ភូមិ Hoai Khao ខេត្ត Cao Bang អភិវឌ្ឍន៍ទេសចរណ៍ដោយផ្សារភ្ជាប់នឹងការអភិរក្សវប្បធម៌ជនជាតិ
(VOVWORLD) - Hoai Khao គឺជាភូមិតូចមួយក្នុងឃុំ Quang Thanh ស្រុក Nguyen Binh ខេត្ត Cao Bang។ នេះជាកន្លែងដែលជនជាតិ Dao Tien រស់នៅ។ ដោយមានទេសភាពដ៏ស្រស់ស្អាត និងអត្តសញ្ញាណវប្បធម៌ជនជាតិដ៏វិសេសវិសាល ខេត្ត Cao Bang បានកសាង Hoai Khao ទៅជាភូមិទេសចរណ៍សហគមន៍ អភិវឌ្ឍន៍ទេសចរណ៍ដោយផ្សារភ្ជាប់ជាមួយនឹងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។
ភូមិ Hoai Khao មើលពីខាងលើ។ (រូបថត៖ Ngoc Anh) |
ភូមិ Hoai Khao ស្ថិតនៅក្នុងជ្រលងភ្នំតូចមួយ ដោយមានផ្ទះត្រូវបានសាងសង់ពីឈើ និងប្រក់ក្បឿង បង្កើតជាភាពស្រស់ស្អាតដ៏សំបូរទៅដោយអត្តសញ្ញាណជនជាតិផង មានលក្ខណៈបុរមបុរាណផង។ ក្នុងភូមិមានប្រជាជនតែជាង ៣០គ្រួសារប៉ុណ្ណោះ ក្នុងនោះ ១០០% ជាជនជាតិ Dao Tien។ គម្រោងភូមិទេសចរណ៍សហគមន៍ Hoai Khao ត្រូវបានអនុវត្តន៍ជាសាកល្បងតាំងពីឆ្នាំ ២០១៨ ហើយដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ ២០២០ មក។ លោកស្រី To Thi Trang នាយិការងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Cao Bang បានមានប្រសាសន៍ថា៖
“យើងខ្ញុំបានបណ្ដុះបណ្ដាលឲ្យអ្នកភូមិពីបំណិនស្វាគមន៍ និងបម្រើភ្ញៀវទេសចរនៅពេលពួកគេមកដល់ភូមិទេសចរណ៍ Hoai Khao។ តម្រង់ទិសសម្រាប់ភូមិ Hoai Khao ដើម្បីកសាងផលិតផលទេសចរណ៍ដ៏វិសេសវិសាល ដូចជាទទួលយកបទពិសោធន៍វប្បធម៌ប្រពៃណីរបស់ជនជាតិ Dao Tien និងកសាងកន្លែងសម្រាប់ភ្ញៀវទេសចរមកទស្សនា ថតរូបនិងទិញផលិតផលប្រចាំស្រុក។ អាស្រ័យហេតុនេះ ចំនួនភ្ញៀវទេសចរមកកាន់ Hoai Khao កាន់តែកើនឡើង ហើយគុណភាពនៃសេវាកម្មទេសចរណ៍ក៏ប្រសើរឡើងផងដែរ។ បច្ចុប្បន្ននេះ ខេត្ត Cao Bang មានភូមិទេសចរណ៍សហគមន៍ចំនួន ៧ កន្លែងដែលក្នុងនោះ Hoai Khao គឺជាចំណុចលេចធ្លោនៃទេសចរណ៍សហគមន៍ក្នុងខេត្ត Cao Bang”។
ប្រជាជនភូមិ Hoai Khao សម្ដែងការបោះពុម្ពនិងប៉ាក់លំនាំដោយក្រមួនឃ្មុំ។ |
ចាប់តាំងពីមានគម្រោងអភិវឌ្ឍន៍ភូមិ Hoai Khao ទៅជាគោលដៅទេសចរណ៍សហគមន៍មក ប្រជាជននៅក្នុងភូមិបានរៀនសូត្រ និងចែករំលែកបទពិសោធន៍ទៅវិញទៅមកយ៉ាងសកម្ម។ លោក Chu Minh Duc ម្ចាស់ផ្ទះសំណាក់នៅភូមិ Hoai Khao បាននិយាយថា៖
“គ្រួសាររបស់ខ្ញុំបានចាប់ផ្តើមធ្វើទេសចរណ៍នៅឆ្នាំ ២០២១។ ទោះបីជាផ្ទះសំណាក់បានដំណើរការក៏ដោយ ប៉ុន្តែយើងខ្ញុំនៅតែសាងសង់ ជួសជុល កសាងផ្ទះសំណាក់ឲ្យ កាន់តែពិសេស និងប្លែក ដើម្បីទាក់ទាញភ្ញៀវទេសចរ។ អ្នកភូមិជួយគ្នាក្នុងការធ្វើទេសចរណ៍ គ្រួសារណាដែលមិនបើកផ្ទះសំណាក់ គឺប្រកបរបរបោះពុម្ភលំនាំដោយក្រមួនឃ្មុំ ឬរបរដេរប៉ាក់ គ្រួសារខ្លះប្រកបរបរលក់ថ្នាំបុរាណ ថ្នាំងូតទឹក និងថ្នាំត្រាំជើង។ យើងខ្ញុំផ្សព្វផ្សាយផ្ទះសំណាក់តាមរយៈ Facebook ទេសចរណ៍ស្រុក Nguyen Binh និងទេសចរណ៍ខេត្ត Cao Bang។ ចំនួនភ្ញៀវទេសចរដែលមកទីនេះ ភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក។ ភ្ញៀវទេសចរមកច្រើនកុះករនៅថ្ងៃឈប់សម្រាក ឬថ្ងៃចុងសប្តាហ៍”។
ដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅមូលដ្ឋាន ស្រុក Nguyen Binh បានវិនិយោគនិងកែលម្អផ្ទះវប្បធម៌ សាងសង់កន្លែងទទួលភ្ញៀវ ចំណតរថយន្ត ជួសជុលឡើងវិញនូវអគារវប្បធម៌មួយចំនួន តាំងបង្ហាញឧបករណ៍ សំលៀកបំពាក់ ប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃរបស់ជនជាតិ Dao។ ការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានបានជួយឱ្យគំរូទេសចរណ៍សហគមន៍ភូមិ Hoai Khao មានការរីកចំរើន។ លោក Hoang Quoc Chan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Quang Thanh បានឲ្យដឹងថា៖
“ភូមិ Hoai Khao បច្ចុប្បន្នមានគ្រួសារចំនួន ៧ ដែលអនុវត្តន៍គំរូផ្ទះសំណាក់សម្រាប់ទទួលភ្ញៀវទេសចរ ដោយផ្ទះនីមួយៗអាចទទួលភ្ញៀវទេសចរណ៍បានចំនួន ១០ នាក់។ ចំនួនភ្ញៀវទេសចរជាមធ្យមមកកាន់ភូមិ Hoai Khao ជារៀងរាល់ឆ្នាំមានពី ៤០០ ទៅ ៦០០ នាក់ រួមទាំងជនបរទេសផងដែរ។ យើងខ្ញុំតម្រង់ទិសឲ្យប្រជាជនបង្កើតផលិតផល អនុស្សាវរីយ៍ដូចជា កន្សែង ខ្នើយ និងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតដើម្បីឱ្យភ្ញៀវទេសចរសាកពិសោធន៍ និងប្រើប្រាស់ផលិតផលដែលផលិតដោយជនជាតិ Dao Tien”។
ភ្ញៀវទេសចររីករាយនឹងបទពិសោធន៍បោះពុម្ភលំនាំដោយក្រមួនឃ្មុំ។ |
សក្ដានុពល និងគុណសម្បត្តិនៃទេសចរណ៍ Hoai Khao គឺអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Dao Tien នៅទីនេះ ត្រូវបានរក្សាឱ្យនៅដដែល តាំងពីស្ថាបត្យកម្មផ្ទះសម្បែង និងមុខរបរប្រពៃណីដូចជា៖ របរឆ្លាក់ប្រាក់ របរតម្បាញ របរដេប៉ាក់និងបោះពុម្ពលំនាំដោយក្រមួនឃ្មុំ រហូតដល់រូបមន្តផ្សំឱសថបុរាណរបស់ជនជាតិ Dao ផងដែរ។ ជាពិសេស របរប៉ាក់និងបោះពុម្ភលំនាំជាមួយក្រមួនឃ្មុំរបស់ជនជាតិ Dao Tien បានបង្កើតការចាប់អារម្មណ៍ចំពោះភ្ញៀវទេសចរ។ អ្នកស្រី Cong Hoai Anh ភ្ញៀវទេសចរពីទីក្រុងហាណូយ មកកាន់ភូមិ Hoai Khao បានសម្តែងថា៖
“ខ្ញុំបានជ្រើសរើសកន្លែងនេះដើម្បីមកកម្សាន្ត ព្រោះខ្ញុំបានដឹងថា មានរបរធ្វើគំនូរដោយក្រមួនឃ្មុំនៅទីនេះ ដូច្នេះខ្ញុំចង់បានសាកពិសោធន៍។ ដំបូងវាពិបាកម៉ែន ប៉ុន្តែដោយមានការណែនាំពីប្រជាជននៅទីនេះ ខ្ញុំអាចធ្វើបាន សំខាន់គឺត្រូវមានភាពល្អិតល្អន់ និងប្រយ័ត្នប្រយែង។ ប្រសិនបើមានឱកាស ខ្ញុំនឹងត្រឡប់មកទីនេះវិញ ហើយស្វែងយល់គោលដៅថ្មីៗជាច្រើនក្នុងខេត្ត Cao Bang”។
ភូមិទេសចរណ៍សហគមន៍ Hoai Khao ស្រស់ស្អាតដូចគំនូរមួយផ្ទាំង នាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ។ មកទីនេះ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ពីសម្រស់ដ៏សាមញ្ញ រហោស្ថាននិងពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិ Dao Tien៕