ភូមិទេសចរណ៍សហគមន៍ Khuoi Ky ខេត្ត Cao Bang

(VOVWORLD) - ស្ថិតនៅតំបន់ភ្ជាប់ព្រំដែនរវាងវៀតណាមនិងចិន ភូមិ Khuổi Kỵ ឃុំ Đàm Thuỷ ស្រុក Trung Khanh ខេត្ត Cao Bang មានប្រវត្តិជាង ៤០០ ឆ្នាំនៃការចាប់បដិសន្ធិនិងអភិវឌ្ឍន៍។ នេះជាភូមិអេកូទេសចរណ៍ និងជាគោលដៅទេសចរណ៍ដ៏ល្បីមួយក្នុងស្រុក Trung Khanh។

ភូមិទេសចរណ៍សហគមន៍ Khuoi Ky ខេត្ត Cao Bang - ảnh 1ភូមិ Khuoi Ky មើលពីខាងលើ។

បច្ចុប្បន្ន ភូមិ Khuoi Ky មានប្រជាជនជាង១០០គ្រួសារ ដែលក្នុងនោះ ១០០% ជាជនជាតិ Tay។ ភូមិនេះផ្អែកខ្នងទៅភ្នំថ្ម ព័ទ្ធជុំវិញដោយព្រៃឈើ ហើយនៅខាងមុខមានជ្រោះទឹក Khuoi Ky ដូច្នេះភូមិនេះមានឈ្មោះថា Khuoi Ky។ ភូមិ Khuoi Ky មានភាពស្រស់ស្អាតប្លែកពីគេ ដោយសារផ្ទះទាំងនោះត្រូវបានសាងសង់ពីថ្ម និងមានដំបូលប្រក់ក្បឿងយីនយ៉ាង។ តាមទស្សនៈទានរបស់ជនជាតិ Tay ភ្នំថ្មគឺជាតំណាងឱ្យព្រះអាទិទេព្យ ដូច្នេះផ្ទះដែលធ្វើពីថ្មនឹងនាំមកនូវកម្លាំងពលំដើម្បីការពារអ្នកភូមិ។ អ្នកស្រី Nguyen Kim Phuong ម្ចាស់អាជីវកម្ម Tay’s Homestayនៅភូមិ Khuoi Ky បានឲ្យដឹងថា៖

“ភូមិ Khuoi Ky មានលក្ខណៈពិសេសនោះគឺផ្ទះថ្ម។ ជាពិសេសផ្ទះថ្ម ជាមួយនឹងដំបូលប្រក់ក្បឿងយីនយ៉ាង ដែលនៅមូលដ្ឋានផ្សេងទៀតមិនមានទេ។ គុណសម្បត្តិទេសចរណ៍នៃភូមិ Khuoi Ky គឺស្ថិតនៅក្នុងតំបន់រមណីយដ្ឋានល្បាក់ទឹក Ban Gioc និងល្អាងភ្នំ Nguom Ngao ដោយមានចម្ងាយ ២ គីឡូម៉ែត្រពីល្បាក់ទឹក Ban Gioc និងត្រឹមតែ ៨០០ ម៉ែត្រពីល្អាងភ្នំ Nguom Ngao ប៉ុណ្ណោះ។ ប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិ Khuoi Ky បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ នៅថ្ងៃចុងសប្ដាហ៍ ស្ទើរតែភូមិទាំងមូលពោរពេញដោយភ្ញៀវទេសចរ បន្ទប់ស្នាក់នៅក៏អត់សល់ទេ”។

ភូមិទេសចរណ៍សហគមន៍ Khuoi Ky ខេត្ត Cao Bang - ảnh 2ជ្រោះទឹក Khuoi Ky។

ចាប់តាំងពីឆ្នាំ ២០០៩ មក ភូមិ Khuoi Ky ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Cao Bang វិនិយោគនិងអភិវឌ្ឍន៍ ទៅជាភូមិវប្បធម៌ និងទេសចរណ៍ជនជាតិ Tay។ លោក Luong Van La ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Trung Khanh បានឲ្យដឹងថា៖

“ចាប់តាំងពីឆ្នាំ ២០១៦ មក គ្រួសារនានាក្នុងភូមិ Khuoi Ky មានការយល់ដឹង ហើយផ្លាស់ប្តូរគំរូដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដោយបើកសេវាកម្មស្នាក់នៅទេសចរណ៍បែប Homestay ដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ និងបង្កើតរបរចិញ្ចឹមជីវិត និងប្រាក់ចំណូលជូនប្រជាជន។ គម្រោងភូមិវប្បធម៌ជនជាតិ Tay Khuoi Ky មានគ្រួសារចូលរួមចំនួន ១៤ បើកទូលាយឲ្យគ្រួសារ ៣ បន្ថែមទៀត ហើយបច្ចុប្បន្នមានគ្រួសារចំនួន ១៧ ដែលបើកផ្ទះសំណាក់ homestay ដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ ផលិតផលទេសចរណ៍លេចធ្លោរបស់ភូមិ Khuoi Ky ត្រូវបានផ្សាភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌ជនជាតិ Tay។ គម្រោងភូមិទេសចរណ៍ជនជាតិ Tay Khuoi Ky បានក្លាយជាចំណុចលេចធ្លោនៃការអភិវឌ្ឍទេសចរណ៍សហគមន៍ក្នុងខេត្ត Cao Bang”។

ភូមិទេសចរណ៍សហគមន៍ Khuoi Ky ខេត្ត Cao Bang - ảnh 3ផ្ទះសំណាក់ homestay មួយនៅក្នុងភូមិ។

ក្នុងចំណោមផ្ទះសំណាក់ homestay ទាំង ១៧ ខ្នង់នៅភូមិ Khuoi Ky មានផ្ទះទើបសាងសង់ថ្មីចំនួន ៣ ខ្នង់ ដែលមានស្ថាបត្យកម្មចុះសម្រុងគ្នា រួមបញ្ចូលគ្នានូវលក្ខណៈប្រពៃណី និងទំនើប។ បន្ទប់ត្រូវបានរចនាយ៉ាងធំទូលាយ និងបំពាក់គ្រឿងសង្ហារឹមយ៉ាងពេញលេញប្រកបដោយផាសុខភាព។ អ្នកស្រី Hoang Thi Khanh ម្ចាស់ផ្ទះសំណាក់ homestay Lan Rung នៅភូមិ Khuoi Ky បានឲ្យដឹងថា៖

“Lan Rung Homestay ទើបតែត្រូវបានសាងសង់ជាងមួយឆ្នាំប៉ុណ្ណោះ។ ដើម្បីថែរក្សាលក្ខណៈវប្បធម៌ទេសចរណ៍ប្រចាំស្រុក យើងបានសាងសង់ពីថ្ម បន្ទប់ស្នាក់នៅបិតជិត ហើយគ្មានបន្ទប់សមូហភាពដូចផ្ទះឈើបុរាណទៀតទេ ដើម្បីបំពេញតម្រូវការផាសុខភាពសម្រាប់ភ្ញៀវទេសចរ។ ផ្ទះសំណាក់នេះមាន បន្ទប់ ចំនួន ៩ និងអាចផ្ទុកភ្ញៀវបានអតិបរមា ៣៤ នាក់។ ភ្ញៀវទេសចរអន្តរជាតិភាគច្រើនជាជនជាតិបារាំង ហូឡង់ អាមេរិក និងអេស្ប៉ាញ”។

ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ Khuoi Ky អ្នកភូមិបានបើកសេវាកម្មសម្បូរបែប និងចម្រុះដើម្បីបម្រើភ្ញៀវទេសចរ។ ភ្ញៀវទេសចរដែលមកស្នាក់នៅអាចទទួលទានមុខម្ហូបពិសេសរបស់ជនជាតិ Tay ចូលរួមរាំលោតដំបូងឬស្សី ឬស្តាប់បទចម្រៀង then (បេតិកភណ្ឌអរូបីតំណាងមនុស្សជាតិ) និងចាប៉ី Tinh។

ភ្ញៀវទេសចរ ជាពិសេសភ្ញៀវបរទេសចូលចិត្តរុករក Khuoi Ky តាមរយៈដំណើរឡើងភ្នំ ដុតភ្លើងជំរុំ បទពិសោធន៍ធ្វើស្រែចម្ការ រើសអុស ចាប់ត្រីតាមទឹកជ្រោះ។ មកដល់ភូមិ Khuoi Ky ជាលើកដំបូង លោក Redouane Mahi ភ្ញៀវទេសចរជនជាតិបារាំងបានចែករំលែកថា៖

“ខ្ញុំបានស្នាក់នៅមួយយប់ក្នុងភូមិរបស់ជនជាតិ Tay ហើយមានបទពិសោធន៍អស្ចារ្យណាស់ ចាប់ពីសេវាកម្មទេសចរណ៍ ម្ហូបអាហារ... អ៊ីនធឺណែតជួយការផ្លាស់ប្តូរព័ត៌មានរវាងអ្នកទេសចរនិងអ្នកស្រុកមានភាពងាយស្រួលជាង។ ប្រជាជននៅទីនេះមានភាពរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចណាស់។ វិធីធ្វើទេសចរណ៍នៅទីនេះក៏ល្អដែរ។ មនុស្សគ្រប់គ្នាចេះផ្តល់ព័ត៌មានដល់ភ្ញៀវទេសចរ ទទួលទានអាហារឈ្ងុយឆ្ងាញ់ៗ និងមានផែនទីទេសចរណ៍សម្រាប់ភ្ញៀវទេសចរទៅទស្សនា”។

នៅឆ្នាំ២០០៨ ភូមិ Khuoi Ky ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ថាជា “ភូមិវប្បធម៌ប្រពៃណីគំរូរបស់សហគមន៍ជនជាតិភាគតិច”។ ដោយទេសភាពធម្មជាតិដ៏ស្រស់បំព្រង អត្តសញ្ញាណវប្បធម៌វិសេសវិសាល និងស្ថាបត្យកម្មទាក់ទាញភ្នែក ប្រជាជននៃភូមិ Khuoi Ky កំពុងអភិវឌ្ឍន៍កន្លែងនេះឱ្យក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ