ជនជាតិ Ba Na កសាងជនបទថ្មីយ៉ាងសកម្មនៅខេត្ត Kon Tum
(VOVWORLD) - ក្រោយរយៈពេល ១០ ឆ្នាំ នៃការ កសាងជនបទថ្មីយ៉ាងខិតខំប្រឹងប្រែងនោះ មុខមាត់ឃុំ Dak Ro Wa ទីក្រុង Kon Tum ខេត្ត Kon Tum ដែលជាកន្លែងមានជនជាតិ Ba Na រស់នៅ មានការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់។ ផ្លូវគមនាគមន៍ភាគច្រើនត្រូវបានក្រាលដោយបេតុង។
ជនជាតិ Ba Na កសាងជនបទថ្មីយ៉ាងសកម្មនៅខេត្ត Kon Tum |
សំណង់សុខុមាលភាពជាច្រើនដូចជាគិលានដ្ឋាន សាលារៀន ផ្សារ សំណង់លំនៅដ្ឋាន ផ្ទះឈើផុតពីដីប្រពៃណី និងផ្ទះ Rong ត្រូវបានសាងសង់ថ្មី ឬជួសជុលឡើងវិញយ៉ាងរឹងមាំ។ ចំការកាហ្វេ ពោត ដំឡូងមី ដ៏ធំល្វឹងល្វើយកំពុងរីកដុះដាលយ៉ាងស្រស់បំព្រង។ Dak Ro Wa គឺជាឃុំមួយ ដែលមានជនជាតិដើមភាគតិច Ba Na រស់នៅយ៉ាងច្រើនកុះករ នៅទីក្រុង Kon Tum។ ឃុំទាំងមូលមានភូមិចំនួន ៥ ហើយមានក្រុមគ្រួសារប្រមាណ ៨៦០ គ្រួរ ជាមួយប្រជាជនជាង ២ ៦០០ នាក់។ កាលពីប៉ុន្មានឆ្នាំមុនៗ ជីវភាពរស់នៅរបស់ប្រជាជនភាគច្រើនគឺពឹងផ្អែកលើការដាំដំណាំកសិកម្មរយៈពេលខ្លី ដូចជាស្រូវ ពោត ដំឡូង ដំឡូងមី ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចទាប អត្រាគ្រួសារក្រីក្រខ្ពស់។ ទោះយ៉ាងណាក៏ដោយ មុខមាត់ជនបទ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជនក្នុងឃុំត្រូវបានកែលម្អយ៉ាងច្បាស់លាស់ ជាបណ្តើរ ៗ ចាប់តាំងពីពេលខេត្តបានចាប់ផ្ដើមអនុវត្តន៍កម្មវិធីកសាងជនបទថ្មី។ នៅភូមិ Kon Jo Dri ដែលមានទីតាំងស្ថិតនៅក្បែរស្ពានព្យួរ Kon Klor - ដែលជាស្ពានព្យួរវែងបំផុតនិងស្រស់ស្អាតបំផុតនៅតំបន់ Tay Nguyen ដោយឆ្លងកាត់ទន្លេ Dak Bla តាមទិសដៅពីកណ្តាលទីក្រុង Kon Tum នោះ ខ្សែផ្លូវបេតុងដ៏ស្រស់ស្អាតជាច្រើនត្រូវបានបង្កើតឡើង។ លោក A Min អ្នកភូមិមួយរូបបានឲ្យដឹងថា៖ ដោយអនុវត្តកម្មវិធីកសាងជនបទថ្មី នាបច្ចុប្បន្ននេះ ភូមិ Kon Jo Dri មានគ្រួសារធ្វើសេដ្ឋកិច្ចពូកែជាច្រើនគ្រួរ ដោយទទួលបានប្រាក់បំណេញពី ១៥០-១៨០ លានដុងពីការដាំដំណាំ និងចិញ្ចឹមសត្វ។ លោក A Min បានសំណេះសំណាលថា៖ “ ដើម្បីកសាងជនបទថ្មី គឺសេដ្ឋកិច្ចត្រូវអភិវឌ្ឍហើយផ្តល់ចំណូលខ្ពស់។ ឆ្លៀតយកប្រភពប្រាក់កម្ចីអនុគ្រោះនោះ ក្រុមគ្រួសារខ្ញុំបានវិនិយោគដាំដំណាំកាហ្វេ ចិញ្ចឹមគោ ជ្រូក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ពីប្រភពប្រាក់ចំណូលទាំងនេះ ក្រុមគ្រួសារយើងខ្ញុំបានវិនិយោគដើម្បីអភិវឌ្ឍន៍ថែមទៀត សំដៅរួចផុតពីភាពក្រីក្រ។ នៅពេលមានប្រាក់កាសហើយ យើងខ្ញុំអាចកសាងផ្ទះ ទិញឡាន និងចិញ្ចឹមកូន ៗ ទៅសិក្សារៀនសូត្រ។ លើលពីនេះទៅទៀត យើងអាចជួយឧបត្ថម្ភគ្រួសារដទៃទៀត ដើម្បីកសាងជនបទថ្មីផងដែរ”។ លោក Doan Van Hau ប្រធានឃុំ Dak Ro Wa បានអោយដឹងថាដោយ កំណត់នូវការលំបាកដែលមូលដ្ឋានជួបប្រទះនោះ អាជ្ញាធរឃុំ Dak Ro Wa បានម្ចាស់ការរៀបចំសេចក្ដីសម្រេចចិត្ត ផែនការ ហើយដាក់ចេញបទដ្ឋានជាក់ស្ដែងប្រចាំឆ្នាំ ដើម្បីអនុវត្តន៍ការកសាងជនបទថ្មី។ អាស្រ័យហេតុនេះ ធ្វើការផ្សព្វផ្សាយ ឃោសនាយ៉ាងទូលំទូលាយ ដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាអនុវត្តន៍។ ចាប់ពីឆ្នាំ ២០១១ រហូតមកដល់ពេលនេះ ប្រាក់ចំណាយសរុបសម្រាប់ការកសាងជនបទថ្មីរបស់ឃុំគឺមានប្រមាណ ១០០ ពាន់លានដុង ក្នុងនោះប្រជាជនបានចូលរួមវិភាគទានជិត ៥៩ ពាន់លានដុង ស្មើនឹង ៦០% នៃថវិកាសរុប។ ផ្លូវគមនាគមន៍ជនបទ ប្រវែង ៣៥ គីឡូម៉ែត្រ នៅឃុំ Dak Ro Wa ត្រូវបានក្រាលដោយបេតុង កសាងស្ថានីយ៍អគ្គិសនីចំនួន ៣ និងតភ្ជាប់បណ្ដាញ អគ្គិសនីជាតិ។ នៅមូលដ្ឋាន គឺមិនមានផ្ទះបណ្តោះអាសន្នឬទ្រុឌទ្រោមឡើយ ហើយមានគ្រួសារក្រីក្រត្រឹមតែ ៨៦/៨៦០ ប៉ុណ្ណោះ ប្រាក់ចំណូលរបស់មនុស្សម្នាក់ៗជាមធ្យមគឺជិត ៤០ លានដុង។ លោក Doan Van Hau បានឲ្យដឹងថា៖ “ឃុំសម្រេចបានបទដ្ឋានចំនួន ១២/១៩ ។ ក្នុងឆ្នាំ ២០២១ នេះ យើងខ្ញុំនឹងសម្រេចឲ្យបានបទដ្ឋានចំនួន ៣ អំពីផ្លូវគមនាគមន៍ រៀបចំផលិតកម្ម និងបរិស្ថាន។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានកសាងផែនការសម្រាប់បណ្ដាឆ្នាំខាងមុខ ដើម្បីរួមជាមួយប្រជាជន និងស្ថាប័ននានាអនុវត្តន៍បទដ្ឋានជាបន្ត។ រហូតមកដល់ដើមឆ្នាំ ២០២៣ យើងខ្ញុំគ្រោងនឹងសម្រេចបានគោលដៅជនបទថ្មីផងដែរ”។
ឃុំ Dak Ro Wa កំពុងផ្លាស់ប្ដូរមុខមាត់ ដើម្បីទទួលអំណរនិទាឃរដូវសុខសាន្តត្រាណ និងសម្បូរធូធា។ ផ្លូវគមនាគមន៍ក្នុងភូមិមានភាពស្រស់ស្អាត ភ្លើងអគ្គិសនីបានបំភ្លឺដល់គ្រប់ភូមិស្រុក។ ក្នុងឆ្នាំនេះ បងប្អូនជនជាតិ Ba Na បានទទួលអំណរឆ្នាំថ្មីកាន់តែសប្បាយរីករាយ នៅពេលដែលសមទ្ធិផលកសាងជនបទថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទទួលបានលទ្ធផលជាផ្លែផ្ការផងដែរ៕