ចំណុចភ្លឺក្នុងការកសាងជនបទថ្មីនៅស្រុក Chuong My ទីក្រុងហាណូយ

(VOVWORLD) - An Hien គឺជាភូមិមួយក្នុងចំណោមភូមិទាំង ៧ នៅឃុំ Hoang Dieu ស្រុក Chuong My ទីក្រុងហាណូយ។ ភូមិ An Hien មិនត្រឹមតែជានិច្ចកាលឈានមុខគេក្នុងការកសាងជនបទថ្មីនៅឃុំ Hoang Dieu ប៉ុណ្ណោះទេ ថែមទាំងកំពុងឆ្ពោះទៅរកការសម្រេចជនបទថ្មីកម្រិតខ្ពស់ទៀតផង។
ចំណុចភ្លឺក្នុងការកសាងជនបទថ្មីនៅស្រុក Chuong My ទីក្រុងហាណូយ - ảnh 1ផ្ទះវប្បធម៌ និងបណ្ណាល័យភូមិ An Hien

ឃុំ Hoang Dieu ត្រូវបានទីក្រុងហាណូយទទួលស្គល់ជាឃុំជនបទថ្មីនាឆ្នាំ ២០១៥។ An Hien គឺជាភូមិមួយក្នុងចំណោមភូមិនានា ដែលត្រូវបាន គណៈកម្មាធិការប្រជាជនឃុំ Hoang Dieu វាយតម្លៃខ្ពស់បំផុតអំពីការកសាងជនបទថ្មី។ ការងាររៀបចំផែនការមេស្ដីពីដីស្រែចំការត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ជួយលើកកំពស់ផលិតភាពនៃដំណាំដាំដុះ សត្វចិញ្ចឹម និងកាត់បន្ថយកម្លាំងពលកម្មរបស់កសិករ។ បច្ចុប្បន្ននេះ ភូមិ An Hien មានផ្ទៃដីកសិកម្មជាង ៧២០ ពាន់ម៉ែត្រការ៉េ ហើយមានកសិដ្ឋានចំនួន ១៣។ តំបន់បង្កបង្កើនផលកសិកម្មនានាត្រូវបានរៀបចំផែនការមេតាមបែបវិទ្យាសាស្ត្រ បង្កើតខ្សែសង្វាក់តភ្ជាប់ បង្កើនតម្លៃផលិតកម្ម។ លោក Nguyen Van Hung មេភូមិ An Hien បានឲ្យដឹងថា៖ “ភូមិ An Hien ត្រូវបានរៀបចំផែនការមេ ដោយធានាអំពីតំបន់ដាំដើមឈើហូបផ្លែ និងតំបន់បង្កបង្កើនផលស្រូវ។ កសិដ្ឋានដាំមៀន និងក្រូចថ្លុងមួយចំនួនទទួលបានទិន្នផលខ្ពស់។ កសិដ្ឋាននីមួយៗរកបានប្រាក់ចំណូលពី ៥០០ ទៅ ៦០០ លានដុងក្នុងមួយឆ្នាំ ក្នុងនោះប្រាក់ចំណេញស្រូបយក ៥០%។ ចំណែកកសិដ្ឋានចិញ្ចឹមមាន់វិញ គឺទទួលបានប្រាក់ចំណេញប្រមាណ ៣០០ លានក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ  ភូមិបានចុះកិច្ចសន្យាជាមួយម្ចាស់ម៉ាស៊ីនភ្ជួររស់ដី និងកិច្ចសន្យាជាមួយម្ចាស់ម៉ាស៊ីនច្រូតកាត់ប្រមូលផលស្រូវជូនប្រជាកសិករ។ ដូច្នេះហើយ ប្រជាកសិករមានអារម្មណ៍នឹងនរចិត្តណាស់។ ក្រៅពីនេះ ការិយាល័យសេដ្ឋកិច្ចភូមិក៏បានធ្វើការសិក្សាស្រាវលើពូជស្រូវថ្មី ដែលមានទិន្នផលខ្ពស់ជូនប្រជាកសិករផងដែរ”។

ដើម្បីជួយឧបត្ថម្ភទុនជូនប្រជាកសិករធ្វើសេដ្ឋកិច្ចកសិកម្មនោះ ភូមិ An Hien បានបង្កើតក្រុមការងារចំនួន ២ ដើម្បីជួយប្រជាកសិករខ្ចីប្រាក់ពីធនាគារ ដើម្បីបង្កបង្កើនផល និងធ្វើអាជីវកម្ម ហើយក្រុមការងារនីមួយៗ បានរ៉ាប់រងថវិកាចំនួន ២ ពាន់លានដុង។ ដូច្នេះហើយ គំរូបង្កបង្កើនផល និងធ្វើអាជីវកម្មពូកែជាច្រើនត្រូវបានបង្កើតឡើងនៅក្នុងភូមិ។ លោក Dang Xuan Chien មេភូមិរង និងជាអាជីវករទទួលបានជោគជ័យនៅភូមិ An Hien បានឲ្យដឹងថា៖ “កាលពីមុន ប្រជាកសិករបានបង្កបង្កើនផលកសិកម្មតាមលក្ខណៈគ្រួសារ ដូច្នេះ ម៉ាស៊ីនប្រតិបត្តិការមិនសូវទទួលបានប្រសិទ្ធភាពឡើយ។ ប៉ុន្តែ ក្រោយពីពេលរៀបចំផែនការមេវាលស្រែចំការមក ម៉ាស៊ីនឧស្សាហកម្មត្រូវបានដាក់ឱ្យដំណើរការយ៉ាងរលូន ផ្លូវក្នុងវាលស្រែត្រូវបានពង្រីក ហើយម៉ាស៊ីន មធ្យោបាយរថយន្តអាចទៅដល់ភ្លឺស្រែ ដើម្បីដឹកកសិផលជូនប្រជាពលរដ្ឋ ជួយលើកកម្ពស់ផលិតភាពខ្ពស់ និងកាត់បន្ថយកម្លាំងពលកម្ម។ នាឆ្នាំ ២០១៣ ភូមិ មានផ្ទៃដីបង្កបង្កើនផលស្រូវដែលផ្តល់ទិន្នផលទាប។ នៅពេលរៀបចំផែនការមេ តំបន់នេះត្រូវបានផ្លាស់ប្ដូរទៅតាមគំរូធ្វើចំការ - ស្រះ  - ទ្រុង។ ដូច្នេះ ខ្ញុំទទួលផ្ទៃដី ៧ ២០០ ម៉េត្រការ៉េ ដើម្បីជីកស្រះចិញ្ចឹមត្រី ធ្វើចំការ និងសាងសង់ប្រព័ន្ធកសិដ្ឋានចិញ្ចឹមសត្វ។ ជារៀងរាល់ឆ្នាំ ខ្ញុំទទួលបានប្រាក់ចំណេញ ១៥០ លានដុងផងដែរ”។

ចំណុចភ្លឺក្នុងការកសាងជនបទថ្មីនៅស្រុក Chuong My ទីក្រុងហាណូយ - ảnh 2ផ្ទាំងគំនូរនៅលើជញ្ជាំងនៅភូមិ An Hien

មុខមាត់ជនបទ An Hien កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ សាលាភូមិ វត្តអារាម និងផ្ទះវប្បធម៌ក្នុងភូមិត្រូវបានសាងសង់ថ្មី ឬជួសជុលកែលម្អ ឡើងវិញយ៉ាងរឹងមាំ។ ផ្លូវថ្នល់ក្នុងភូមិត្រូវបានចាក់បេតុង ១០០% ប្រព័ន្ធលូក្នុងលំនៅដ្ឋានរបស់ប្រជាជនមានគម្រប់ ដោយធានាបរិស្ថានស្រស់ស្អាត។ លោក Tran Quang Huy លេខាសាខាបក្សភូមិ An Hien និងជាប្រធានគណៈកម្មការរណសិរ្សភូមិ An Hien បានឲ្យដឹងថា៖ “យើងខ្ញុំបានយកសង្គមភាវូបនីយកម្មជាមូលដ្ឋានគ្រឹះ ដើម្បីកសាងជនបទថ្មី។ ប្រជាពលរដ្ឋគ្រប់រូបគឺជាកត្តាមួយក្នុងការកសាងជនបទថ្មី។ តួរយ៉ាងលេចធ្លោបំផុតគឺជា សំណង់ឈាបនដ្ឋាន ដោយប្រមូលបានផ្នូរជាង ៣០០ ហើយប្រជាជនបានបរិច្ចាគទឹកប្រាក់ជាង ១ ពាន់លានដុង។ កីឡដ្ឋានដែលមានទំហំជាង ៣ ពាន់ហិកតា ត្រូវបានប្រជាពលរដ្ឋបរិច្ចាគដីធ្លីដោយស្ម័គ្រចិត្ត ។ ផ្លូវឆ្លងកាត់ភូមិ ដែលមានប្រវែងជាង ៣០០ ម៉ែត្រ ត្រូវបានតុបតែងជាមួយផ្កាក្រដាសយ៉ាងស្រស់ស្អាត។ ផ្លូវផ្កាដ៏ស្រស់ស្អាតនេះ ត្រូវបានមូលដ្ឋានជាច្រើននៅស្រុក Chuong My មកសិក្សាបទពិសោធន៍ និងរបៀបធ្វើផងដែរ”។

អ្នកភូមិ An Hien បានរួមកម្លាំងកាយចិត្តគ្នា ស្រុះចិត្តគំនិតគ្នាកសាងស្រុកកំណើតសម្បូរធូធារ និងស្រស់បំព្រង។ មុខមាត់ជនបទថ្មីនៅទីនេះកំពុងផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ។ ភូមិ An Hien បានដាក់ចេញគោលដៅដល់ចុងឆ្នាំ ២០២៣ ឬ ក្នុងឆ្នាំ ២០២៤ សម្រេចបានគោលដៅជនបទថ្មីកម្រិតខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ