ទៅទស្សនាអគារតាំងបង្ហាញឧបករណ៍កសិកម្ម Thanh Toan

(VOVWORLD) - អគារតាំងបង្ហាញឧបករណ៍កសិកម្មស្ថិតនៅភូមិ Thanh Thuy Chanh ឬបានហៅថាភូមិ Thanh Toan នៅឃុំ Thuy Thanh ទីរួមខេត្ត Huong Thuy ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម។ តាមរយៈការដាក់បង្ហាញនូវឧបករណ៍កសិកម្មនិងនេសាទប្រពៃណីជាច្រើនប្រភេទនោះ នៅទីនេះបានបង្ហាញឡើងវិញនូវជីវភាពរស់នៅប្រចាំថ្ងៃនៅតំបន់ជនបទ Thanh Toan។
ទៅទស្សនាអគារតាំងបង្ហាញឧបករណ៍កសិកម្ម Thanh Toan - ảnh 1 ទិដ្ឋភាពនៅក្នុងអគារតាំងបង្ហាញឧបករណ៍កសិកម្ម Thanh Toan

ភូមិ Thanh Toan នាបច្ចុប្បន្នមានគ្រួសារចំនួន៣ពាន់គ្រួដែលប្រកបមុខរបរដាំស្រូវទឹក។ អគារតាំងបង្ហាញឧបករណ៍កសិកម្មត្រូវបានកសាងចាប់ពីចុងឆ្នាំ២០១៤នៅកណ្ដាលភូមិ សំដៅឧទ្ទេសនាមអំពីប្រវត្តិសាស្ត្រ វប្បធម៌ មុខរបរធ្វើកសិកម្ម មុខរបរនេសាទ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនភូមិ Thanh Thuy Chanh។ វត្ថុតាងជិត២០០គ្រឿងនិងរូបថតជិត១០០ផ្ទាំងត្រូវបានជ្រើសរើសដើម្បីយកមកដាក់បង្ហាញតាមប្រធានបទនានា។ លោកស្រី Nguyen Thi Kiem មគ្គុទេសទេសចរណ៍ភូមិ Thanh Toan បានឲ្យដឹងថា៖

        “នាពេលដែលមិនទាន់មានការធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្ម គឺអ្នកភូមិប្រើប្រាស់ឧបករណ៍សាមញ្ញដូច្នេះដើម្បីកិនស្រូវ បុកអង្ករ និងធ្វើស្រែចម្ការ។ ឧបករណ៍ទាំងនេះបានផ្សាភ្ជាប់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅទីនេះ ត្រូវបានគេថែរក្សាហើយបរិច្ឆាកជូនចំពោះអគារតាំងបង្ហាញនេះ”។

        ទិដ្ឋភាពភូមិ Thanh Toan និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិត្រូវបានបង្ហាញឡើងវិញតាមរយៈវត្ថុតាងដូចជាត្បាល់កិន ចានប៉សឺឡែន ឆ្នាំងដី និងគ្រែឬស្សី រហូតដល់ឧបករណ៍កសិកម្មនិងឧបករណ៍នេសាទជាច្រើនប្រភេទទៀតផង។ វត្ថុតាងនីមួយៗសុទ្ធតែមានការចំណារពន្យល់យ៉ាងច្បាស់លាស់ដើម្បីអ្នកទស្សនាគយគន់។

ទៅទស្សនាអគារតាំងបង្ហាញឧបករណ៍កសិកម្ម Thanh Toan - ảnh 2ភ្ញៀវទេសចរអន្តរជាតិចូលទស្សនា 

       ក្រៅពីនោះ រឿងព្រេងនិទាននិងពាក្យប្រដៅប្រជាប្រិយដ៏វិសេសវិសាលនៃតំបន់ដី Hue ក៏ត្រូវបានពន្យល់យ៉ាងរស់រវើកដោយប្រើប្រាស់ឧបករណ៍ដែរ។ ដូចជាពាក្យប្រដៅ “សត្វកង្កែបខែមីនា សត្វមាន់ខែសីហា” ត្រូវបានពន្យល់ដោយឧបករណ៍ចាប់សត្វកង្កែបនៅវាលស្រែនិងឧបករណ៍ចិញ្ចឹមសត្វមាន់ក្នុងផ្ទះ។ ចំណែកឯពាក្យប្រដៅ “បាយនិងត្រីដូចជាម្ដាយនិងកូន” ត្រូវបានពន្យល់ដោយរូបភាពចង្ក្រានជនបទនិងឧបករណ៍ដាំបាយ។ លោកស្រី Nguyen Thi Kiem បានឲ្យដឹងថែមទៀតថា៖

        “ឃ្លា “បាយនិងត្រីដូចជាម្ដាយនិងកូន” មានន័យថា បាយនិងត្រីជាអ្វីៗដ៏ជិតស្និទ្ធិជាមួយគ្នា ដែលតែងតែមានវត្តមានក្នុងពេលបាយរបស់ប្រជាជនតំបន់ជនបទ។ នេះដូចជាសេចក្ដីស្រឡាញ់រវាងអ្នកម្ដាយនិងកូនដែលមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយដែរ”។

ទៅទស្សនាអគារតាំងបង្ហាញឧបករណ៍កសិកម្ម Thanh Toan - ảnh 3

       ក្នុងអគារតាំងបង្ហាញឧបករណ៍កសិកម្មភូមិ Thanh Toan ក៏មានផ្នែកដាក់បង្ហាញនូវត្ថុតាងដែលឆ្លុះបញ្ចាំងអំពីលក្ខណៈវប្បធម៌នានាក្នុងតំបន់ដូចជា ពិធីមង្គលការ សិល្បៈច្រៀងចម្រៀង bai choi និងពិធីបុណ្យប្រណាំងទូក ជាដើម។ រួមជាមួយគ្នានោះគឺផ្នែកអនុវត្តពិសោធន៍របរនេសាទ ជាកន្លែងដែលភ្ញៀវទេសចរអាចធ្វើសកម្មភាពនេសាទដោយខ្លួនឯង។ ជាទីបំផុតគឺផ្នែកដែលប្រជាជនតំបន់សម្ដែងរបាំនិងបទចម្រៀងប្រជាប្រិយដូចជាបទចម្រៀងកិនស្រូវ បទចម្រៀងបុកអង្ករនិងបទចម្រៀងបំពេរកូន។ លោក Nguyen Mau Hoa អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thuy Thanh បានឲ្យដឹងថា៖

        “ឧបករណ៍កសិកម្មដែលបានដាក់បង្ហាញនៅក្នុងអគារនេះបានឧទ្ទេសនាមជាមួយភ្ញៀវទេសចរអំពីរឿងរ៉ាវប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិ។ រឿងរ៉ាវនោះបានរួមចំណែកបង្កើនតំលៃរបស់វត្ថុតាងទាំងនេះ។ ភ្ញៀវទេសចរចូលទស្សនាទីនេះ ទោះបីជាមិនចះភាសាវៀតណាមក្ដី ប៉ុន្តែគេអាចដឹងថា វត្ថុតាងនៅទីនេះត្រូវបានប្រើប្រាស់យ៉ាងដូចម្ដ៉េច”។

        អគារតាំងបង្ហាញឧបករណ៍កសិកម្ម Thanh Toan ត្រូវបានភ្ញៀវទេសចរវាយតំលៃជាទីកន្លែងទស្សនាគួរឲ្យទាក់ទាញ។ ជារៀងរាល់ថ្ងៃ ទីនេះទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង១០០នាក់មកទស្សនានិងស្វែងយល់អំពីជីវភាពរស់នៅប្រចាំថ្ងៃនៅតំបន់ជនបទ Thanh Toan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ