ជនជាតិ Xo Dang នៅខេត្ត Kon Tum ក្លាយជាអ្នកមានតាមរយៈការដាំរុក្ខជាតិឱសថ
NGOC ANH/VOV5 -  
(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ យោងតាមគោលនយោបាយរបស់ខេត្ត Kon Tum ដោយទាញយកផលប្រ យោជន៍ពីសក្តានុពលនិងឧត្តមភាព នៃតំបន់ជនជាតិដើមភាគតិច ហេតុដូច្នេះ ជនរួមជាតិជាជនជាតិ Xo Dang នៅបណ្តាស្រុក Kon Plong និង Dak Glei បានផ្តោតការ យកចិត្តទុកដាក់លើការដាំដុះរុក្ខជាតិឱសថ ដែលមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកផ្លាស់ប្តូរជីវភាពប្រចាំថ្ងៃរបស់ប្រជាជនបន្តិចម្តងៗទៀតផង។ កាលពីឆ្នាំ ២០១៩ តាមរយៈការដាំដើមយិនសិន Ngoc Linh និងរុក្ខជាតិឱសថច្រើនប្រភេទនោះ ប្រជាជន Xo Dang ភាគច្រើនបានក្លាយជាសេដ្ឋីនិងជាមហាសេដ្ឋីផងដែរ។
ជនជាតិ Xo Dang នៅស្រុក Dak Glei ប្រមូលផលឱសថបុរាណ (រូបថតៈ VOV5) |
ថ្វីត្បិតតែនៅចុងឆ្នាំក៏ដោយ ប៉ុន្តែ ប្តីប្រពន្ធមួយគូឈ្មោះ Y Hiep នៅភូមិ Tu Rang ឃុំ Ngoc Linh ស្រុក Dak Glei ខេត្ត Kom Tum នៅតែមមាញឹកក្នុងការប្រមូលផល យិនស៊ិន។ អ្នកស្រី Y Hiep បាននិយាយដោយរីករាយថា យិនស៊ិនប្រមូលផលបានប៉ុណ្ណា គឺលក់ដាច់បានប៉ុណ្ណឹង។ ក្នុងឆ្នាំ ២០១៨ ក្រុមគ្រួសាររបស់អ្នកស្រីរកចំណូលបានប្រមាណ ២៥០ លានដុងពីការដាំដើមយិនស៊ិន។ យ៉ាងណាមិញ នៅឆ្នាំ ២០១៩ ផលិតភាពនិងតម្លៃកាន់តែខ្ពស់ ដូច្នេះប្រាក់ចំណូលបានពីការលក់យិនសិនក៏ខ្ពស់ជាងនេះដែរ។ លោកស្រី Y Hiep បានសំណេះសំណាលថា៖ “ការដាំរុក្ខជាតិឱសថយិន ស៊ិន មានប្រយោជន៍ច្រើនជាងការដាំដើមកាហ្វេ។ ពោលគឺបានតម្លៃខ្ពស់ ងាយស្រួលលក់និងងាយស្រួលដាំណាស់។ គ្រួសារខ្ញុំគ្រាន់តែដាំនិងប្រមូលផលប៉ុណ្ណោះ ហើយអ្នក ទិញមកទិញដល់កន្លែងតែម្តង។ ឆ្នាំនេះយិនស៊ិនក៏អំណោយផលដែរ ដោយមានមើមធំនិងស្រស់ស្អាតជាច្រើន ហេតុដូច្នេះ ក្នុងមួយថ្ងៃៗ ក៏លក់បានប្រមាណ ៥ លានដុង។ ឆ្នាំថ្មីនេះពិតជារីករាយណាស់”។
ប្រជាជន Xo Dang នៅបណ្តាឃុំ ដូចជា ឃុំ Muong Hoong ឃុំ Ngoc Linh (ស្រុក Dak Glei) និងឃុំ Te Xang, Mang Ri, Ngoc Lay (ស្រុក Tu Mo Rong) ក៏ដូចជា ឃុំ Mang But ទីរួមស្រុក Mang Den (ស្រុក Kon Plong) បានដាំដើមយិនសិននៅក្នុងព្រៃ និងដាំលាយឡំគ្នាក្នុងស្រែនៅក្នុងចំការដំឡូងមីនិងកាហ្វេផងដែរ ហើយសុទ្ធតែនាំមកនូវប្រសិទ្ធភាពខ្ពស់។ នៅស្រុក Kon Plong និង Tu Mo Rong ជនជាតិ Xo Dang ក៏ទទួលបានជោគជ័យក្នុងការដាំរុក្ខជាតិឱសថថ្មីៗខ្លះដែលមានតម្លៃខ្ពស់ ដូច ជារុក្ខជាតិឱសថឈ្មោះ Duong quy។ អ្នកស្រី Y Mua នៅភូមិ Dak Ne ឃុំ Mang Canh ស្រុក Kon Plong បានអោយដឹងថា ជារៀងរាល់ឆ្នាំ គ្រួសាររបស់អ្នកស្រីទទួលបានប្រាក់រាប់សិបលានដុង បានមកពីដើមរុក្ខជាតិឈ្មោះ duong quy នេះ។
“ដើមរុក្ខជាតិ duong quy ងាយដាំនិងថែរក្សាជាងដើមកាហ្វេឆ្ងាយណាស់។ ខ្ញុំបានដាំដើមរុក្ខជាតិនេះអស់រយៈពេល ២ ឆ្នាំ ហើយប្រមូលបានប្រាក់យ៉ាងច្រើនពីប្រភេទដើមរុក្ខជាតិនេះ។ ពាណិជ្ជករបាននាំគ្នាទិញដល់ចំការ។ មើមអាចលក់បានក្នុងតម្លៃ ១ គីឡូក្រាម ៤ ម៉ឺនដុងនិងស្លឹក ១ គីឡូក្រាម បាន ២ពាន់ដុង។ ដាំដើមរុក្ខជាតិឈ្មោះ duong quy នេះ រកបានប្រាក់ចំណូលខ្ពស់ ហេតុដូច្នេះជីវភាពគ្រួសារខ្ញុំកាន់តែប្រសើរជាងមុនដែរ”។ នេះបើយោងតាមប្រសាសន៍របស់អ្នកស្រី Y Mua។
ជនជាតិ Xo Dang ដាំដើមយិនសិន Ngoc Linh ក្នុងព្រៃ ដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ (រូបថតៈ VOV5) |
ទាក់ទងនឹងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការដាំដុះរុក្ខជាតិឱសថ គឺនាំមកនូវប្រាក់ចំណូលគួរឱ្យកត់សម្គាល់បើប្រៀបធៀបនឹងការដាំដំណាំដទៃទៀត។ ជាក់ស្តែងគឺ សម្រាប់ដើមយិនស៊ិន Ngoc Linh វិញ ប្រជាជននៅបណ្តាឃុំ Te Xang, Mang Ri, Ngoc Lay នៃស្រុក Tu Mo Rong បានដាំលើផ្ទៃដីប្រហែល ៣០ ហិកតា។ ដើមយិនស៊ិន Ngoc Linh ស្រស់ក្នុងមួយគីឡូក្រាម រួមមានទាំងស្លឹកនិងមើមមានតម្លៃរហូតដល់ ១០០ លានដុង។ យោងតាមលោក Le Duc Tin អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Kon Plong ថា ការអភិវឌ្ឍរុក្ខជាតិឱសថបានបើកចេញឱកាសសម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។
លោក Le Duc Tin បានអោយដឹងថា៖ “ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ទោះបីជាមានទ្រង់ទ្រាយតូច មិនសូវធំប៉ុន្មានទេ ប៉ុន្តែផលិតផលដើមដំបូង ក៏បានរួមចំណែកដោះស្រាយបញ្ហានៃការរួចផុតពីភាពក្រីក្រហើយមានគ្រួសារខ្លះទទួលប្រាក់ចំណូលល្អបង្គួរផងដែរ។ យើងខ្ញុំរំពឹងថា រយៈពេល ២ ឆ្នាំខាងមុខ និងដំណាក់កាលក្រោយឆ្នាំ ២០២០ នោះ យោងតាមគោលនយោបាយនិងការតម្រង់ទិសក្នុងការអភិវឌ្ឍកសិកម្ម ឱសថនេះ ប្រជាជននឹងរួចផុតពីភាពក្រីក្រយ៉ាងឆាប់ៗ ជាមួយនឹងអត្រាខ្ពស់ ប្រកបដោយនិរន្តរភាពជាក់ជាពុំខាន”។
នៅឆ្នាំ ២០១៩ ផ្នែកកសិកម្មខេត្ត Kon Tum បានផ្តល់ជូនប្រជាជននិងអង្គភាពអាជីវកម្មក្នុងខេត្ត នូវពូជរុក្ខជាតិយិនសិនជាង ៣០០ ពាន់ដើម; មើមនិងដើមរុក្ខជាតិឈ្មោះ duong quy ចំនួន ៤ ម៉ឺនដើម។ លោក Pham Thanh ប្រធានគណៈ កម្មាធិការគ្រប់គ្រងតំបន់កសិកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ Mang Den បានអោយដឹងថា៖ “ពួជរុក្ខជាតិឱសថដែលយើងផ្តល់គឺអាត្រាលូតលាស់ខ្ពស់ណាស់។ ទីពីរយើងផ្តល់ការជួយឧបត្ថម្ភផ្នែកបច្ចេកទេសដល់ប្រជាជន។ ម្យ៉ាងវិញទៀត ប្រាប់ប្រជាជនអោយដឹងពីពេលវេលាសមសម្របដើម្បីសាបព្រួសគ្រាប់ពួជ។ យើងមើលឃើញសក្តានុ ពលដ៏អស្ចារ្យសម្រាប់ការអភិវឌ្ឍរុក្ខជាតិឱសថនៅតំបន់នេះ។ យ៉ាងណាមិញ ទន្ទឹមនឹងការលើកទឹកចិត្តប្រជាកសិករមក ត្រូវតែមានការជួយឧបត្ថម្ភជីនិងដើមទុនដំបូង រួមទាំងការទិញនិងកែច្នៃឡើងវិញនោះ ពិតណាស់ថា សក្តានុពលនិងអភិវឌ្ឍគឺល្អណាស់”។
រហូតមកដល់ពេលនេះ ខេត្ត Kon Tum បានបង្កើតតំបន់ដាំដុះឱសថរុក្ខជាតិលើផ្ទៃ ដីចំនួន ៧៥០ ហិកតា ដែលប្រមូលទិន្នផលជាង ៣.៩០០ តោន ដោយមិនរាប់បញ្ចូលនូវដើមយិនសិន Ngoc Linh នៅឡើយ។ ខេត្ត Kom Tum បានប្រគល់ដី អោយ ជួល ដី ប្រគល់ព្រៃ អោយជួលព្រៃ ដល់សហគ្រាសចំនួន ១០ ដែលធ្វើការវិនិយោគ អភិវឌ្ឍ ន៍និងកែច្នៃឱសថរុក្ខជាតិដែលមានផ្ទៃដីសរុបប្រមាណ ៧.៦៦០ ហិក តា។ នៅបរិយា កាសអំណរឆ្នាំថ្មីនេះ ប្រជាជន Xo Dang បានដាំបន្ថែមដើមយិនសិន Ngoc Linh ក្នុងព្រៃចាស់ ពង្រីកវាលយិនស៊ិន និងរុក្ខជាតិឱសថផ្សេងទៀត ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាជន៕
NGOC ANH/VOV5