សប្ដាហ៍វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មនៃភូមិរបរ Van Phuc

(VOVWORLD) - ក្រោមប្រធានបទ “Van Phuc៖ ពណ៌សូត្ររាប់ពាន់ឆ្នាំ” សប្ដាហ៍វប្បធម៌ ទេសចរណ៍និងពាណិជ្ជកម្មនៃភូមិរបរ Van Phuc បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា នៅភូមិ Van Phuc សង្កាត់ Van Phuc ខ័ណ្ឌ Ha Dong ទីក្រុងហាណូយ។ ឆ្នាំនេះជាឆ្នាំទី៣ហើយដែលសប្ដាហ៍វប្បធម៌ ទេសចរណ៍និង ពាណិជ្ជកម្មនៃភូមិរបរ Van Phuc ត្រូវបានរៀបចំឡើង ហើយ ក៏ជាឆ្នាំដែលមាន ទ្រង់ទ្រាយធំបំផុតគិតតាំងពីមុនមកផងដែរ។
សប្ដាហ៍វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មនៃភូមិរបរ Van Phuc - ảnh 1ផលិតផលសូត្រនៃភូមិ Van Phuc (រូបថត៖ VOV) 


 
Van Phuc ជាភូមិប្រកបរបរត្បាញសូត្រដង្កូវនាងដ៏ល្បីល្បាញមួយនៅ ប្រទេសវៀតណាមដោយមានកម្រាស់ប្រវត្តិសាស្ត្រឡើងដល់ជាង១០០០ឆ្នាំ។ សូត្រ Van Phuc ត្រូវបានត្បាញពីសរសៃសូត្រដង្កូវនាងធម្មជាតិដែលមាន លក្ខណៈទន់ រលោង និងលំនាំដ៏ល្អប្រណិត។ សូត្រ Van Phuc ត្រូវ បានពណ៌នាក្នុងកំណាព្យនិងបទចម្រៀងជាច្រើនដូចជាលក្ខណៈវប្បធម៌ដ៏ស្អាត អស្ចារ្យមួយនៃភូមិរបរប្រពៃណីវៀតណាម។

        សប្ដាហ៍វប្បធម៌ ទេសចរណ៍និងពាណិជ្ជកម្មនៃភូមិរបរ Van Phuc ឆ្នាំនេះ ទាក់ទាញបានការចូលរួមរបស់ស្តង់ទំនិញចំនួន១២០ស្តង់។ លោក Pham Khac Ha ប្រធានសមាគមន៍ភូមិរបរ Van Phuc បានអោយដឹងថា៖

         “ក្នុងអំឡុងពេលពេញមួយសប្ដាហ៍ ថ្ងៃណាក៏យើងខ្ញុំរៀបចំឈុតសិល្បៈដើម្បី ឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីផលិតផលសូត្រ Van Phuc ដែរ។ យើងខ្ញុំក៏បានរៀបចំ ដំណើរទស្សនាផ្ទះអនុស្សាវរីយ៍របស់លោកប្រធានហូជីមិញ ទស្សនាមណ្ឌល សក្ការៈបូជា Van Phuc សាលាភូមិ Van Phuc វត្ត Van Phuc និងទីធ្វើសក្ការៈ បូជាបុព្វបុរសរបរ ផងដែរ។ យើងខ្ញុំបានកសាងតំបន់មួយដែលបង្ហាញនូវដំណើរ ការផលិតសូត្រនិងតំបន់មួយទៀតដើម្បីតាំងបង្ហាញផលិតផលដ៏វិសេសវិសាលនៃភូមិសូត្រ Van Phuc តែម្ដង។ ប្រការទាំងនេះធ្វើអោយភ្ញៀវទេសចរមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង”។

        ក្នុងឆ្នាំនេះ ភូមិ Van Phuc បានគៀងគរមនុស្សប្រមាណ១០០០នាក់ ដើម្បី ចូលរួមពិធីដង្ហែក្បួនក្នុងថ្ងៃប្រារព្ធសប្ដាហ៍វប្បធម៌ ទេសចរណ៍និងពាណិជ្ជកម្ម សំដៅលើកតម្កើងបុព្វបុរសនៃរបរ តម្បាញក៏ដូចជារាល់តម្លៃប្រវត្តិសាស្ត្រប្រពៃណី របស់វៀតណាមផងដែរ។ ក្នុងអំឡុងពេលប្រព្រឹត្តទៅសប្ដាហ៍វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មនៃភូមិរបរ Van Phuc ឆ្នាំនេះ គណៈចាត់តាំងក៏បានរៀបចំកម្មវិធី តុកក្តាទឹក កម្មវិធីច្រៀងបទចម្រៀង quan ho បទចម្រៀង chau van ដែលត្រូវបាន សម្ដែងដោយសិល្បៈករល្បីល្បាញផងដែរ។ ទន្ទឹមនឹងនោះ ក៏មានការលេងល្បែងកំសាន្ត ប្រជាប្រិយ ពិធីបុណ្យអាវផាយ និងពិព័រណ៍វត្ថុបុរាណ ផងដែរ។ លោក Pham Do Thanh ភ្ញៀវទេសចរមួយរូបដែលបានចូលរួមសប្ដាហ៍វប្បធម៌ ទេសចរណ៍និង ពាណិជ្ជកម្មនៃភូមិរបរ Van Phuc បានសំណេះសំណាលថា៖

        “ខ្ញុំមកទីនេះដើម្បីទស្សនានិងទិញសូត្រ។ សូត្រ Van Phuc ច្រើនសម្បូរបែប ណាស់ ហើយមានគុណភាពដ៏ល្អៗទៀតផង។ គណៈចាត់តាំងបានរៀបចំវិថីដើរ ថ្មើជើងនិងវិថីម្ហូបអាហារ ដែលធ្វើអោយខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទីក្រុងហាណូយមានវិថីដើរថ្មើជើងចំនួន២ហើយ ឥឡូវនេះមានវិថីដើរថ្មើជើង មួយបន្ថែមទៀត ដូច្នេះបានជាប្រជាជនសប្បាយរីករាយខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា គណៈចាត់តាំងនឹងរក្សាព្រឹត្តិការណ៍ដូច្នេះដើម្បីធ្វើជាទីលានលេងកំសាន្តថ្មីនាចុងសប្ដាហ៍សម្រាប់មនុស្សគ្រប់រូបមកទស្សនា ទិញទំនិញនិងបរិភោគម្ហូបអាហារដ៏ ឈ្ងុយឆ្ងាញ់ទាំងនេះ”។

សប្ដាហ៍វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មនៃភូមិរបរ Van Phuc - ảnh 2 ភ្ញៀវទេសចរសាកត្បាញសូត្រ

        អាស្រ័យដោយមានសកម្មភាពដ៏សម្បូរបែបនិងថ្មីថ្មោង សប្ដាហ៍វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មនៃភូមិរបរ Van Phuc បានបើកចេញទិសដៅអភិវឌ្ឍ ថ្មីសម្រាប់ភូមិរបរ Van Phuc ព្រមទាំងរួមចំណែកផ្សព្វផ្សាយមុខរបរត្បាញសូត្រ នៅភូមិ Van Phuc ទៅកាន់ភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយផងដែរ។ លោក Luu Duy Dan ប្រធានសមាគមន៍ភូមិរបរវៀតណាម បានចាត់ទុកថា៖

        “ចាប់ពីសប្ដាហ៍វប្បធម៌ ទេសចរណ៍និងពាណិជ្ជកម្មនៃភូមិរបរ Van Phuc នោះ គឺយើងអាចរៀបចំផ្សារណាត់វប្បធម៌ ទេសចរណ៍ជាប្រចាំនៅ Van Phuc ទៀតផង។ មានន័យថា ក្រោយពីរយៈពេលប៉ុន្មានសប្ដាហ៍ឬប៉ុន្មានខែនោះ គឺផ្សារណាត់នឹងត្រូវបានរៀបចំ ឡើងម្ដង។ ក្រៅពីតំបន់ឧទ្ទេសនាមអំពីផលិតផលនៃភូមិរបរ យើងគប្បីរៀបចំ តំបន់លក់ម្ហូបអាហារ តំបន់លេងល្បែងកំសាន្តប្រជាប្រិយ និងតំបន់ជួបប្រាស្រ័យ ជាមួយសិប្បករនៃភូមិរបរ ដើម្បីធ្វើអោយភ្ញៀវទេសចរកាន់តែនិយមចូលចិត្តថែមទៀត”។

        សប្ដាហ៍វប្បធម៌ ទេសចរណ៍និងពាណិជ្ជកម្មនៃភូមិរបរ Van Phuc គឺសំដៅ ផ្សព្វផ្សាយអំពីវប្បធម៌នៃរបរប្រពៃណីនៅភូមិ Van Phuc និយាយដោយឡែកនិង ជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្មទេសចរណ៍នៅភូមិរបរទាំងអស់នៅរដ្ឋធានីហាណូយនិយាយរួម។ ក្នុងឱកាសនេះ ភូមិ Van Phuc បានទទួលស្វាគមន៍ភ្ញៀវ ទេសចរជាតិនិងអន្តរជាតិឡើងទៅដល់រាប់ម៉ឺននាក់ឯណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ