លើកកម្ពស់ប្រសិទ្ធភាពគំរូផលិតកម្មស្រូវ-បង្កង
(VOVWORLD) - រូបសណ្ឋានផលិតកម្មបង្កង-ស្រូវ ឆ្ពោះទៅរកកសិផលប្រកបដោយសុវត្ថិភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុកំពុងត្រូវបានប្រជាកសិករនៅខេត្ត Ca Mau ជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា។ គិតត្រឹមបច្ចុប្បន្ននេះ ខេត្ត Ca Mau ទាំងមូលមានផ្ទៃដៃផលិតកម្មបង្កង-ស្រូវ មានទំហំជាង ៤ មឺនហិកតា ដោយប្រមូលភាគច្រើននៅភូមិសាស្ត្រស្រុក Thoi Binh ស្រុក Tran Van Thoi ស្រុក U Minh ស្រុក Cai Nuoc និងទីក្រុង Ca Mau។
រូបសណ្ឋានស្រូវ-បង្កង |
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនបានសកម្មអនុវត្តន៍បច្ចេកទេសថ្មី ដាំពូជស្រូវ ដែលមានគុណភាពខ្ពស់ ចិញ្ចឹមបង្កងដង្កៀប និងបង្កងនាគ ដូច្នេះហើយ ប្រាក់ចំណូលរបស់ក្រុមគ្រួសារនានាពីរូបសណ្ឋាននេះបានកើនឡើងយ៉ាងច្បាស់លាស់ផងដែរ។
ក្រុមគ្រួសារលោកស្រី Nguyen Thi Man នៅឃុំ Khanh Thuan ស្រុក U Minh ខេត្ត Ca Mau មានផ្ទៃដីធ្វើរូបសណ្ឋានផលិតកម្មស្រូវ-បង្កងប្រមាណ ២ ហិកតា។ ចំពោះរូបសណ្ឋានផលិតកម្មស្រូវ-បង្កងកាលពីមុន ក្រុមគ្រួសាររបស់លោកស្រី Man ទទួលបានប្រាក់ចំណូលប្រមាណ ៦០ លានដុង/ហិកតា ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ចាប់តាំងពីពេលចិញ្ចឹមពូជបង្កងដង្កៀបថ្មីមក ប្រាក់ចំណូលបានកើនឡើងជាមធ្យមប្រមាណ ៨០ លានដុងក្នុងមួយហិកតា។ ដោយឡែក ក្នុងឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថាទទួលបានជាង ៩០ លានដុងក្នុងមួយហិកតា។ “ឆ្នាំនេះ អាកាសធាតុអំណោយផល ភ្លៀងធ្លាក់ច្រើន ដូច្នេះហើយមានទឹកសាបច្រើន។ អាស្រ័យហេតុនេះ យើងខ្ញុំទទួលបានរដូវស្រូវ និងបង្កង អំណោយ ផល ផងដែរ”។
កាលពីមុន នៅពេលធ្វើរូបសណ្ឋានស្រូវ-បង្កង ប្រជាជនបានចិញ្ចឹម និងដាំដុះ ពឹងផ្អែកភាគច្រើនលើបទពិសោធន៍ និងផលិតកម្មបែបប្រពៃណី។ ប៉ុន្តែ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅពេលដែលរូបសណ្ឋាននេះបានបង្ហាញយ៉ាងច្បាស់លាស់រាល់ប្រសិទ្ធភាពអំពីសេដ្ឋកិច្ច ហើយប្រជាជនត្រូវបានបង្កលក្ខណៈងាយស្រួលក្នុងការហ្វឺកហ្វឹនបច្ចេកទេស ដើម្បីឆ្ពោះទៅរកផលិតកម្មប្រកបដោយនិរន្តរភាព។ ដោយអាស្រ័យលើការផ្លាស់ប្ដរការត្រិះរិះ ការខិតខំប្រឹងប្រែងសិក្សា ប្រជាកសិករទទលបានប្រសិទ្ធភាពក្នុងផលិតកម្ម។ នៅស្រុក Cai Nuoc ជាមួយនឹងការប្រលែងបង្កងដង្កៀបក្នុងរដូវដាំស្រូវ ប្រជាកសិករទទួលបានប្រាក់ចំណូលបន្ថែមប្រមាណ ២០ លានដុង/ហិកតា/ឆ្នាំ។ លោក Mai Van Quoc នាយកសហករណ៍សេវាកម្ម កសិកម្ម - ជលផល Quyet Tien ឃុំ Thanh Phu ស្រុក Cai Nuoc បានឲ្យដឹងថា៖ “យើងខ្ញុំបានបើកវគ្គហ្វឺកហ្វឹនដល់ប្រជាកសិករ ណែនាំអំពីរបៀបចម្រះទឹកប្រៃនិងថែរក្សាស្រូវក្រោយពេលសាបព្រួស។ ជាពិសេសនៅពេលដែលមានការប្រែប្រួលអាកាសធាតុ ប្រជាកសិករចេះអនុវត្តន៍វិធានការបច្ចេកទេសសមស្រប ការពារដំណាំឲ្យបានល្អប្រសើរ។ តាមរូបសណ្ឋានស្រូវ-បង្កង រដូវទឹកប្រៃគឺចិញ្ចឹមបង្កងនាគ រដូវទឹកសាបគឺដាំស្រូវ និងប្រលែងបង្កងដង្កៀបបន្ថែម ដើម្បីនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងមុនផងដែរ”។
រូបសណ្ឋានស្រូវ-បង្កង |
ស្រុក Tran Van Thoi ខេត្ត Ca Mau គឺជាស្រុកមួយក្នុងចំណោមតំបន់ ដែលបានអនុវត្តន៍រូបសណ្ឋានដាំស្រូវ ចិញ្ចឹមបង្កងប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងនោះត្រូវរំលឹកដល់ឃុំ Tri Luc ផងដែរ។ នៅចុងខែតុលាឆ្នាំ ២០២២ អង្គការវិញ្ញាបនបត្រអន្តរជាតិសកលឯករាជ្យក្នុងការគ្រប់គ្រង និងឃ្លាំមើលទំនិញ (Control Union) បានប្រគល់វិញ្ញាបនបត្រជាប់ស្តង់ដារ ASC Group - បញ្ជាក់ថ្នាក់អន្តរជាតិចំពោះជលផល ដែលត្រូវបានចិញ្ចឹមប្រកបដោយមានការទទួលខុសត្រូវ កាត់បន្ថយជាអតិបរមាផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សហគមន៍និងធានាបទប្បញ្ញត្តិអំពីពលកម្ម។ នេះមិនត្រឹមតែជាផ្ទៃដីចិញ្ចឹមបង្កងនាគនៅលើវាលស្រែ ដែលទទួលបានការបញ្ជាក់ ASC Group ដើមដំបូងនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងដើមដំបូងរបស់ពិភពលោកទៀតផង។ ជាមួយនឹងវិញ្ញាបនប័ត្រនេះ បង្កង និងគ្រាប់អង្ករនៅតំបន់នេះ នឹងទទួលបានស្តង់ដារនាំចេញទៅកាន់ទីផ្សារ ដ៏តឹងរ៉ឹងនៅលើពិភពលោក។ លោក Chau Cong Bang អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Ca Mau បានឲ្យដឹងថា៖ “តាមការតំរង់ទិសដៅដល់ឆ្នាំ ២០២៥ ខេត្តមានផ្ទៃដីបង្កង ស្រូវយ៉ាងហោចណាស់ប្រហែល ២០% ដោយទទួលបានវិញ្ញាបនបត្រអន្តរជាតិ ក្នុងនោះមានវិញ្ញាបនបត្រសរីរាង្គ EU Organic វិញ្ញាបនប័ត្រ ASC និងវិញ្ញាបនប័ត្រផ្សេងៗទៀត។ ហើយដល់ឆ្នាំ ២០៣០ ផ្នែកកសិកម្មបានតម្រង់ទិសដៅសាងសង់ផ្ទៃដីបង្កង ស្រូវទាំងមួលរបស់ខេត្ត Ca Mau សុទ្ធតែទទួលបានវិញ្ញាបនប័ត្ររបស់អន្តរជាតិ ដើម្បីពង្រីកតម្លៃទាំងរបស់ស្រូវ និងបង្កងផងដែរ”។
ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពបណ្ដារូបសណ្ឋានសេដ្ឋកិច្ចវិលជុំជាមួយគ្នា បានជួយប្រជាជនខេត្ត Ca Mau ជាច្រើនក្លាយទៅជាអ្នកមាន។ តថភាពជាក់ស្ដែងបានសរឲ្យឃើញថា ការអនុវត្តរូបសណ្ឋាន "បង្កងអោបដើមស្រូវ" ក្នុងប៉ុន្មានឆ្នាំកន្លងទៅនៅខេត្ត Ca Mau បាននាំមកនូវតម្លៃប្រកបដោយនិរន្តរភាព។ នាពេលខាងមុខ ខេត្ត Ca Mau នឹងបន្តពង្រីករូបសណ្ឋាន និងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមបង្កងដង្កៀប និងបង្កងនាគឆ្លាស់គ្នានៅវាលស្រែ ដើម្បីជួយប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារឲ្យកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕