លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅស្រុកព្រៃភ្នំ Bac Yen ខេត្ត Son La
(VOVWORLD) - ដោយបានកំណត់ថាការរស់នៅសុខដុមរមនាគឺជាការបោះជំហានដ៏សំខាន់ក្នុងការងារលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ គម្រោង និងគោលនយោបាយសុខុមាលភាពសង្គមជាច្រើនត្រូវបានខេត្ត Son La អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ នៅតាមស្រុកព្រៃភ្នំនានា ក្នុងនោះមានស្រុក Bac Yen គ្រួសារក្រីក្រជាច្រើនគ្រួត្រូវបានជួយឧបត្ថម្ភទុនផលិតកម្ម ដើម្បីកែលម្អរបររកស៊ី លុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ន។ គោលនយោបាយទាំងនេះបានបង្កើតការផ្លាស់ប្តូរជាបណ្តើរៗនៅក្នុងតំបន់ដែលមានស្ថានភាពលំបាក។
ឃុំព្រៃភ្នំស្រុក Bac Yen ។ រូបថត៖ Hang Cho La/ Bac Yen |
Bac Yen គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង ៦ ដែលបានសម្រេចរួចរាល់ការងារលុបបំបាត់ផ្ទះបណ្ដោះអាសន្នក្រោមគម្រោង “ប្រមូលប្រភពធនធានជួយឧបត្ថម្ភគ្រួសារក្រីក្រដែលជួបការលំបាកអំពីផ្ទះស្នាក់នៅនៅភូមិសាស្ត្រខេត្ត Son La ដំណាក់កាល ២០២១-២០២៥” តាមនោះ ទឹកប្រាក់ប្រមាណ២០ ពាន់លានដុង (៨៤៣ ពាន់ដុល្លារអាមេរិក) ត្រូវបានប្រមូលផ្តុំ ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្នជូនគ្រួសារជាង ៣១០ គ្រួ ដែលជួបការលំបាកអំពីផ្ទះស្នាក់នៅ ហើយភាគច្រើនជាបងប្អូនជនជាតិ Mong ។ លោក Dang Ngoc Hau អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានមានប្រសាសន៍ថា លទ្ធផលនេះគឺអាស្រ័យលើការចូលរួមរបស់ខេត្តរហូតដល់មូលដ្ឋាន៖ “យើងត្រូវតែអះអាងថា ការលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្នជូនគ្រួសារក្រីក្រ គឺជាគោលការណ៍ដ៏សំខាន់មួយរបស់រដ្ឋ និងខេត្ត ហើយជាគោលនយោបាយមនុស្សធម៌ ព្រោះថាមានតែទីលំនៅស្ថិរភាព ទើបប្រកបរបរបាន។ ដូច្នេះការលុបបំបាត់លំនៅដ្ឋានបណ្ដោះអាសន្នជាការបោះជំហានមួយជួយគ្រួសារនានាឲ្យរួចផុតពីភាពក្រីក្រប្រកបដោយនិរន្តរភាព”។
លុបបំបាត់ផ្ទះបណ្ដោះអាសន្ននៅភូមិ Suoi Hoa ឃុំ Hong Ngai ស្រុក Bac Yen។ រូបថត៖ Hang Cho La/ Bac Yen |
ទន្ទឹមនឹងការលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ននោះ ស្រុក Bac Yen បានផ្តោតសំខាន់លើការជួយឧបត្ថម្ភរបររកស៊ី បង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្រីក្រកែលម្អប្រាក់ចំណូល។ គ្រួសារលោក Lu Van Chau នៅឃុំ Muong Khoa ធ្លាប់ជួបបញ្ហាអត់ឃ្លាំ និងក្រីក្រព្រោះថាខ្វះទុន និងដីធ្លីផលិតកម្ម ប៉ុន្តែនាបច្ចុប្បន្ន សេដ្ឋកិច្ចគ្រួសារលោកមានស្ថិរភាពបន្តិចម្តងៗ ក្រោយរយៈពេល ៥ ឆ្នាំខ្ចីប្រាក់ចម្ចីពីធនាគារគោលនយោបាយសង្គមដើម្បីវិនិយោគផលិតកម្ម។ “ចាប់តាំងពីឆ្នាំ ២០១៨ មក គ្រួសារខ្ញុំត្រូវបានខ្ចីប្រាក់កម្ចី ៣០ លានដុង ដើម្បីទិញគោមកចិញ្ចឹម។ បច្ចុប្បន្ននេះគ្រួសារក៏មានគោពី ៦ ទី ៧ ក្បាលហើយ។ នាពេលខាងមុខ គ្រួសារខ្ញុំក៏មានបំណងចង់ខ្ចីប្រាក់កម្ចីបន្ថែម ដើម្បីអភិវឌ្ឍន៍ហ្វូងគោថែមទៀតផងដែរ”។
ក្រៅពីគ្រួសារលោក Chau គ្រួសារក្រីក្រនិងគ្រួសារនៅខ្សែបន្ទាត់ក្រីក្រជាច្រើននៅភូមិសាស្ត្រស្រុក Bac Yen បានរួចផុតពីភាពក្រីក្រពីប្រភពប្រាក់កម្ចីនេះ។ នាបច្ចុប្បន្ន ប្រាក់ប្រាក់កម្ចីសរុបពីធនាគារគោលនយោបាយ ក្នុងនោះមានប្រាក់កម្ចីសម្រាប់គ្រួសារក្រីក្រគឺជាង ២២ ពាន់លានដុង (៩២៨ ពាន់ដុល្លារអាមេរិក)។ តាមរយៈការវាយតម្លៃគ្រួសារក្រីក្រ និងគ្រួសារនៅស្សែបន្ទាត់ក្រីក្របានប្រើប្រាស់ប្រភពទុនប្រកបដោយមានប្រសិទ្ធភាព អត្រារួចផុតពីភាពក្រីក្រជាមធ្យមប្រចាំឆ្នាំសម្រេចបាន ៧០%។ លោក Le Van Thang នាយកធនាគារគោលនយោបាយសង្គមស្រុក Bac Yen មានប្រសាសន៍ថា៖ ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ធនាគារគោលនយោបាយសង្គមស្រុកបានបើកប្រាក់ចំណាយជាង ៧៨ ពាន់លានដុង (ប្រហែល ៣,២ លានដុល្លារអាមេរិក) ជូនគ្រួសារជិត ១ ៦០០ គ្រួ ដើម្បីខ្ចីប្រាក់។ តាមរយៈការសិក្សា អត្រាបំណុលហួសកាលកំណត់តែងតែស្ថិតនៅកម្រិតទាប គ្រួសារជាច្រើនគ្រួបានឈានឡើងរួចផុតពីភាពក្រីក្រ។ “ក្នុងចំណោមស្តង់ដារកសាងជនបទថ្មី គឺមានការរួមវិភាគទានពីប្រភពទុនឥណទានគោលនយោបាយ។ ប្រភពទុនគោលនយោបាយមករបស់ស្រុក Bac Yen បានជួយគ្រួសារជាច្រើនឈានឡើងរួចផុតពីភាពក្រីក្រ ហើយជីវភាពរស់នៅរបស់ប្រជាជនបានផ្លាស់ប្តូរ។ គ្រួសារដែលទទួលបានប្រភពទុននេះបានកសាងសំណង់ទឹកស្អាត អនាម័យបរិស្ថានជាប់ស្តង់ដារ ប្រាក់ចំណូលកើនឡើង ហើយការងារមានស្ថិរភាពផងដែរ”។
កសិករនៅស្រុក Bac Yen ខេត្ត Son La លើកកម្ពស់ការចិញ្ចឹមសត្វដើម្បីបង្កើនប្រាក់ចំណូល។ រូបថត៖ Van Ngoc/trangtraidanviet.vn |
ក្នុងនាមជាស្រុកព្រៃភ្នំរបស់ខេត្ត Son La ដែលមានជនជាតិភាគតិចជាង ៩៥% បើទោះបីត្រូវបានដកចេញពីបញ្ជីស្រុកក្រីក្ររបស់ប្រទេសទាំងមូលកាលពីឆ្នាំទៅមិញក៏ដោយ ប៉ុន្តែស្រុក Bac Yen នៅតែមាន ១៣/១៦ ឃុំដែលមានស្ថានភាពលំបាកពិសេស។
អត្រាភាពក្រីក្រពហុវិស័យនៅតែនៅកម្រិតខ្ពស់ ពោលគឺជាង ៣២% ។ តថភាពជាក់ស្ដែងនេះតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាជនខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពន្លឿនល្បឿនការងារកាត់បន្ថយភាពក្រីក្រនាពេលខាងមុខ។ លោកស្រី Mui Thi Hien លេខាគណៈកម្មាធិការបក្សស្រុក Bac Yen បានចែករំលែកថា៖ “យើងខ្ញុំនឹងផ្តោតសំខាន់លើការអនុវត្តឲ្យទាន់ពេលវេលានូវរាល់កម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រដូចជាសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការអភិវឌ្ឍតំបន់ជនរួមជាតិជាជនជាតិភាគតិច កាត់បន្ថយភាពក្រីក្រ និងការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ បន្តផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងសហគមន៍ស្ដីពីការងារសុខុមាលភាពសង្គម និងជួយឧបត្ថម្ភជនក្រីក្រ ដើម្បីមិនបំភ្លេចចោលនរណាម្នាក់ឡើយ”។
ធ្លាប់ជាស្រុកព្រៃភ្នំក្រីក្របំផុតមួយនៅទូទាំងប្រទេស នាបច្ចុប្បន្ន ជីវភាពរស់នៅរបស់ប្រជាជនស្រុក Bac Yen កំពុងផ្លាស់ប្តូរជាបណ្តើរៗ។ លទ្ធផលនេះបានសរឲ្យឃើញពីភាពត្រឹមត្រូវពីគោលនយោបាយកាត់បន្ថយភាពក្រីក្រ ការខិតខំប្រឹងប្រែងរួចផុតពីភាពក្រីក្រប្រកបដោយប្រសិទ្ធភាពរបស់អាជ្ញាធរ និងប្រជាជនស្រុកជនជាតិភាគតិចនៅតំបន់ព្រៃភ្នំខេត្ត Son La ផងដែរ៕