ជនរួមជាតិកាន់សាសនាកាតូលិកនៅ ខេត្ត Ha Tinh ឆ្ពោះទៅរកថ្ងៃបោះឆ្នោត
(VOVWORLD) - នាបច្ចុប្បន្ន មូលដ្ឋានជាច្រើន នៅខេត្ត Ha Tinh កំពុង ធ្វើការឃោសនាយ៉ាងសកម្មដល់ប្រជាជនឲ្យរៀបចំពេលវេលាសមស្រប និងសម្រួលដល់ការងារ ដើម្បីចូលរួមការងារត្រៀមរៀបចំបោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។
ខេត្ត ក្រុងនានាអបអរសាទរថ្ងៃបោះឆ្នោត (កាសែត៖ baohatinh.vn) |
តាមរយៈយុទ្ធនាការឃោសនាទាំងនេះ ជនរួមជាតិកាន់សាសនាកាតូលិកនៅខេត្ត Ha Tinh បានយល់ដឹងយ៉ាងត្រឹមត្រូវអំពីអត្ថន័យនៃការបោះឆ្នោតសមាជិក សមាជិការរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅថ្ងៃទី ២៣ ឧសភាខាងមុខ។ លោក Nguyen Si Hoan ដែលមានអាយុ ៦២ ឆ្នាំ មកពី ភូមិ Phu Le ឃុំ Huong Trach ស្រុក Huong Khe ជាពលរដ្ឋកាន់សាសានាកាតូលិកឆ្នើមម្នាក់។ អស់រយៈពេលជិត ២០ ឆ្នាំកន្លងទៅ ក្នុងនាមជាសមាជិកនៃគណកម្មការប្រតិបត្តិសាសនា និងជាអធិការកិច្ចប្រជាជនម្នាក់នោះ លោកបានធ្វើការឃោសនាបោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នៅមូលដ្ឋាន។ មិនត្រឹមតែបានឃោសនាអំពីការបោះឆ្នោតប៉ុណ្ណោះទេ លោកថែមទាំងស្វែងយល់អំពីបំណងប្រាថ្នារបស់បងប្អូនកាន់សាសនាកាតូលិកនៅមូលដ្ឋានទៀតផង។ លោកបានឲ្យដឹងថា៖ “ថ្ងៃបោះឆ្នោតគឺជាពិធីបុណ្យរបស់ប្រជាជនទាំងមូល។ ដូច្នេះហើយ នៅក្នុងការបោះឆ្នោតខាងមុខ ក្នុងនាមជាអធិការកិច្ចប្រជាជន និងជាអតីតសមាជិកគណកម្មការប្រតិបត្តិសាសនានោះ ខ្ញុំត្រូវធ្វើការឃោសនាដល់ប្រជាជនប្រកបដោយមានការទទួលខុសត្រូវ។ ពាក្យមួយម៉ាត់របស់ថ្នាក់ដឹកនាំសាសនាកាតូលិក គឺមានឥទ្ធិពលដល់ប្រជាជនណាស់។ បន្ទាប់មកយើងបោះឆ្នោតដើម្បីជ្រើសរើសកម្មាភិបាលដែលមានសមត្ថភាពផងដែរ”។
ឃុំ Huong Trach គឺជាមូលដ្ឋានមួយ ដែលមានចម្ងាយឆ្ងាយពីខេត្ត ហើយអត្រាបងប្អូនកាន់សាសនាមានចំនួនជាង ៥០% នៃចំនួនប្រជាជនក្នុងឃុំ។ ក្នុងចំណោមមណ្ឌលបោះឆ្នោតទាំង ៩ គឺមានមណ្ឌលបោះឆ្នោតចំនួន ៥ ដែលមានតំណាងជនរួមជាតិកាន់សាសនាកាតូលិកចូលរួមការងារត្រៀមរៀបចំបោះឆ្នោត ហើយមានបេក្ខជនចំនួន ២ នាក់ ដែលកាន់សាសនាកាតូលិក។ លោក Cao Viet Hoa លេខាគណៈកម្មាធិការបក្សឃុំ Huong Trach បានឲ្យដឹងថា៖ “យើងខ្ញុំទទួលស្គាល់ស្មារតី និងការទទួលខុសត្រូវរបស់បងប្អូនកាន់សាសនាកាតូលិក ដែលទាក់ទងនឹងការបោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ តាមរយៈការពិគ្រោះយោបល់ នោះ បូជាចារ្យបានធ្វើការឃោលនានិងចលនាដល់ប្រជាជនដើម្បីរៀបចំកិច្ចប្រជុំរវាងអ្នកភូមិ សំដៅបញ្ចេញមតិរបស់ពួកគេចំពោះបេក្ខជនឈរឈ្មោះបោះឆ្នោត។ ក្នុងអាណត្តិមុនៗ តំណាងប្រជាជនកាន់សាសនាកាតូលិកក៏បានឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនឃុំ។ ពួកគេបានពង្រីកស្មារតីទទួលខុសត្រូវ ហើយធ្វើជាស្ពានតភ្ជាប់រវាងម្ចាស់ឆ្នោតជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ផងដែរ”។
សកម្មភាពឃោសនាបោះឆ្នោត (កាសែត៖ baohatinh.vn) |
ចំពោះថ្នាក់ដឹកនាំឃុំសាសនា Quang Tho ស្រុក Vu Quang បានកំណត់ថាការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ត្រូវមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ សហគមន៍កាតូលិក។ រហូតមកដល់ពេលនេះ ការងារឃោសនាបោះឆ្នោត ជាពិសេសគឺនៅតាមភូមិ ដែលមានបងប្អូនកាន់សាសនាកាតូលិកបានរស់នៅយ៉ាងច្រើនកុះករ គឺត្រូវបានផ្ដោតការយកចិត្តទុកដាក់។ លោក Ha Van Yen លេខាគណៈកម្មាធិការបក្សឃុំ Quang Tho បានឲ្យដឹងថា៖ “គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានមានគោលបំណងថា ការបោះឆ្នោតខាងមុខនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។ ក្នុងនាមជាថ្នាក់ដឹកនាំមូលដ្ឋានម្នាក់ ខ្ញុំក៏មានគោលបំណងចង់ឃោសនាដល់បងប្អូនប្រជាជនឲ្យយល់ដឹងយ៉ាងច្បាស់លាស់អំពីការបោះឆ្នោតនាថ្ងៃទី ២៣ ខែឧសភាខាងមុខ ដើម្បីបំពេញសិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋផងដែរ”។
មិនត្រឹមតែត្រៀមខ្លួនជាស្រេចចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកសមាជិការរដ្ឋសភា និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់នាថ្ងៃទី ២៣ ឧសភាខាងមុខក្នុងនាមជាម្ចាស់ឆ្នោតប៉ុណ្ណោះទេ បងប្អូនកាន់សាសនាកាតូលិកនៅខេត្ត Ha Tinh បាន និងកំពុងជាបេក្ខជនដ៏សកម្ម ដែលបានចូលរួមក្នុងការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនេះទៀតផង៕