មនោសញ្ចេតនាចែករំលែកគ្នាទៅវិញទៅមករបស់ប្រជាកសិករទីក្រុងហាណូយក្នុងបរិបទនៃជំងឺរាតត្បាត

(VOVWORLD) - ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ សហគមន៍ទាំងមូលកាន់តែស្រឡាញ់រាប់អានគ្នា និងទំនូលខុសត្រូវ រួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ នារយៈពេលកន្លងទៅ សមគមន៍កសិករទីក្រុងហាណូយបានកៀរគរប្រភពធនធានទាំងអស់ ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ យ៉ាងទាន់ពេលវេលាផងដែរ។

 

 

 

មនោសញ្ចេតនាចែករំលែកគ្នាទៅវិញទៅមករបស់ប្រជាកសិករទីក្រុងហាណូយក្នុងបរិបទនៃជំងឺរាតត្បាត - ảnh 1សមាគមកសិករទីក្រុងហាណូយជូនអំណោយដល់គ្រួសារកសិករដែលមានស្ថានភាពរស់នៅលំបាក (រូបថត៖NgocAnh/VOV)

ដោយស្មារតី “ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក៏ដូចជាប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវអញ្ចឹង” គណៈអចិន្ត្រៃយ៍នៃសមាគមកសិករទីក្រុងហាណូយបានបង្កើតប៉ុស្តិ៍បញ្ជាការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។ សមាគមកសិករទីក្រុងហាណូយគ្រប់លំដាប់ថ្នាក់បានធ្វើការចលនាដល់កម្មាភិបាល និងសមាជិកសមាគមជិត ៤ ពាន់នាក់ ចូលរួមប្រចាំការនៅតាមច្រកត្រួតពិនិត្យជំងឺរាតត្បាត; ប្រជាជនជាង ៥ ២០០ នាក់បានចូលរួមក្រុមប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ សហគមន៍ និងប្រជាជនជាង ១ ៦០០ នាក់បានចូលរួមផ្សព្វផ្សាយតាមរយៈ Face Book, Zalo និងក្រុម Fanpage នៅមូលដ្ឋានផងដែរ។

ដោយអនុវត្តន៍កម្មវិធី “មនោសញ្ចេតនាកសិករ - សាមគ្គីភាព និងចែករំលែកគ្នា” ក្នុងអំឡុងពេលអនុវត្តន៍វិធានការរក្សាគម្លាតសង្គមនោះ សមាគមកសិករទីក្រុងហាណូយបានធ្វើការចលនាដល់កម្មាភិបាល និងសមាជិកសមាគម ជួយឧបត្ថម្ភមូលនិធិវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ជាមួយទឹកប្រាក់ជាង ៥ ពាន់លានដុង; ជួយឧបត្ថម្ភមូលនិធិវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រមាណ ៦ ពាន់លានដុង។ លោកស្រី Pham Hai Hoa ប្រធានសមាគមកសិករទីក្រុងហាណូយបានឲ្យដឹងថា៖ “គំរូច្នៃប្រឌិតជាច្រើនរបស់ប្រជាកសិករទីក្រុងហាណូយត្រូវបានអនុវត្តន៍

ប្រកបដោយប្រសិទ្ធភាព ដូចជាក្រុមតភ្ជាប់ការបញ្ចេញលក់កសិផល ស្តង់ទំនិញឥតគិតថ្ងៃជូនអ្នកក្រីក្រ។ សមាគមគ្រប់ជាន់ថ្នាក់បានតភ្ជាប់គ្នា ដើម្បីបញ្ចេញលក់កសិផលរាប់ពាន់តោន ជួយឧបត្ថម្ភបន្លែស្រស់ៗ ជាង ៧០ តោនជូនទីក្រុងនិងសម្របសម្រួលជាមួយសម្ព័ន្ធយុវជនទីក្រុងហាណូយរៀបចំកម្មវិធីអាហាររាប់លានកញ្ចប់។ ទន្ទឹមនឹងនោះ សមាគមកសិករទីក្រុងហាណូយក៏បានប្រគល់អំណោយចំនួន ៧ ៨៤៥ កញ្ចប់ ក្នុងតម្លៃ ៣,២ ពាន់លានដុងជួនកម្លាំងជួរមុខប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងពលករក្រីក្រផងដែរ”។

 រហូតមកដល់ពេលនេះ សមាគមកសិករទីក្រុងហាណូយគ្រប់ជាន់ថ្នាក់បានទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងជួរមុខប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ជាមួយទឹកប្រាក់សរុបជាង ១២ ពាន់លានដុង។ ជាពិសេស ក្នុង

អំឡុងពេលផ្ទុះជំងឺរាតត្បាតនោះ ខ្សែសង្វាក់ផ្គត់ផ្គង់កសិផលដល់ទីក្រុងមិនរងការកាត់ផ្តាច់ និងអាក់ខានឡើយ។ លោកស្រី Nguyen Thi Thanh ប្រធានសមាគមកសិករស្រុក Hoai Duc បានសំណេះសំណាលថា៖ “សមាគមកសិករគ្រប់ជាន់ថ្នាក់បានបង្កើតក្រុមការងារបញ្ចេញលក់កសិផលពីស្រុកដល់ឃុំ។ យើងខ្ញុំបានតភ្ជាប់ជាមួយមូលដ្ឋាននានាក្នុងស្រុក ដើម្បីធ្វើការសម្របសម្រួលដល់ស្រុក ក៏ដូចជាតភ្ជាប់ជាមួយសមាគមកសិករទីក្រុងហាណូយ និងអង្គការមហាជនរបស់ខ័ណ្ឌ និងស្រុកផ្សេងៗទៀត។ ប្រសិនបើកសិផលក្នុងស្រុកបញ្ចេញលក់មិនអស់នោះ យើងខ្ញុំនឹងបញ្ចេញលក់នៅតាមខ័ណ្ដ ស្រុកផ្សេងៗទៀត ឬក៏ជួយប្រមូលទិញកសិផលនៅខ័ណ្ឌផ្សេងៗទៀតផងដែរ”។

ដោយបានជួយជ្រោមជ្រែង  “អំណោយរាប់លានកញ្ចប់ - កសិផលរាប់ពាន់តោន”  ដែលត្រូវបានមជ្ឈឹមសមាគមកសិករវៀតណាមបំផុសឡើងនោះ សមាគមកសិករទីក្រុងហាណូយបានជូនសមាគមកសិករខេត្ត Binh Duong និង សមាគមកសិករខេត្ត Dong Nai ទឹកប្រាក់ចំនួន ៥០ លានដុងសម្រាប់ខេត្តនីមួយៗ ទម្ទឹមនឹងនេះ មានគំរូកសិករឆ្នើមជាច្រើនក្នុងផលិតកម្ម ធ្វើអាជីវកម្ម រួមគ្នាជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ។ អ្នកស្រី Vu Thi Dung ប្រធានសាខាសមាគមរបរកាត់ដេរឃុំ Cao Vien ស្រុក Thanh Oai បានឲ្យដឹងថា៖ “យើងខ្ញុំបានបង្កើតក្រុម zalo ដើម្បីដាក់បញ្ចូល និងចែករំលែកទំនិញថ្មី និងម៉ូដថ្មីជាមួយគ្នា។ ទន្ទឹមនឹងនេះ យើងខ្ញុំបានចែករំលែកអំពីប្រភពវត្ថុធាតុដើម និងតម្លៃ ដើម្បីជួយសម្រួលគ្នា។ ដូច្នេះហើយ យើងខ្ញុំបានលក់ផលិតផលសម្រេចក្នុងតម្លៃតែមួយផងដែរ”។

សមាគមកសិករទីក្រុងហាណូយកំពុងរួមដំណើរជាមួយប្រជាកសិករ ព្រមទាំងជួយឧបត្ថម្ភ និងចែករំលែកការលំបាកជាមួយកសិករតាមរយៈសកម្មភាពជាក់ស្ដែង។ ក្នុងស្មារតី "ជួយគ្នាទៅវិញទៅមក" គឺជាប្រភពលើកទឹកចិត្តដ៏ធំធេង សម្រាប់មនុស្សគ្រប់រូប ដើម្បីជំនះពុះពារលើការលំបាក ដែលបណ្ដាលមកពីជំងឺរាតត្បាត ក៏ដូចជារក្សាស្ថិរភាពជីវភាពរស់នៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ