ប្រវត្តិសាស្ត្ររាប់រយឆ្នាំនៃមុខរបរត្បាញកន្ទេលនៅ Ca Hom - Ben Ba

(VOVWORLD) - ភូមិប្រកបរបរត្បាញកន្ទេល Ca Hom - Ben Ba ស្ថិតនៅឃុំ Ham Tan ស្រុក Tra Cu ដោយមាន ៨០% នៃចំនួនប្រជាពលរដ្ឋប្រកបមុខរបរនេះ ជាជនជាតិខ្មែរ។ របរត្បាញកន្ទេល មានវត្តមាននៅក្នុងខេត្តត្រាវិញចាប់ពីឆ្នាំ ១៩២០ នៅពេលដែលមាមីងក្នុងស្រុក ទៅសួរសុខទុក្ខសាច់ញាតិនៅខេត្ត Ca Mau ហើយ "រៀនបាន” ពីមុខរបរនេះដោយចៃដន្យ។ នៅឆ្នាំ ១៩៤០ តំបន់ Ca Hom - Ben Ba ទាំងមូលបានចាប់ផ្តើមធ្វើកន្ទេលដើម្បីយកមកលក់នៅផ្សារ។ ដោយសំណាងល្អ ភូមិរបរនេះបានឈានចូលដំណាក់កាលរីកចម្រើនដ៏ខ្លាំងក្លាតាំងពីឆ្នាំ ១៩៦០។

“នាងខ្ញុំកើតនៅឆ្នាំ ១៩៤៥ ពេលធំឡើងនាងខ្ញុំបានឃើញដើមកក់និងរបរត្បាញកន្ទេលរួចទៅហើយ ដូច្នេះខ្ញុំបានប្រកបរបរនេះអស់រយៈពេលច្រើនទសវត្សរ៍មកហើយ”។

“នាងខ្ញុំធំឡើងជាមួយម្តាយ ហើយពេលឃើញម្ដាយត្បាញកន្ទេល នាងខ្ញុំក៏រៀនត្បាញដែរ តាំងពីនៅក្មេងហើយ។ ប្តីខ្ញុំពីតំបន់ផ្សេង មកទីនេះរៀបការជាមួយខ្ញុំ ហើយក៏ស្នាក់នៅទីនេះ ត្បាញកន្ទេលបានរាប់សិបឆ្នាំហើយ”។

ប្រវត្តិសាស្ត្ររាប់រយឆ្នាំនៃមុខរបរត្បាញកន្ទេលនៅ Ca Hom - Ben Ba - ảnh 1លក្ខណៈដ៏ល្បីនៃកន្ទេល Ca Hom - Ben Ba គឺថា វាអាចប្រើប្រាស់បានជាប់យូរ រហូតដល់ ៥ ឆ្នាំ ដោយមិនត្រូវរយីករយាក ឬហើរពណ៌ឡើយ។ (រូបថត៖ VOV)

កន្ទេល Ca Hom – Ben Ba ប្រភេទខ្នាតធំ មានរយៈទទឹង ១,៦ ម៉ែត្រ បណ្តោយ ២ ម៉ែត្រ ចំណែកប្រភេទខ្នាតតូច បណ្តោយ ១,៩ ម៉ែត្រ ទទឹង ១ ម៉ែត្រ ដោយមានគ្រប់ប្រភេទ ចាប់ពីកន្ទេលស កន្ទេលពណ៌ កន្ទេលផ្កា កន្ទេលបោះពុម្ពអក្សរ ជាមួយនឹងពណ៌ស្នូល ចំនួន ៥ គឺ ស ក្រហម ខៀវ លឿង និងស្វាយ។ ដំណើរការត្បាញកន្ទេលនៅតំបន់ណាមបូ ជាមូលដ្ឋានមានលក្ខណៈដូចគ្នា ចាប់ពីការជ្រើសរើសដើមកក់ចាស់ វែង ហាលឲ្យស្ងួត រួចយកទៅស្ងោរដើម្បីជ្រលក់ពណ៌។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈដ៏ល្បីនៃកន្ទេល Ca Hom - Ben Ba គឺថា វាអាចប្រើប្រាស់បានជាប់យូរ រហូតដល់ ៥ ឆ្នាំ ដោយមិនត្រូវរយីករយាក ឬហើរពណ៌ឡើយ។ រូបមន្តសំងាត់នៃការត្បាញកន្ទេលរបស់ប្រជាជននៅ Ca Hom - Ben Ba នៅតែមិនទាន់ត្រូវបានបើកធ្លាយអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។

លោកស្រី Ly Thi Ha រស់នៅ Ben Ba ឃុំ Ham Tan បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៦០ តទៅ កន្ទេល Ca Hom - Ben Ba មានតម្លៃខ្ពស់ជាងកន្ទេល Ca Mau ប្រភេទដូចគ្នា រហូតដល់ ៤០% ប៉ុន្តែនៅតែមិនគ្រប់គ្រាន់សម្រាប់លក់ទេ។ ក្នុងភូមិ គ្រួសារនីមួយៗ មានកីតម្បាញយ៉ាងហោចណាស់ ៣ គ្រឿង ដែលដំណើរការអស់ពីសមត្ថភាពដើម្បីបម្រើទីផ្សារ៖

“ប្តីប្រពន្ធយើងខ្ញុំ ត្បាញកន្ទេលបានតែ ២ កន្ទេលក្នុងមួយថ្ងៃប៉ុណ្ណោះ តម្លៃ  ២០ ម៉ឺនដុងក្នុងមួយគូ។ ការជ្រលក់ពណ៌កន្ទេលម្ដងចំណាយពេលប៉ុន្មានថ្ងៃ ហាលវាឲ្យស្ងួតទើបត្បាញម្ដង រួចជ្រលក់ពណ៌ម្ដងទៀត។”

ប្រវត្តិសាស្ត្ររាប់រយឆ្នាំនៃមុខរបរត្បាញកន្ទេលនៅ Ca Hom - Ben Ba - ảnh 2សិប្បការិនីត្បាញកន្ទេល Ngo Thi Pho។ (រូបថត៖ VOV)

ប៉ុន្តែដល់ឆ្នាំ ១៩៩០ ភូមិត្បាញកន្ទេល Ca Hom - Ben Ba ឈរនៅមាត់ជ្រោះនៃការសាបសូន្យ ដោយសារអ្នកភូមិមិនមានភាពម្ចាស់ការលើប្រភពវត្ថុធាតុដើម ហើយផលិតផលកន្ទេលមិនមានការច្នៃប្រឌិតក្នុងការរចនា ដូច្នេះមិនមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារនោះឡើយ។ នៅពេលនោះ សិប្បការិនី Ngo Thi Pho បានរចនាលំនាំ បន្សំពណ៌ដោយខ្លួនឯង ហើយបានសាកល្បងត្បាញផលិតផលកន្ទេលផ្កា ២ មុខ។ បន្ទាប់ពីការបរាជ័យចំនួន ២០ ដង នៅឆ្នាំ ២០០០ ផលិតផលកន្ទេលផ្កា ២ មុខ របស់សិប្បការិនី Ngo Thi Pho ត្រូវបានគេដាក់លក់នៅផ្សារឃុំ ហើយត្រូវបានព្រះរាជាណាចក្រកម្ពុជា ជ្រើសរើសបញ្ជាទិញដើម្បីដាក់នៅក្នុងសាលធំនៃវត្តអារ៉ាមនិងប្រាសាទ។ ក្នុងឆ្នាំ ២០០១ ឃុំ Ham Tan បានកសាងគម្រោងឧបត្ថម្ភថវិកាដំឡើងកីតម្បាញសម្រាប់គ្រួសារក្រីក្រចំនួន ៤០ ហើយបានសុំសិប្បការិនី Ngo Thi Pho បង្រៀនពីការត្បាញកន្ទេលផ្កាពីរមុខជូនប្រជាជន។ ភូមិត្បាញកន្ទេល Ca Hom - Ben Ba ក៏រស់រានមានជីវិតឡើងវិញបន្តិចម្តងៗតាំងពីពេលនោះមក។ មកដល់បច្ចុប្បន្ននេះ ភូមិមានគ្រួសារប្រកបរបរត្បាញកន្ទេលចំនួន ៤៥០ គ្រួសារ ដែលក្នុងនោះមានកម្មករត្បាញដោយផ្ទាល់ចំនួន ៤០០ នាក់ និងកម្មករចំនួន ១.៥០០ នាក់ ធ្វើការដោយប្រយោលក្នុងដំណាក់កាលផ្សេងៗគ្នា ដូចជា៖ ដាំដើមកក់ កែច្នៃវត្ថុធាតុដើម លាយពណ៌ ជាដើម។

ភូមិកន្ទេល Ca Hom – Ben Ba ផ្គត់ផ្គង់ដល់ទីផ្សារនូវកន្ទេលចំនួន ១៥ ម៉ឺនគូក្នុងមួយឆ្នាំ។ អាជ្ញាធរមូលដ្ឋានបានបង្កើតសហករណ៍កន្ទេល-កម្រាល Ham Tan ដើម្បីប្រមូលផ្តុំប្រជាជនរួមគ្នា ឆ្ពោះទៅរកផលិតកម្មប្រកបដោយស្ថិរភាព និរន្តរភាព លើកកំពស់គុណភាពផលិតផល និងពង្រីកទីផ្សារ។ បច្ចុប្បន្ន កន្ទេល Ca Hom - Ben Ba មានវត្តមានពាសពេញតំបន់ដីសណ្តទន្លេ Cuu Long និងតំបន់ណាមបូខាងកើត។ អ្នកស្រី Do Thi Mai Hoa អាជីវការិនីលក់កន្ទេល Ca Hom - Ben Ba បាននិយាយថា៖

“ក្នុងមួយឆ្នាំ គ្រឹះស្ថានរបស់នាងខ្ញុំលក់កន្ទេលបានចំនួន ៧០០០។ កន្ទេលត្រូវតែយកមកពីខេត្តត្រាវិញតែប៉ុណ្ណោះ ព្រោះកន្ទេលនៅទីនោះមានវត្ថុធាតុដើមល្អ និងកន្ទេលរលោងដែរ។ លក់ដាច់បំផុតគឺពីខែធ្នូដល់បុណ្យតេតប្រពៃណី”។

ក្នុងរយៈពេលជាង ១០០ ឆ្នាំកន្លងមកនេះ ជាងសិប្បកម្មដោយមានបាតដៃប៉ិនប្រសប់នៅក្នុងភូមិត្បាញកន្ទេល Ca Hom - Ben Ba បានបង្កើតផលិតផលកន្ទេលដោយមានលក្ខណៈប្លែក ជាប់ និងស្រស់ស្អាត។ មុខរបរត្បាញកន្ទេល Ca Hom របស់ជនជាតិខ្មែរនៅឃុំ Ham Tan ស្រុក Tra Cu ខេត្ត Tra Vinh ទើបនឹងត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ ប្រភេទសិប្បកម្មប្រពៃណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ