ទម្រង់ប្រកបរបរត្បាញកំប្លោករបស់ប្រជាជនខេត្ត Soc Trang
(VOVWORLD) - របរត្បាញកំប្លោកបានក្លាយទៅជារបរពេញនិយមរបស់ប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long ក្នុងនោះមានទីរួមខេត្ត Nga Nam ខេត្ត Soc Trang ផងដែរ។ របរនេះមិនត្រឹមតែជួយពលករ ដែលទំនេរពីការងារនៅតាមជនបទមានប្រាក់ចំណូលបន្ថែមប្រកបដោយស្ថិរភាព និងជួយកែលម្អជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងជួយបង្កើតផលិតផលស្និទ្ធិស្នាលជាមួយបរិស្ថាន ដោយជួយកាត់បន្ថយការបំពុលបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៀតផង។
របរត្បាញកំប្លោកបានក្លាយទៅជារបរពេញនិយមរបស់ប្រជាជននៅតំបន់ដីសណ្តទន្លេ Cuu Long |
ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ របរត្បាញកំប្លោកនៅទីរួមខេត្ត Nga Nam បានជួយប្រជាជននៅតំបន់ជនបទមានប្រាក់ចំណូលស្ថិរភាព។ ជារៀងរាល់ថ្ងៃ ក្រុមគ្រួសារលោក Nguyen Phuoc Huu រស់នៅភូមិ Vinh Hoa ឃុំ Vinh Quoi នៅតែត្បាញផើងផ្កា ពូក និងកន្ត្រកយួរពីកំប្លោកយ៉ាងមមាញឹក។
ក្រុមគ្រួសារលោក Huu បានប្រកបរបរត្បាញកំប្លោកកាលពីជាង ៧ ឆ្នាំមុន ជំនួសឱ្យការងារដើរស៊ីឈ្នូលគេ។ មុនពេលប្រកបរបរនេះ លោកបានចូលរួមវគ្គបង្ហាត់បង្រៀនតម្បាញដោយឥតគិតថ្លៃ។ កាលពីឆ្នាំមុន គ្រួសាររបស់លោក Huu បន្តទទួលបានប្រាក់ជួយឧបត្ថម្ភបន្ថែមចំនួន ៥ លានដុង ដើម្បីជួលដីស្រែ ដាំកំប្លោកធ្វើជាវត្ថុធាតុដើម ហើយតាមនោះជួយគ្រួសារលោករកបានប្រាក់ចំណូលបន្ថែម។ លោក Huu បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ប្រសិនបើដកលើការចំណាយនានា លោក និងភរិយានៅសល់ប្រាក់ជាង ២០ ម៉ឺនដុង/ថ្ងៃ ដូច្នេះហើយ ជីវភាពគ្រួសារក៏កាន់តែមានស្ថិរភាព និងធូធារជាងដែរ។ លោកបាន ឲ្យដឹងថា៖ “ដីផលិតកម្មគឺជាប្រភេទដីអាស៊ីត ដូច្នេះហើយ គ្រួសារខ្ញុំមិនអាចធ្វើកសិកម្មបានឡើយ ដូច្នេះហើយធ្វើឲ្យសេដ្ឋកិច្ចគ្រួសារជួបការលំបាក និងប៉ះពាល់ដល់អាយុជីវភាពប្រចាំថ្ងៃ។ ដោយអាស្រ័យលើការអភិវឌ្ឍរបរត្បាញកំប្លោកនោះ គ្រួសារខ្ញុំក៏មានជីវភាពធូធារ ប្រពន្ធ និងកូនៗមានការងារធ្វើ មានប្រាក់ចំណូលយ៉ាងស្រណុកផងដែរ”។
ភូមិ Vinh Hoa ឃុំ Vinh Quoi មានគ្រួសារចំនួន ២៥០ គ្រួ ក្នុងនោះគ្រួសារចំនួន ៩០% បានប្រកបរបរត្បាញកំប្លោក ដោយទទួលបានប្រាក់ចំណូលជាមធ្យម ពី ៧ ម៉ឺន ទៅ ១០ ម៉ឺនដុងក្នុងមនុស្សម្នាក់ជារៀងរាល់ថ្ងៃ។ អ្នកស្រី Huynh Thi Mien ប្រធានសាខាសមាគមន៍នារីភូមិ Vinh Hoa ឃុំ Vinh Quoi ទីក្រុង Nga Nam បានឲ្យដឹងថា៖ “ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ កន្លងទៅ បងប្អូននារីនៅទីនេះនៅតែប្រកបរបរធម្មតា ពោលគឺមិនរងផលប៉ះពាល់អ្វីឡើយ ហើយជីវភាពរស់នៅប្រកបដោយស្ថិរភាព។ ទន្ទឹមនឹងនេះ សហគ្រាសនានាក៏បានប្រមូលទិញផលិតផលជាប្រចាំ។ នាបច្ចុប្បន្ននេះ អ្នកភូមិ Vinh Hoa ភាគច្រើនបានប្រកបរបរត្បាញកំប្លោកផងដែរ”។
របរត្បាញកំប្លោកបានបង្កើតឡើងផលិតផលស្និទ្ធស្នាលជាមួយបរិស្ថាន |
របរត្បាញកំប្លោកត្រូវបានកកើតឡើងតាំងពី ២០ ឆ្នាំមុន នៅទីរួមខេត្ត Nga Nam ដោយចាប់ផ្តើមពីភូមិ Vinh Hoa ឃុំ Vinh Quoi។ ដំបូងឡើយ មានគ្រួសារត្រឹមតែ ពីរ បីគ្រួចូលរួមប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ននេះ មានគ្រួសារជិត ៥០០ គ្រួនៅតាមឃុំ សង្កាត់ក្នុងភូមិសាស្ត្រឃុំបានចូលរួម។ លើសពីនេះទៅទៀត មូលដ្ឋានក៏បានបង្កើតក្រុមសហករណ៍ត្បាញកំប្លោកដែរ។ ទន្ទឹមនឹងនេះ សហករណ៍ក៏បានចុះហត្ថលេខាជាមួយបណ្ដាសហគ្រាសប្រមូលទិញផលិតផលជាមួយនឹងតម្លៃស្ថិរភាព ដោយធានាបាននូវប្រាក់ចំណេញសម្រាប់សមាជិកសហករណ៍។ អ្នកស្រី Nguyen Kim Lien ប្រធានក្រុមសហករណ៍ ភូមិ My Hoa ឃុំ Long Binh ទីរួមខេត្ត Nga Nam ខេត្ត Soc Trang បានចែករំលែកថា៖ “ដំបូងឡើយ ក្រុមសហករណ៍របស់យើងមានសមាជិកាត្រឹមតែ ១០ នាក់ប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្ននេះមានសមាជិការហូតដល់ ១៥០ នាក់។ យើងខ្ញុំបានផលិតចេញផលិតផលចំនួន ៣ ០០០ គ្រឿងក្នុងមួយសប្ដាហ៍។ ជាមធ្យម សមាជិកាម្នាក់ៗអាចរកបានប្រាក់ចំណូលពី ១២ ម៉ឺន ទៅ ២០ ម៉ឺនដុងឡើងទៅផងដែរ”។
របរត្បាញកំប្លោកកំពុងជាទម្រង់រកស៊ីប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកភូមិ Nga Nam ខេត្ត Soc Trang។ ដោយអាស្រ័យលើទម្រង់នេះ ពលករទំនេរនៅមូលដ្ឋានមានប្រភពចំណូលបន្ថែម ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយសម្របខ្លួនជាមួយស្ថានភាពនៃជំងឺរាតត្បាតនាបច្ចុប្បន្ននេះ។ នេះក៏ជាទម្រង់ ដែលត្រូវបានមូលដ្ឋានយកចិត្តទុកដាក់ពង្រីកទ្រង់ទ្រាយ ក៏ដូចជាជួយអ្នកភូមិរកប្រាក់ចំណូលបន្ថែម និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពផងដែរ៕