ឃុំ Cu Sue រីកលូតលាស់ពីកម្មវិធីជនបទថ្មី

(VOVWORLD) - ដោយអនុវត្តន៍កម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីនោះ ភូមិស្រុក និងឃុំជាច្រើននៅតំបន់ Tay Nguyen បានរីកលូតលាស់គួរឲ្យកត់សម្គាល់។ នៅឃុំ Cu Sue ស្រុក Cu Mgar មានបណ្ដាញអគ្គិសនី ផ្លូវថ្នល់ និងសាលារៀនបានមកដល់ភូមិស្រុកហើយ។ បងប្អូនពលរដ្ឋនៅទីនេះបានស្រះចិត្តគំនិតគ្នាជំរុញខ្លាំងផលិតកម្ម ក៏ដូចជាឈានឡើងធ្វើជាអ្នកមានយ៉ាងសកម្មផងដែរ។

 

 

ឃុំ Cu Sue រីកលូតលាស់ពីកម្មវិធីជនបទថ្មី - ảnh 1ផ្លូវទៅឃុំ Cu Sue ស្រុក Cu Mgar ខេត្ត Dak Lak  (រូបថត៖ Nguyen Hieu)

Cu Sue ជាឃុំកសិកម្មសុទ្ធសាធ ហើយមានប្រជាជនចំនួន ៨០% ដែលរស់នៅ អាស្រ័យផលលើការបង្កបង្កើនផលកសិកម្ម។ ដើម្បីកៀរគរប្រភពកម្លាំងកសាងជនបទថ្មីប្រកបដោយប្រសិទ្ធភាពនោះ អាជ្ញាធរឃុំ Cu Sue បានតម្រង់ទិសដៅដល់ប្រជាជនឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ជាពិសេសគឺជំរុញខ្លាំងការផ្តេរប្ដូរដំណាំដាំដុះ សត្វចិញ្ចឹម ព្រមទាំងប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពចូលក្នុងផលិតកម្ម សំដៅជួយលើកស្ទួយប្រាក់ចំណូល និងរក្សាជីវភាពរស់នៅប្រកបដោយស្ថិរភាពជូនប្រជាជន។ អាស្រ័យហេតុនេះ រាល់គោលការណ៍កៀរគរកម្លាំងពីប្រជាពលរដ្ឋ ដើម្បីកសាងជនបទថ្មីបានប្រព្រឹត្តិទៅយ៉ាងរលូន។ ក្នុងដំណាក់កាលដំបូងនៃការអនុវត្តកម្មវិធីជនបទថ្មីនោះ ឃុំ Cu Sue បានកៀរគរទឹកប្រាក់ប្រមាណ ៤៣,៣ ពាន់លានដុង ក្នុងនោះប្រជាពលរដ្ឋបានបរិច្ចាគថវិកាជាង ១២,៥ ពាន់លានដុង និង ថ្ងៃធ្វើពលកម្មប្រមាណ ១ ៥០០ ថ្ងៃ។ លើលពីនេះទៅទៀត ប្រជាពលរដ្ឋក៏បានស្ម័គ្រចិត្តបរិច្ចាគដីធ្លី ដោយរួមជាមួយអាជ្ញាធរបង្ហើយការងារហេដ្ឋារចនាសម្ព័ន្ធជនបទ។

ដោយមានបរិស្ថានស្អាត ផ្ទះសម្បែងស្អាតបាត ប្រជាជនមានអារម្មណ៍សប្បាយចិត្តយ៉ាងក្រៃលែង គឺជាទិដ្ឋភាពនៅភូមិ Sut Hluot ឃុំ Cu Sue ស្រុក Cu Mgar។ លោកស្រី H Dan Niê មេឃុំ Buon Sut Hluot មានអារម្មណ៍មោទនភាពណាស់ ព្រោះថាតាមរយៈកម្មវិធីជនបទថ្មីនោះ ភូមិ Sut Hluot បានផ្លាស់ប្តូរទាំងស្រុង។ លោកស្រីបានសំណេះសំណាលថា៖ “ចាប់តាំងពីពេលអនុវត្តន៍កម្មវិធីជនបទថ្មីនោះ យើងខ្ញុំទទួលបានការផ្លាស់ប្ដូរមុខមាត់ថ្មីយ៉ាងច្បាស់ក្រឡែក ជាពិសេសគឺការយល់ដឹងរបស់ប្រជាជន។ បច្ចុប្បន្ននេះប្រជាជនបានលុបបំបាត់ទំនៀមទំលាប់ចាស់គំរឹល។ ទន្ទឹមនឹងនេះ ផ្លូវថ្នល់មានភាពល្អប្រសើរឡើង ផ្ទះសម្បែងស្អាតបាតជាង ហើយអត្រាក្រុមគ្រួសារក្រីក្រត្រូវបានកាត់បន្ថយ។ លើលពីនេះទៅទៀត កុមារបានទៅសាលារៀនផងដែរ”។

ដូចទៅនឹងភូមិ Sut Hluot ដែរ ភូមិស្រុកទាំង ១០ នៅឃុំ Cu Sue ក៏មានការផ្លាស់ប្តូរជាវិជ្ជមានពីកម្មវិធីកសាងជនបទថ្មីដែរ។ ឃុំមានផ្លូវគមនាគមន៍យ៉ាងរឹងមាំ និងបណ្ដាញអគ្គិសនីយ៉ាងពេញលេញ បានជួយសម្រួលអ្នកឃុំជំរុញការបង្កបង្កើនផលកសិកម្ម; វិស័យវប្បធម៌ សុខាភិបាល និងការអប់រំត្រូវបានយកចិត្តទុកដាក់វិនិយោគ; អត្រាចំនួនប្រជាជនដែលបានប្រើប្រាស់ទឹកស្អាតស្រូបយកជាង ៨៨% ហើយអត្រាគ្រួសារដែលបានប្រើប្រាស់អគ្គិសនីបានស្រូបយក ១០០%។ លោក Y Hoa Nie អ្នកមានកិត្យានុភាពម្នាក់នៅភូមិ  Sut Mdung ឃុំ Cu Sue បានឲ្យដឹងថា៖ “ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់បើប្រៀបធៀបកាលពីមុននេះ ព្រោះថាផ្លូវគមនាគមន៍ក្នុងភូមិត្រូវបានចាក់បេតុងយ៉ាងស្រស់ស្អាត។ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ប្រជាជនបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុងការដាំដំណាំកាហ្វេ។ ដូច្នេះហើយ ទោះបីចាផ្ទៃដីដាំដុះតូចចង្អៀតក៏ដោយ ប៉ុន្តែទន្នផលមានប្រសិទ្ធភាពខ្ពស់”។

ឃុំ Cu Sue រីកលូតលាស់ពីកម្មវិធីជនបទថ្មី - ảnh 2ស្ត្រីឃុំ Cu Su ថែរក្សាផ្លូវផ្កា បង្កើតបរិយាកាសស្អាត  (រូបថត៖Do Lan)

លោក Dang Van Hoan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Cu Sue ស្រុក Cu Mgar បានឲ្យដឹងថា ឃុំមានគ្រួសារជាង ២ ពាន់គ្រួ ដោយមានប្រជាជនជិត ១១ ៣០០ នាក់ ដែលបានរស់នៅតាមភូមិស្រុកចំនួន ១១ ក្នុងនោះ ជនជាតិភាគតិចបានស្រូបយក ៦០%។ នៅឆ្នាំ ២០២១ ប្រាក់ចំណូលរបស់មនុស្សម្នាក់ៗក្នុងឃុំសម្រេចបាន ៥២ លានដុង។ បច្ចុប្បន្ន ឃុំ Cu Sue នៅតែបន្តបន្តខិតខំប្រឹងប្រែងលើកកម្ពស់ស្តង់ដារ និងឆ្ពោះទៅរកការកសាងជនបទថ្មីកម្រិតខ្ពស់។ លោក Dang Van Hoan បានឲ្យដឹងថា៖ “អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋផ្តេរប្តូររចនាសម្ព័ន្ធដំណាំ កសាងគំរូសេដ្ឋកិច្ចសមូហភាពដូចជា សហករណ៍កសិកម្មសេវាកម្ម ដើម្បីប្រមូលទិញ និងកែច្នៃវត្ថុធាតុដើមនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ បន្តកសាងសហករណ៍កាហ្វេប្រកបដោយនិរន្តរភាពមួយទៀតនៅមូលដ្ឋាន ដើម្បីទាក់ទាញបងប្អូនជនជាតិភាគតិចចូលរួមសហករណ៍ សំដៅលើកកម្ពស់ខ្សែសង្វាក់តម្លៃក៏ដូចជាកែលម្អគុណភាពទំនិញផងដែរ។  ទន្ទឹមនឹងនោះ យើងខ្ញុំបាន កសាងទេសចរណ៍សហគមន៍ ដើម្បីកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ”។

ជាមួយនឹងលទ្ធផលដែលសម្រេចបានទាំងនេះ រួមជាមួយនឹងការខិតខំប្រឹងប្រែងថែទាំរបស់អាជ្ញាធរមូលដ្ឋាន និងមនសិកាឈានឡើងនោះ បងប្អូនជនជាតិ Ede នៅឃុំ Cu Sue ស្រុក Cu Mgar ខេត្ត Dak Lak មានជំនឿជាក់ថាជីរភាពរស់នៅរបស់ខ្លួននឹងត្រូវបានលើកកម្ពស់ ដោយរួមចំណែកជាមួយបណ្ដាជនជាតិក្នុងខេត្តកសាងស្រុកកំណើតឲ្យកាន់តែរីកចម្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ