AMM ៥៤៖ អាស៊ាននិងប្រទេសដៃគូប្ដេជ្ញាជំនះលើបញ្ហាប្រឈម

(VOVWORLD) - កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤ (AMM ៥៤) និងកិច្ចប្រជុំពាក់ព័ន្ធ បានបិទបញ្ចប់ក្រោយមួយសប្ដាហ៍ធ្វើការ ដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ក្នុងនោះ លេចធ្លោបំផុតគឺការប្ដេជ្ញាចិត្តរបស់អាស៊ាននិងប្រទេសដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។
AMM ៥៤៖ អាស៊ាននិងប្រទេសដៃគូប្ដេជ្ញាជំនះលើបញ្ហាប្រឈម - ảnh 1រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ថ្លែងនៅកិច្ចប្រជុំ AMM ៥៤។
(រូបថត៖ TTXVN)

កិច្ចប្រជុំលើកនេះប្រព្រឹត្តទៅក្នុងពេលវេលាដ៏ពិសេសមួយ។ អាស៊ានកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដែលអាចនិយាយបានថាជួបការ លំបាកយ៉ាងខ្លាំង បណ្ដាលមកពីការផ្ទុះឡើងនៃជម្ងឺកូវីដ ១៩ ដោយវីរុសបំប្លែងថ្មីនៅតំបន់ ក៏ដូចជាការប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងៗ រវាងប្រទេសមហាអំណាចស្ថានការណ៍ស្មុគស្មាញនៅសមុទ្រខាងកើត និងស្ថានភាពមីយ៉ាន់ម៉ាផងដែរ។ វាយតម្លៃពីលទ្ធផលនៃកិច្ចប្រជុំ AMM ៥៤ អនុរដ្ឋមន្រ្តីការបរទេស និងជាប្រធាន SOM វៀតណាមលោក Nguyen Quoc Dung បានឲ្យដឹងថា៖

“នៅកិច្ចប្រជុំនេះ អាស៊ានបានប្ដេជ្ញាអនុវត្តន៍ការព្រមព្រៀងជាឯកច្ឆ័ន្ទ ៥ ចំណុចអំពីស្ថានករណ៍ មីយ៉ាន់ម៉ា របស់មេដឹកនាំអាស៊ាន ហើយទោះជាជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែយើងបានមូលមតិគ្នាតែងតាំងបេសកជនពិសេសជាប្រធានអាស៊ាន រដ្ឋមន្រ្តីការបរទេសទី២របស់ប្រ៊ុយណេ។ ទន្ទឹមនឹងនោះ អាស៊ានក៏បានសម្រេចចិត្តចាប់ផ្ដើមប្រតិបត្តិការជួយឧបត្ថម្ភមនុស្សធម៌សម្រាប់ មីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលការជួយឧបត្ថម្ភមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិអាស៊ាន ដឹកនាំដោយលោកអគ្គលេខាធិការអាស៊ាន។ ចំពោះស្ថានភាពជម្ងឺកូវីដ ១៩ អាស៊ានក៏បានបញ្ជាក់នឹងបន្តផែនការសហប្រតិបត្តិការគ្នា ក៏ដូចជាទទួលបានការសន្យាជាច្រើនពីប្រទេសដៃគូនានា សំដៅជួយឧបត្ថម្ភអាស៊ានជំនះលើជម្ងឺរាតត្បាត ទទួលបានចំនួនវ៉ាក់សាំងកាន់តែច្រើន ក៏ដូចជាអនុវត្តន៍ផែនការស្ដារសេដ្ឋកិច្ចក្រោយជម្ងឺរាតត្បាតផងដែរ”។

AMM ៥៤៖ អាស៊ាននិងប្រទេសដៃគូប្ដេជ្ញាជំនះលើបញ្ហាប្រឈម - ảnh 2អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM វៀតណាមលោក Nguyen Quoc Dung។
(រូបថត៖ TTXVN)

នៅក្នុងសម័យពិភាក្សា បញ្ហាសន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើតក៏ត្រូវបានអាស៊ាននិងប្រទេសដៃគូយកចិត្តទុកដាក់ពិសេសផងដែរ។ ជំហររបស់អាស៊ាននិងប្រទេសដៃគូចែករំលែកចំណុចដូចគ្នាគួរឲ្យកត់សម្គាល់។ ចំណុចថ្មីមួយគឺ កាលពីមុន នេះត្រឹមតែជាទស្សនៈរបស់អាស៊ានតែប៉ុណ្ណោះទេ ប៉ុន្តែនៅបច្ចុប្បន្ននេះចិនក៏បានទទួលយកទស្សនៈនេះហើយ។ ប្រការនោះនឹងជួយតម្រង់ ទិសសម្រាប់ដំណើរការចរចាដើម្បីកសាង COC នាពេលខាងមុខ។ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ឲ្យដឹងថែមទៀតថា៖

“ស្ថានការណ៍នៅសមុទ្រខាងកើតក៏ស្មុគស្មាញដែរ។ ក្នុងស្ថានការណ៍នោះ អាស៊ាននៅតែប្រកាន់ខ្ជាប់នូវទស្សនៈដ៏ឥតងាករេរបស់ខ្លួននោះគឺ គាំទ្រ រំលេចសារសំខាន់នៃសន្តិភាព ស្ថិរភាព ក៏ដូចជាសេរីភាពនាវាចរណ៍នៅតំបន់និងការកសាងជំនឿទុកចិត្ត។ ប្រទេសទាំងអស់មានឯកភាពខ្ពស់ក្នុងការរំលេចតួនាទីនៃច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២ ហើយសង្កត់ធ្ងន់ថា តួនាទីនៃ UNCLOS គឺជាក្របខ័ណ្ឌដើម្បីសម្របសម្រួលសកម្មភាពទាំងអស់នៅសមុទ្រនិងមហាសាគរ។ ចំណុចសំខាន់មួយទៀតដែលបណ្ដាប្រទេសបានឯកភាពគ្នា គឺការកសាង COC ត្រូវមានលក្ខណៈជាក់ស្ដែង ព្រមទាំងសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS ១៩៨២ ផងដែរ”។

វៀតណាមចូលរួមកិច្ចប្រជុំ AMM ៥៤ ដោយស្មារតីថា ទើបបានសម្រេចភារកិច្ចជាប្រធានអាស៊ានឆ្នាំ២០២០ ដោយមានសំណើរ គំនិតផ្ដួចផ្ដើមជាច្រើនត្រូវបានដាក់ចេញក្នុងតំបន់២០២០។ ដោយ ឈរលើស្មារតីនោះ វៀតណាមបន្តពង្រីកតួនាទី ជំរុញការអនុវត្តលទ្ធផល គំនិតផ្ដួចផ្ដើមដែលសម្រេចបានក្នុងឆ្នាំ២០២០។ វាយតម្លៃពីការចូលរួមយ៉ាងសកម្មរបស់វៀតណាមនៅ AMM ៥៤ លោក Nguyen Quoc Dung ចាត់ទុកថា៖

“វៀតណាមក៏រក្សាបាននូវក្ដីកង្វល់របស់ខ្លួននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ ជាពិសេសគឺការតភ្ជាប់កិច្ចសហប្រតិបត្តិការអនុតំបន់ជាមួយកម្មវិធីសហប្រតិបត្តិការរបស់អាស៊ាន។ យើងក៏បានពង្រីកតួនាទីដ៏សកម្មក្នុងការដោះស្រាយការលំបាក ការជំពាក់ជំពិនក្នុងបរិបទដែលមានទស្សនៈ មតិខុសគ្នាជាច្រើននៅក្នុងកិច្ចប្រជុំ។ យើងផ្ទាល់ខ្លួនជាអ្នកដែលបានលើកសំណើរ ក៏ដូចជាចលនាប្រទេសសមាជិកផ្សេងៗទៀត ដើម្បីឈានដល់កិច្ចព្រមព្រៀងអំពីមីយ៉ាន់ម៉ា បេសកជនពិសេសមីយ៉ាន់ម៉ា ក៏ដូចជាសម្រេចបានការមូលមតិជាឯកច្ឆ័ន្ទក្នុងការអនុញ្ញាតឲ្យអង់គ្លេសក្លាយទៅជាដៃគូសន្ទនារបស់អាស៊ានផងដែរ។ ក្រៅពីនោះ យើងក៏បានជំរុញខ្លាំងការចលនាឲ្យប្រទេសដៃគូនានារបស់អាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភអាស៊ានអំពីវ៉ាក់សាំងផងក៏ដូចជាផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងនៅតាមប្រទេសសមាជិកអាស៊ានផង”។

AMM ៥៤ សម្រេចជោគជ័យល្អប្រសើរ ក្រោយរយៈពេល១សប្ដាហ៍ធ្វើការ។ ក្នុងបរិបទដែលជម្ងឺកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគស្មាញមិនត្រឹមតែនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងលើទូទាំងពិភពលោកទៀតផងនោះ ចំណងសាមគ្គីភាពរបស់អាស៊ាននឹងជាកម្លាំងចលករដ៏ធំធេងដើម្បីជួយប្រទេសសមាជិកទាំងអស់ជំនះលើការលំបាក ស្ដារជាបណ្ដើរៗក្រោយជម្ងឺរាតត្បាត។ ហើយជាងនេះទៅទៀតគឺបញ្ជាក់នូវសារសំខាន់របស់អាស៊ាននៅក្នុងតំបន់ក៏ដូចជាលើពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ