ភូមិប្រកបរបរធ្វើមួកសេះ Phu Gia-ទីកន្លែងដែលថែរក្សា “ស្នាដៃឯក” មួករាងសាជីរបស់ខេត្ត Binh Dinh

(VOVWORLD) - ភូមិប្រកបរបរធ្វើមួកសេះ Phu Gia ស្រុក Phu Cat ខេត្ត Binh Dinh គឺជាភូមិរបរមួយដែលមានអាយុកាលយូរយារណាស់មកហើយ។ មួកសេះ Phu Gia ត្រូវបានប្រជាជនជាច្រើនហៅថា "ស្នាដៃឯក" នៃដួន ពីព្រោះនេះជាផលិតផលសិប្បកម្មវិចិត្រសិល្បៈដ៏ប្លែកពីគេ ហើយបង្កប់នូវសញ្ញាសម្គាល់វប្បធម៌ និងកម្រាស់ប្រវត្តិសាស្ត្រ ចាប់តាំងពីរាជកាលស្ដេច Quang Trung រហូតមកដល់បច្ចុប្បន្ន។ ថ្មីៗនេះ “មុខរបរធ្វើមួកសេះ Phu Gia” ទើបតែត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះគឺជាមោទនភាពរបស់អ្នកដែលនៅតែថែរក្សារបរប្រពៃណីជារៀងរាល់ថ្ងៃ។



ភូមិប្រកបរបរធ្វើមួកសេះ Phu Gia-ទីកន្លែងដែលថែរក្សា “ស្នាដៃឯក” មួករាងសាជីរបស់ខេត្ត Binh Dinh - ảnh 1មួកនៃភូមិ Phu Gia មានភាពល្បីល្បាញដោយសារការក្បូរក្ដាច់រចនាដ៏ល្អប្រណិត និងភាពឆើតឆាយ ដែលកម្ររកបាននៅទីកន្លែងផ្សេងៗ។ (រូបថត៖ VTCNews)

ភូមិមួកសេះ Phu Gia ស្ថិតក្នុងឃុំ Cat Tuong ស្រុក Phu Cat មានចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុង Quy Nhon ហើយជាភូមិមួយដែលមានប្រវត្តិនៃការបង្កើតនិងអភិវឌ្ឍជិត ៣០០ ឆ្នាំនៅខេត្ត Binh Dinh។

មួកសេះ Phu Gia គឺជាផលិតផលសិប្បកម្មវិចិត្រសិល្បៈដ៏ប្លែកពីគេ។ យោងតាមសិប្បករនៅក្នុងភូមិ មូលហេតុដែលប្រជាជនសម័យមុនហៅថាមួកសេះ គឺដោយសារតែមួកមានភាពជាប់ស្វិត និងប្រើប្រាស់បានយូរដូចសត្វសេះអញ្ចឹង។ ម្យ៉ាងទៀត កាលពីអតីតកាល មួកសេះ Phu Gia ត្រូវបានផលិតសម្រាប់តែថ្នាក់លើ និងវណ្ណៈអភិជនប៉ុណ្ណោះ ដើម្បីប្រើពេលជិះសេះ ឬមួកដែលមានប្រាក់ស្រោបលើកំពូល និងឆ្លាក់រូបសត្វនាគ សត្វហង្សនៅលើកំពូលនោះ ត្រូវបានពាក់ដោយមន្ត្រីនិងទាហានអធិរាជ ពេលជិះសេះ ដើម្បីបង្ហាញពីអំណាចក្នុងសម័យសក្តិភូមិ។ ហេតុដូច្នេះ មួកនៃភូមិ Phu Gia មានភាពល្បីល្បាញដោយសារការក្បូរក្ដាច់រចនាដ៏ល្អប្រណិត និងភាពឆើតឆាយ ដែលកម្ររកបាននៅទីកន្លែងផ្សេងៗ។ លោក Do Van Lan ដែលមានបទពិសោធន៍ជាង ៦ ទសវត្សរ៍ប្រកបរបរធ្វើមួកសេះ Phu Gia នៅឃុំ Cat Tuong ស្រុក Phu Cat បានឲ្យដឹងថា៖

“មួកសេះពិបាកផលិតណាស់ ពីព្រោះត្រូវតែធ្វើដោយដៃ ១០០%។ ការផលិតមួកសេះមួយត្រូវឆ្លងកាត់ដំណាក់កាលចំនួន ១០ ដែលជាការលំបាកខ្លាំងណាស់។ ពិបាកបំផុតគឺការប៉ាក់ក្បូរក្បាច់រចនា ដែលយើងត្រូវធ្វើយ៉ាងណាដើម្បីប៉ាក់បានក្បូរក្បាច់រចនាប្លែកៗ”។

ភូមិប្រកបរបរធ្វើមួកសេះ Phu Gia-ទីកន្លែងដែលថែរក្សា “ស្នាដៃឯក” មួករាងសាជីរបស់ខេត្ត Binh Dinh - ảnh 2មួកសេះ Phu Gia គឺជាផលិតផលសិប្បកម្មវិចិត្រសិល្បៈដ៏ប្លែកពីគេ។ (រូបថត៖ VTCNews)

ភូមិរបរធ្វើមួកសេះប្រពៃណី Phu Gia បច្ចុប្បន្នមានក្រុមគ្រួសារប្រកបរបរប្រហែល ១១០ គ្រួដែលមានកម្មករជាង ៣០០ នាក់ ផលិតបាននូវផលិតផលជាង ៣៣០០ មួកក្នុងមួយឆ្នាំ។ ដោយសារតែផលិតផលមានលក្ខណៈពិសេស មួកមួយគ្រឿងមានតម្លៃចាប់ពី ១៣ ដល់ ២៣ ដុល្លារអាមេរិកក្នុងមួកមួយ។ ចំពោះមួកដ៏ស្មុគស្មាញ ដែលចំណាយពេលរាប់ខែទើបសម្រេចរួចរាល់ គឺមានតម្លៃប្រហែល ១០០ ដុល្លារក្នុងមួយគ្រឿង។ លោកស្រី Huynh Thi Hong នៅឃុំ Cat Tuong ស្រុក Phu Cat បានចែករំលែកថា៖

“នៅក្នុងភូមិ មនុស្សគ្រប់គ្នាស្រឡាញ់មុខរបរនេះណាស់ ។ កាលពីមុន មុខរបរនេះជួយចិញ្ចឹម គ្រួសារទាំងមូល។ មានលុយឲ្យកូនទៅសាលា ក៏អាស្រ័យដោយរបរធ្វើមួកនេះដែរ”។

នៅពាក់កណ្តាលខែកញ្ញាកន្លងទៅ “មុខរបរធ្វើមួកសេះ Phu Gia” ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះជាសេចក្តីសប្បាយរីករាយដ៏ធំធេងសម្រាប់សិប្បករ និងអ្នកធ្វើមួកក្នុងភូមិ។ លោក Do Van Lan បានសម្តែងថា៖

“មុខរបរធ្វើមួកសេះ Phu Gia” ក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ដែលធ្វើឲ្យប្រជាជននៅក្នុងភូមិសប្បាយរីករាយយ៉ាងក្រៃលែង។ នេះនឹងជាកម្លាំងចលករដ៏ធំធេងសម្រាប់គ្រួសារខ្ញុំ និងមនុស្សគ្រប់រូបនៅជុំវិញភូមិ Phu Gia នេះ ដើម្បីឲ្យយើងអភិវឌ្ឍន៍ផ្សព្វផ្សាយ និងច្នៃប្រឌិតមួកដ៏ស្រស់ស្អាតបន្ថែមទៀត ដើម្បីរួមចំណែកអភិរក្សភូមិរបរធ្វើមួកសេះ Phu Gia”។

យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានឲ្យដឹងថា នៅពេលដែលមុខរបរធ្វើមួកសេះ Phu Gia ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីជាតិនោះ វាបានបញ្ជាក់ពីតម្លៃនិរន្តរភាព និងកម្លាំងរស់ដ៏ខ្លាំងក្លា របស់ភូមិរបរ លើកតម្កើងនិងកោតសរសើរសហគមន៍ប្រជាជន ជាពិសេស សិប្បករ ក្នុងការអភិរក្ស ថែរក្សា និងលើកកំពស់តម្លៃបេតិកភណ្ឌ។ លោក Lam Hai Giang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានឲ្យដឹងថា នាពេលខាងមុខ ស្រុក Phu Cat និងខេត្ត Binh Dinh នឹងចេញផ្សាយផែនការមេលម្អិតសម្រាប់ភូមិរបរ តាមនោះបន្តអភិរក្ស និងអភិវឌ្ឍន៍ ក៏ដូចជាគួបផ្សំការ ថែរក្សាអត្តសញ្ញាណវប្បធម៍របស់នៃភូមិរបរប្រពៃណី ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ក្នុងស្រុក។

“យើងខ្ញុំនឹងកសាង ហើយអនុវត្តន៍ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជួយឧបត្ថម្ភបងប្អូនសិប្បករក្នុងការថែរក្សានិងបង្រៀនរបរ ដោយត្រូវចាត់ទុកសិប្បករជាទ្រព្យសម្បត្តិជាតិ ដើម្បិមានគោលនយោបាយជួយឧបត្ថម្ភឲ្យបានសមស្រប។ ទន្ទឹមនឹងនោះ បន្តរៀបចំសកម្មភាពលើកតម្កើងបុគ្គល និងសហគមន៍ ដែលបានចូលរួមចំណែកជាច្រើនក្នុងការអភិរក្ស អនុវត្ត ការពារ និងលើកកម្ពស់តម្លៃបេតិកភណ្ឌផងដែរ”។

បច្ចុប្បន្ននេះ មួកសេះ Phu Gia មានវត្តមាននៅគ្រប់ទីកន្លែង ពីខាងជើងទៅខាងត្បូង រហូតដល់នៅបរទេស។ តាមគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh ថា ការដែលមុខរបរធ្វើមួកសេះ Phu Gia ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីជាតិបានបញ្ជាក់ពីតម្លៃនិរន្តរភាព និងកម្លាំងរស់ដ៏ខ្លាំងក្លា របស់ភូមិរបរ លើកតម្កើងនិងកោតសរសើរសហគមន៍ប្រជាជន ជាពិសេសសំណាក់សិប្បករ ក្នុងការអភិរក្ស ថែរក្សា និងលើកកំពស់តម្លៃបេតិកភណ្ឌ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ