ភូមិរបរចងអំបោសនៅឃុំ Phu Binh ស្រុក Phu Tan ខេត្ត An Giang

(VOVWORLD) - ជិត ២០ ឆ្នាំមុន (ឆ្នាំ ២០០៦) ភូមិរបរចងអំបោស Con Nho ឃុំ Phu Binh ស្រុក Phu Tan ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត An Giang ទទួលស្គាល់ថាជាភូមិសិប្បកម្ម។ បច្ចុប្បន្ន ភូមិរបរនេះកាន់តែត្រូវបានវិនិយោគ និងពង្រីកទ្រង់ទ្រាយអភិវឌ្ឍន៍។

ភូមិរបរចងអំបោស Con Nho មានតាំងពីរាប់សិបឆ្នាំមកហើយ ដែលភាគច្រើនប្រមូលផ្តុំនៅភូមិ Binh Thanh។ ព្រឹទ្ធាចារ្យភូមិបានរៀបរាប់ថា កាលពីអតីតកាលនៅស្រុក Con Nho នេះ ដើមត្រែងដុះលូតលាស់យ៉ាងទ្រុពទ្រុល ហើយនៅក្នុងរដូវទឹកឡើង ប្រជាជនទៅយកផ្កាដើមត្រែងមកហាលឱ្យស្ងួត រួចចងជាអំបោសសម្រាប់ប្រើប្រាស់ក្នុងផ្ទះ។ ម្នាក់នេះបានណែនាំម្នាក់ទៀត បន្តិចម្ដងៗការចងអំបោសបានក្លាយជារបរចិញ្ចឹមជីវិតរបស់គ្រួសារជាច្រើនតាំងពីពេលនោះមក។

ភូមិរបរចងអំបោសនៅឃុំ Phu Binh ស្រុក Phu Tan ខេត្ត An Giang - ảnh 1លោក Dao Trung Hieu ឧទ្ទេសនាមពីប្រភេទអំបោសមួយចំនួនដែលត្រូវបានផលិតនៅសិប្បកម្មរបស់គាត់។ (រូបថត៖ VOV)

បច្ចុប្បន្ន ភូមិរបរមានគ្រួសារផលិតនិងធ្វើអាជីវកម្មប្រមាណ៣៥០ គ្រួសារ ដែលទាក់ទាញកម្មករជាង១០០០នាក់។ អំបោសមានពីរប្រភេទគឺ អំបោសផ្កាត្រែង និងអំបោសផ្កាស្មៅ។ តម្លៃប្រហែល ២ ម៉ឺនដុង/ដើម (ជិត ១ ដុល្លារ)។ ជាមធ្យមក្នុងមួយខែ ភូមិផលិតអំបោសបាន២០ម៉ឺនដើម។ ផលិតផលត្រូវបានលក់ចេញទៅតំបន់ជាច្រើនក្នុងប្រទេសនិងនាំចេញទៅបរទេសទៀតផង។ លោក Dao Trung Hieu ម្ចាស់សិប្បកម្មដ៏ធំមួយនៅមូលដ្ឋានបាននិយាយថា៖

“ទីផ្សារនាំចេញភាគច្រើនគឺប្រទេសកម្ពុជាដែលស្រូបយកប្រហែល ៧០% ខណៈដែល ៣០% ត្រូវបានបែងចែកស្មើៗគ្នារវាងទីផ្សារក្នុងស្រុក ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ។ អាស្រ័យលើការបញ្ជាទិញ អាចមានរថយន្តដឹកទំនិញពី ៤ ទៅ ៥ គ្រឿងក្នុងមួយសប្តាហ៍។ រយៈពេលដ៏មមាញឹក គឺជាប៉ុន្មានខែជិតបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា។ នៅពេលនេះ មានការបញ្ជាទិញបន្ថែមច្រើន ដូច្នេះត្រូវការកម្មករពី៦០ទៅ៧០នាក់ជារៀងរាល់ថ្ងៃ”។

បើតាមប្រជាពលរដ្ឋនៅក្នុងភូមិសិប្បកម្មនេះ បច្ចុប្បន្ននេះ ការចងអំបោសមានការគាំទ្រដោយគ្រឿងចក្រហើយ ដូចជា ម៉ាស៊ីនបាញ់វីសចូលដងអំបោស ដូច្នេះអំបោសអាចប្រើប្រាស់បានយូរនិងស្អាតជាង។ ទោះជាយ៉ាងណាក៏ដោយ ដំណាក់កាលភាគច្រើនក្នុងការចងអំបោសនៅតែត្រូវធ្វើដោយដៃ។ អំបោសមួយដើម មិនថាដងធ្វើពីជ័រ ឬឫស្សី សុទ្ធតែឆ្លងកាត់ដំណាក់កាលមួយចំនួនដូចជា ការរុំ ការចងខ្សែ ជាដើម។ គ្រឿងចក្រទំនើបក៏មិនអាចជំនួសបាតដៃដ៏ប៉ិនប្រសប់របស់មនុស្សបានទេ។ អាស្រ័យដោយមានទីផ្សារអ្នកប្រើប្រាស់ដោយស្ថេរភាព ប្រាក់ចំណូលរបស់កម្មករក៏មានលំនឹងដែរ។ អ្នកស្រី Ha Vy និងអ្នកស្រី Doan Thi Nhu Y ជាអ្នកប្រកបរបរចងអំបោសនៅឃុំ Phu Binh បានឲ្យដឹងថា៖

“ពីមុនខ្ញុំធ្វើការនៅភោជនីយដ្ឋានមួយនៅខេត្ត Binh Duong បន្ទាប់មកត្រឡប់ទៅស្រុកកំណើតធ្វើការងារចងអំបោស។ ខ្ញុំប្រកបរបរនេះបានជាងមួយឆ្នាំហើយ ប្រាក់ចំណូលក៏សមរម្យដែរ”។

“ពីមុនខ្ញុំនៅផ្ទះ ជួយម្តាយមើលថែប្អូនបង្កើត ឥឡូវខ្ញុំធ្វើការចងអំបោស។ ធ្វើការនៅទីនេះមានស្ថិរភាព ទទួលបានប្រាក់ចំណូលពី ៥ ទៅ ៦ លានដុង (២១២ - ២៥៤ ដុល្លារអាមេរិក) ក្នុងមួយខែ”។

ភូមិរបរចងអំបោសនៅឃុំ Phu Binh ស្រុក Phu Tan ខេត្ត An Giang - ảnh 2ជាមធ្យមក្នុងមួយខែ ភូមិផលិតអំបោសបាន២០ម៉ឺនដើម។

បើកាលពីមុន ផ្កាដើមត្រែងដែលជាវត្ថុធាតុដើមស្នូលសម្រាប់ផលិតអំបោស មានតែក្នុងរដូវទឹកជំនន់ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ វត្ថុធាតុដើមនេះត្រូវបាននាំចូលពីខេត្តភាគកណ្តាល មិនអាស្រ័យតាមរដូវនោះទេ តែវត្ថុធាតុដើមមានច្រើនសម្បូរហូរហៀរ ដូច្នេះអាចផលិតពេញមួយឆ្នាំ។ លោក Cao Van Muc ម្ចាស់សិប្បកម្មផលិតអំបោសមួយនៅភូមិ Binh Thanh ឃុំ Phu Binh បានឲ្យដឹងថា៖

“កាលពីមុន គេយកផ្កាដើមត្រែងនៅ Ca Mau ឬ Kien Giang... ប៉ុន្តែបានមួយរយៈអស់ហើយ។ ក្រោយមកមានផ្កាដើមត្រែងនៅតំបន់ភាគកណ្តាល គេលក់វាមកឲ្យខ្ញុំពេញមួយឆ្នាំ ដោយមិនដែលខ្វះវត្ថុធាតុដើមទេ។ ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើអំបោសបានប្រហែល ១០០០ ដើម ដកថ្លៃដើមពលកម្ម គឺអំបោសនីមួយៗរកបានប្រាក់ចំណេញ ១ពាន់ដុង (០,០៤ ដុល្លារ)។

ដើម្បីថែរក្សានិងអភិវឌ្ឍន៍ភូមិរបរ គណៈកម្មាធិការប្រជាជនឃុំ និងធនាគារគោលនយោបាយសង្គមសាខាស្រុក Phu Tan បានបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនទទួលបានប្រភពទុនកម្ចីអនុគ្រោះជាមួយនឹងអត្រាការប្រាក់ទាប។ ក្នុងរយៈពេលវែង លោក Ho Thanh That អ្នកគ្រប់គ្រងភូមិរបរ ឃុំ Phu Binh បានឲ្យដឹងថា៖

“ភូមិរបរបានបង្កើតការងារជូនពលករនៅមូលដ្ឋាន រួមចំណែកធានាសន្តិសុខសង្គម។ ជាទូទៅ អ្នកដែលធ្វើការនៅក្នុងភូមិរបរមិនមែនជាគ្រួសារក្រីក្រ ឬលើបន្ទាត់ក្រីក្រទៀតឡើយ។ តាមតម្រូវការទីផ្សារ តម្រូវឱ្យមានការច្នៃម៉ូដែលឱ្យកាន់តែច្រើននិងសម្បូរបែប។ ឃុំ Phu Binh និងស្រុក An Phu ក៏បានគិតដល់ការបង្កើតម៉ាកយីហោភូមិរបរនេះផងដែរ ដោយបង្កើតសហករណ៍ដើម្បីចងសម្ព័ន្ធគ្នា បង្កើតជាផលិតផល “អំបោស Phu Binh” ដើម្បីលក់ទៅកាន់ទីផ្សារក្នុងតម្លៃខ្ពស់ជាងមុន”។

អំបោសត្រូវបានផលិតពេញមួយឆ្នាំ មិនត្រឹមតែបង្កើតប្រាក់ចំណូលស្ថិរភាពសម្រាប់ប្រជាជននៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្ស ថែរក្សា និងអភិវឌ្ឍន៍មុខរបរប្រពៃណី និងអភិរក្សវប្បធម៌ភូមិរបរទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ