ទីក្រុងហាណូយកសាង និងអភិវឌ្ឍន៍វិស័យកសិកម្មឆ្លាតវៃ
(VOVWORLD) - ការអភិវឌ្ឍវិស័យកសិកម្មឆ្លាតវៃគឺជានិន្នាការដ៏ត្រឹមត្រូវនៅលើពិភពលោក។ នៅវៀតណាមវិញ កសិកម្មឆ្លាតវៃត្រូវបានកកើតឡើងក្នុងរយៈពេល ១០ ឆ្នាំ ថ្មីៗនេះ។ បើប្រៀបធៀបនឹងខេត្ត ក្រុងនានានៅទូទាំងប្រទេស ទីក្រុងហាណូយតែងតែឈានមុខគេក្នុងការកសាង និងអភិវឌ្ឍន៍កសិកម្មឆ្លាតវៃផងដែរ។
ការថែទាំកូនឈើនៅសហករណ៍កសិកម្ម Quyet Tien ស្រុក Soc Son ទីក្រុងហាណូយ (រូបថត៖ Do Tam) |
នាបច្ចុប្បន្ន នៅភូមិសាស្ត្រទីក្រុងហាណូយមានគំរូផលិតកម្មកសិកម្មចំនួន ១៦៤ កន្លែងដែលបានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ តម្លៃកសិផលដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៅទីក្រុងហាណូយបានស្រូបយក ៣៥% នៃតម្លៃផលិតកម្មកសិកម្មសរុបនៅទីក្រុងទាំងមូល ក្នុងនោះភាគច្រើនបានប្រើប្រាស់ បច្ចេកវិទ្យា និងឧបករណ៍ឆ្លាតវៃ។ ជាក់ស្ដែង ការដាំដុះបានប្រើប្រាស់ផ្ទះសំណាញ់ ដែលមានប្រព័ន្ធស្វ័យប្រវត្តិ ដើម្បីបញ្ជាសំណើម សីតុណ្ហភាព ពន្លឺ រកឃើញសត្វល្អិតចង្រៃ និងជំងឺរាតត្បាត។ ទន្ទឹមនឹងនេះប្រើប្រាស់ដ្រូន ដើម្បីបាចជី និងទប់ស្កាត់ជំងឺលើស្រូវជាដើម។ ក្នុងវិស័យ ជលផល ទីក្រុងបានអនុវត្តន៍គំរូប្រើប្រាស់ផលិតផលជីវសាស្រ្ត និងម៉ាស៊ីនបង្កើតអុកស៊ីសែនដោយស្វ័យប្រវត្តិ។ លោកបណ្ឌិត Ta Van Tuong អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីហាណូយ បានឲ្យដឹងថា៖ “កសិកម្មបានដើរតាមខ្សែសង្វាក់តម្លៃ កែច្នៃស៊ីជម្រៅ។ ទីក្រុងហាណូយមានគុណសម្បត្តិក្នុងការបណ្ដុះកូនឈើ។ នាបច្ចុប្បន្ននេះ ទីក្រុងហាណូយគឺជាមជ្ឈមណ្ឌលបណ្ដុះកូនឈើរបស់ប្រទេសទាំងមូល ដោយប្រើប្រាស់ធនធានដីធ្លីតិច ប៉ុន្តែបានបម្រើប្រទេសជាតិទាំងមូលអំពីប្រភពកូនឈើប្រកបដោយគុណភាពល្អ។ ទោះយ៉ាងណាក៏ដោយ ទីក្រុងហាណូយកំពុងត្រូវការរក្សាអត្តសញ្ញាណវប្បធម៌កសិកម្មរាប់ពាន់ឆ្នាំ ដោយបង្កើតតម្លៃពាណិជ្ជសញ្ញាធំ ហើយមិនបាត់បង់ពាណិជ្ជសញ្ញាដូចជា ផ្កាម៉ាក់ខៃ Nhat Tan និងផ្លែទម្លាប់ Xuan Dinh។ លើលពីនេះទៅទៀត យើងត្រូវថែរក្សាពាណិជ្ជសញ្ញា ផ្កាឈូកបឹង Tay ក្រូចដំបែ Tu Lien ផ្លែមៀន Dai Thanh ផ្លែមៀន Hoai Duc ផ្លែក្រូច Canh ផ្លែក្រូចថ្លុង Dien ផ្កា Tay Tuu និង មាន់ Mia ផងដែរ”។
ទីក្រុងហាណូយបានកំណត់ថា ការរៀបចំផែនការមេស្ដីពីកសិកម្មបានដើរតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍកសិកម្មឆ្លាតវៃ។ ក្នុងនាមជាទីក្រុង ដែលមានល្បឿនគរូបនីយកម្មខ្ពស់ ជាពិសេសគឺនៅតាមខ័ណ្ឌ និងស្រុកនៅតំបន់ជាយទីក្រុងនោះ ការរៀបចំផែនការលំហទីក្រុងកសិកម្មត្រូវបានថ្នាក់ដឹកនាំទីក្រុងផ្ដោតការយកចិត្តទុកដាក់ពិសេស។ លោកសាស្ត្រាចារ្យបណ្ឌិត Do Hau អនុប្រធាន និងជាអគ្គលេខាធិការសមាគមរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុងវៀតណាមបានឲ្យដឹងថា៖ “វិស័យកសិកម្មទីក្រុងហាណូយមិនត្រឹមតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុងហាណូយប៉ុណ្ណោះទេ ថែមទាំងក៏ជាគំរូក្នុងការអភិវឌ្ឍកសិកម្មនៅតំបន់ជាយទីក្រុងរបស់ប្រទេសទាំងមូលទៀតផង។ ដូច្នេះហើយ ការវិនិយោគ និងអភិវឌ្ឍន៍កសិកម្មនៅតំបន់ជាយទីក្រុងតាមទិសដៅកសិកម្មទីក្រុងអេកូឡូស៊ី ទីក្រុងបៃតង ក្នុងដំណើរការនគរូបនីយកម្មនារយៈពេលខាងមុខគឺមានសារៈសំខាន់ខ្លាំងណាស់ ហើយជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍកសិកម្មរបស់ទីក្រុងហាណូយ។ ទីក្រុងចាំបាច់ត្រូវរៀបចំរចនាសម្ព័ន្ធកសិកម្មទីក្រុងឡើងវិញតាមទិសដៅប្រកបដោយស្ថិរភាព ដើម្បីឆ្ពោះទៅរកការរៀបចំផែនការនគរូបនីយកម្មប្រកបដោយចីរភាពក្នុងបរិបទល្បឿននគរូបនីយកម្មយ៉ាងឆាប់រហ័សផងដែរ”។
សហករណ៍ Dan Hoai នៅទីក្រុង Phung ស្រុក Dan Phuong បានបណ្ដុះដោយជោគជ័យនូវផ្កាអ័រគីដេ Ho Diep ដែលមានឈ្មោះថា "Vietnamese Flora" (រូបថត៖ tuoitrethudo.com.vn) |
នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ គណៈកម្មាធិការបក្សទីក្រុងហាណូយបានចេញផ្សាយកម្មវិធីលេខ ០៤ ស្តីពីការជំរុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ដោយតភ្ជាប់ជាមួយការរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទថ្មី លើកកំពស់ជីវភាពរស់នៅខាងសំភារៈរបស់ប្រជាកសិករដំណាក់កាល ២០២១ - ២០២៥ ក្នុងនោះ កំណត់ដល់ឆ្នាំ ២០២៥ ទីក្រុងហាណូយមានអត្រាតម្លៃផលិតផលកសិកម្មបច្ចេកវិទ្យាខ្ពស់សម្រេចបាន ៧០ %។ គម្រោងអភិវឌ្ឍន៍កសិកម្មជាច្រើនត្រូវបានអនុម័ត និងអនុវត្តន៍ប្រកបដោយដោយជោគជ័យ។ ទន្ទឹមនឹងនេះ ទីក្រុងហាណូយបានចេញផ្សាយគោលនយោបាយលើកទឹកចិត្ត និងទាក់ទាញការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ លោកសាស្ត្រាចារ្យបណ្ឌិត Tran Duy Quy ប្រធានសមាគមវិទ្យាសាស្ត្រអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា៖ “រដ្ឋត្រូវតែផ្ដោតសំខាន់លើតួនាទីរបស់នាយកដ្ឋានព្យាករណ៍ឧតុនិយម ធារាសាស្ត្រ (អង្គភាពព្យាករណ៍អាកាសធាតុសម្រាប់ប្រទេសទាំងមូល) ដែលមានទីតាំងនៅទីក្រុងហាណូយ ដើម្បីចែករំលែកទិន្នន័យ big data ដល់ស្ថាប័នទាំងអស់ដោយឥតគិតថ្លៃ។ នេះគឺជាទ្រព្យសម្បត្តិជាតិ ដែលចាំចាច់ត្រូវចែករំលែក។ ចំការ កសិដ្ឋាន ឬអ្នកគ្រប់គ្រងសកិកម្ម និងអង្គភាពជំរុញកសិកម្មទីក្រុងហាណូយ នៅពេលដឹងអំពីលក្ខខ័ណ្ឌអាកាសធាតុតាមវដ្តដ៏ធំ ដើម្បីប្រើប្រាស់ ក្នុងការចិញ្ចឹមជលផល ធ្វើស្រែចំការ ដាំដំណាំបន្លែ និងចិញ្ចឹមសត្វ គឺពិតជាមានផលប្រយោជន៍ណាស់”។
នាបច្ចុប្បន្ន ទីក្រុងហាណូយកំពុងជំរុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា និងឧបករណ៍ឆ្លាតវៃ ក្នុងការផលិតកសិកម្មនៅតាមស្រុក និងខ័ណ្ឌស្ទើរតែទាំងអស់ ដោយភាគច្រើននៅតាមបណ្ដាស្រុក៖ Me Linh, Gia Lam, Thuong Tin, Thanh Oai, Dan Phuong, Dong Anh។ ទីក្រុងហាណូយបានឆ្ពោះទៅរកការអភិវឌ្ឍកសិកម្មឆ្លាតវ័យ ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជាបន្សាំនឹងបម្រែបម្រួលអាកាសធាតុផងដែរ៕