រាប់ទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ