ជនជាតិ យ៉ាវ (Dao) នៅភូមិ Tun Tren ខេត្ត Lao Cai រួចផុតពីភាពក្រីក្រអាស្រ័យដោយគម្រោងការណ៍កសិកម្ម

(VOVWORLD) - ភូមិ Tun Tren ស្ថិតនៅចម្ងាយ៩គីឡូម៉ែត្រពីមជ្ឈមណ្ឌលឃុំ Duong Quy ស្រុក Van Ban ខេត្ត Lao Cai ភាគខាងជើងវៀត ណាម ដោយមានគ្រួសារជន ជាតិ Dao ចំនួន៥៧គ្រួសារកំពុងរស់នៅ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការយកចិត្ត ទុកដាក់វិនិយោគរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់តាមរយៈគម្រោងការណ៍អភិវឌ្ឍរបរចិញ្ចឹមសត្វ រួមជាមួយកិច្ចខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាកលំបិនរបស់ គ្រួសារនីមួយៗ បានជាជីវភាពរស់នៅរបស់ជនរួមជាតិ Dao នៅទីនេះកំពុងផ្លាស់ប្ដូរថ្មីពី មួយថ្ងៃទៅមួយថ្ងៃ។

ជនជាតិ Dao ភូមិ Tun Tren ត្រូវបានគេស្គាល់ដល់ថា ជាមនុស្សឧស្សាហ៍ ព្យាយាមធ្វើពលកម្មហើយចេះសាមគ្គីជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ ប៉ុន្តែ ជីវ ភាពរស់នៅរបស់គ្រួសារជាច្រើននៅទីនេះ ទើបតែមានការផ្លាស់ប្ដូរថ្មីយ៉ាងពិត ប្រាកដ នៅពេលដែលគេទទួលបានការយកចិត្តទុកដាក់ ជួយសម្រួលដល់ការ អភិវឌ្ឍសេដ្ឋកិច្ចតាមរយៈគម្រោងការណ៍នានា។ កាលពីឆ្នាំ២០១៥ សមាគមន៍ កសិករខេត្ត Lao Cai បានអនុវត្តគម្រោងការណ៍ចិញ្ចឹមសេះដឹកទំនិញ។ លោក Trieu Van Ngan អ្នកភូមិ Tun Tren ម្នាក់ បានខ្ចីទុនអាទិភាពពីគម្រោងការណ៍ នេះ ហើយគួបផ្សំនឹងដើមទុនរបស់គ្រួសារដើម្បីទិញសេះ៣ក្បាល។ ក្រោយ រយៈពេល៣ឆ្នាំចិញ្ចឹម ហ្វូងសេះរបស់លោកបានបន្តពូជកាន់តែច្រើនឡើងៗ ហើយដល់ចុងឆ្នាំ២០១៨ លោក Ngan ទទួលបានចំណូលចំនួន៦៥លានដុងពី ការលក់កូនសេះឈ្មោល។ សងប្រាក់កម្ចីរួច គ្រួសារលោក Trieu Van Ngan នៅ តែសល់បានសេះ៣ក្បាលនិងក្របី៥ក្បាលទៀត។ សត្វទាំងនេះត្រូវបាន ចិញ្ចឹមតាមបែបសរីរាង្គ ដោយស៊ីស្មៅធម្មជាតិ ហេតុដូច្នេះគ្រួសារលោកមិនត្រូវ ចំណាយប្រាក់វិនិយោគជាច្រើនទេ។ នេះត្រូវបានចាត់ទុកថា ជាប្រភពចំណូល ដោយចីរភាពដែលជួយឲ្យគ្រួសារលោក Ngan មិនត្រឹមតែអាចរួចផុតពីភាពក្រីក្រ ប៉ុណ្ណោះទេ ថែមទាំងក្លាយទៅជាអ្នកមាននៅក្នុងភូមិ Tun Tren ទៀតផង។ លោក Trieu Van Ngan បានឲ្យដឹងថា៖

        “ពេលដំបូងខ្ញុំចិញ្ចឹមសេះ២ក្បាល ហើយខ្ចីទុនពីគម្រោងការណ៍ទិញ៣ ក្បាលបន្ថែមទៀត។ ជារៀងរាល់ឆ្នាំ ខ្ញុំលក់បានពីរបីក្បាល សត្វធំលក់បាន១៧លានដុង សត្វតូច១៥លានដុង។ ចំពោះការចិញ្ចឹមគឺខ្ញុំចិញ្ចឹមតាមបែបព្រលែងចូលទៅក្នុងវាលស្មៅ”។

        ដើម្បីលើកស្ទួយប្រាក់ចំណូលសម្រាប់ជនរួមជាតិក្នុងឃុំ សមាគមន៍កសិករ ឃុំ Duong Quy បានអនុវត្តគំរូចិញ្ចឹមសេះប្រកបដោយជោគជ័យក្នុងរយៈពេល៣ ឆ្នាំកន្លងទៅ។ ដើមទុនក្នុងដំណាក់កាលដំបូងមានចំនួន៣០០លានដុង ដោយ មានការចូលលួមរបស់គ្រួសារចំនួន១០។ ក្រោយពីបញ្ចប់ដំណាក់កាលទី១ គ្រួសារ ទាំងអស់បានសងប្រាក់កម្ចីយ៉ាងគ្រប់គ្រាន់។ ដោយយល់ឃើញប្រសិទ្ធភាព ដើមទុនក្នុងដំណាក់កាលទី២បានកើនឡើងដល់៨០០លានដុង ហើយទាក់ទាញ គ្រួសារចំនួន២០នៅភូមិ Tun Tren ចូលរួម។ នាបច្ចុប្បន្ន ពួកគេបានសងប្រាក់ កម្ចីនៃដំណាក់កាលទាំង២រួចរាល់ ហើយភូមិទាំងមូលកំពុងមានហ្វូងសេះឡើង ដល់ទៅ១២០ក្បាល។ លោក Hoang Van Minh ប្រធានសមាគមន៍កសិករឃុំ Duong Quy បានឲ្យដឹងថា៖

        “ការចិញ្ចឹមសេះជាគម្រោងការណ៍ជោគជ័យបំផុត។ នាពេលខាងមុខនេះ ឃុំ Duong Quy នឹងកសាងគម្រោងការណ៍ចិញ្ចឹមត្រីក្នុងដើមទុនប្រមាណ៥០០លាន ដុងសម្រាប់គ្រួសារចំនួន១០នៅភូមិ Na Hin ខ្ចី។”

        ភូមិ Tun Tren មានគ្រួសារចំនួន៥៧ ក្នុងនោះគ្រួសារជាង៣០កំពុងអនុវត្ត គំរូចិញ្ចឹមសេះប្រកបដោយប្រសិទ្ធភាព។ ក្រៅពីនោះ គ្រួសារផ្សេងៗទៀតកំពុង អភិវឌ្ឍការចិញ្ចឹមពពែ ក្របី និងជ្រូកខ្មៅ។ មានគ្រួសារខ្លះៗបានបើកទូលាយផ្ទៃដី កសិកម្ម ដាំដើមឆាវគួយដើម្បីបង្កើតប្រភពចំណូលដោយស្ថិរភាពនិងធានាតម្រូវការ ស្បៀងអាហារនៅហ្នឹងកន្លែងផងដែរ។ ក្រោយរយៈពេល៤ឆ្នាំអនុវត្តកម្មវិធី គម្រោងការណ៍ជួយឧបត្ថម្ភដល់ប្រជាជនឲ្យរួចពីភាពក្រីក្រមក ស្រុក Van Ban បានកាត់បន្ថយភាពក្រីក្រជាស្ថាពរជាបណ្ដើរៗ។ លោកស្រី Tran Thi Viet ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក Van Ban បានឲ្យដឹងថា៖

        “ស្រុកខិតខំប្រឹងប្រែងរហូតដល់ឆ្នាំ២០២០ ប្រាក់ចំណូលជាមធ្យមសម្រេចបាន ៤៥លានដុងក្នុងមនុស្សម្នាក់។ ស្រុកក៏បានអំពាវនាវ ទាក់ទាញគម្រោងការណ៍ ផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំនិងសត្វចិញ្ចឹមដើម្បីលើកស្ទួយជីវភាពរស់នៅសម្រាប់ ប្រជាជនផងដែរ”។

        រាល់ការរីកចម្រើនក្នុងជីវភាពរស់នៅរបស់ជនជាតិ Dao នៅភូមិ Tun Tren ស្រុក Van Ban បានសរឲ្យឃើញនូវប្រសិទ្ធភាពនៃគម្រោងការណ៍ជួយឧបត្ថម្ភ ប្រជាជនក្នុងការអភិវឌ្ឍផលិតកម្ម។ នោះក៏ជាសាក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែង របស់ជនរួមជាតិភាគតិចក្នុងផលិតកម្ម សំដៅរួចផុតពីភាពក្រីក្រជាបណ្ដើរៗ និង ក្លាយទៅជាអ្នកមាននៅស្រុកកំណើតរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ