“Thai Summer Delicacies” - នាំផលិតផលហាឡាលថៃខិតមកជិតជាមួយអតិថិជនវៀតណាម

(VOVWORLD) - ដោយមានបំណងចង់នាំផលិតផលហាឡាលខិតមកជិតជាមួយប្រជាជនវៀតណាមនោះ ក្នុងខែសីហា ឆ្នាំ២០២២ ស្ថានទូតថៃប្រចាំនៅវៀតណាមបានសហការជាមួយភោជនីយដ្ឋាន Eastern & Oriental Tea House and Coffee Parlor រៀបចំកម្មវិធី “Thai Summer Delicacies” (អាហាររដូវក្តៅដ៏ឆ្ងាញ់ពិសាររបស់ថៃ) ដែលជាគម្រោងសហប្រតិបត្តិការសំដៅឧទ្ទេសនាមបង្អែមនិងភេសជ្ជៈប្រពៃណី ប្រកបដោយភាពច្នៃប្រឌិតដែលត្រូវបានធ្វើដោយគ្រឿងផ្សំ ហាឡាលរបស់ថៃ។ កម្មវិធីនេះគឺជាឱកាស សម្រាប់អតិថិជនវៀតណាម ក៏ដូចជាភ្ញៀវអន្តរជាតិ ទទួលទានផលិតផលដែលធ្វើពីគ្រឿងផ្សំហាឡាលដ៏ល្បីរបស់ថៃ។

“Thai Summer Delicacies” - នាំផលិតផលហាឡាលថៃខិតមកជិតជាមួយអតិថិជនវៀតណាម - ảnh 1ទេសភាពបឹងខាងលិចទីក្រុងហាណូយ មើលពីភោជនីយដ្ឋាន Eastern & Oriental Tea House and Coffee Parlor។
មើលទៅលើបឹងខាងលិចដែលមានខ្យល់អាកាសបក់រំភើយៗ ភោជនីយ ដ្ឋាន Eastern & Oriental Tea House and Coffee Parlor ដោយមានការរចនាជា វីឡាសួនច្បារ បានក្លាយជាកន្លែងណាត់ជួបដ៏ពេញនិយមរបស់ភ្ញៀវវ័យក្មេងវៀតណាមនិងអន្តរជាតិ មកទទួលទានភេសជ្ជៈនិងនំខេកអឺរ៉ុប-អាស៊ី។ ក្នុងបរិយាកាសរដូវស្លឹកឈើជ្រុះដ៏ត្រជាក់ស្រួលនៅទីក្រុងហាណូយក្នុងខែសីហានេះ ភោជនីយដ្ឋានទទួលបរិមាណភ្ញៀវច្រើនជាងធម្មតា ព្រោះនេះជាទីតាំងដែលត្រូវបានស្ថានទូតថៃជ្រើសរើស ដើម្បីរៀបចំកម្មវិធី "អាហាររដូវក្តៅឆ្ងាញ់ពិសាររបស់ថៃ" ដែលជាគម្រោងសហប្រតិបត្តិការ សំដៅឧទ្ទេសនាមបង្អែមនិង ភេសជ្ជៈទាំងបែបប្រពៃណីនិងទំនើប ដែលត្រូវបានធ្វើពីគ្រឿងផ្សំហាឡាលរបស់ថៃ ដូចជាតែថៃ ទឹកដោះគោដូង ស្វាយ ម្សៅអង្ករ ជាដើម។ ដូចដែលបានចែករំលែកដោយឯកអគ្គរាជទូតថៃប្រចាំនៅទីក្រុងហាណូយលោក Nikorndej Balankura ថាអតិថិជននឹងមានឱកាសទទួលទានម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ មានប្រយោជន៍សម្រាប់សុខភាពដែលស្របតាមស្តង់ដារហាឡាល។
“ភោជនីយដ្ឋាននេះមានសមត្ថភាពច្នៃប្រឌិតប្រភេទនំថ្មីៗដោយប្រើប្រាស់គ្រឿងផ្សំហាឡាលរបស់ថៃដូចជា Thai Tea Croissant Thai Tea Crepe Cake ឬនំ ធ្វើពីទឹកដោះគោដូងហាឡាល ដូចជានំ Khanom Tom ដែលត្រូវបានបំផុសគំនិតពីមុខកាហ្វេដូងវៀតណាមនោះ គេក៏បានសាកល្បងផ្សំតែថៃជាមួយទឹកដោះគោដូងផងដែរ។ សារស្នូលនៃកម្មវិធីគឺនោះគឺ ហាឡាលសម្រាប់មនុស្សទាំងអស់ គ្នា។ ហាឡាលមិនត្រឹមតែសម្រាប់ជនឥស្លាមប៉ុណ្ណោះទេ ហាឡាលគឺល្អណាស់សម្រាប់សុខភាព។ ក្រៅពីនោះ ខ្ញុំក៏សង្ឃឹមដែរថា នឹងមានមនុស្សជាច្រើនុកចិត្តទុកដាក់ហើយធ្វើដំណើរទេសចរណ៍ទៅកាន់ថៃដើម្បីទទួលទានម្ហូបអាហាររបស់ថៃ”។
“Thai Summer Delicacies” - នាំផលិតផលហាឡាលថៃខិតមកជិតជាមួយអតិថិជនវៀតណាម - ảnh 2នំខេកដែលត្រូវបានធ្វើពីគ្រឿងផ្សំហាឡាលរបស់ថៃ។
តាមពិតទៅ មានភោជនីយដ្ឋានជាច្រើននៅទីក្រុងហាណូយដែលបម្រើតែថៃ និងនំខេក ប៉ុន្តែនេះគឺជាភោជនីយដ្ឋានដំបូងគេដែលបានចម្រោះតែថៃដាក់បញ្ចូលក្នុងម្ហូបអាហារលោកខាងលិចដូចជានំឈីសតែថៃ។ ហើយនេះគឺជាមូលហេតុដែល Eastern & Oriental ត្រូវបានស្ថានទូតថៃជ្រើសរើស ដើម្បីសម្របសម្រួលរៀបចំកម្មវិធី "អាហាររដូវក្តៅឆ្ងាញ់ពិសាររបស់ថៃ" ដោយសារតែភាពច្នៃប្រឌិតខ្ពស់ក្នុងការបង្កើតរូបមន្តនិងភេសជ្ជៈប្លែកៗ។ អ្នកស្រី Ali Waugh ម្ចាស់ហាង Eastern & Oriental Tea House and Coffee Parlor បានឲ្យដឹងថា៖
“ភោជនីយដ្ឋាននឹងឧទ្ទេសនាមពីភេសជ្ជៈនិងនំខេកថៃចំនួន ៣១ មុខនៅក្នុងខែសីហា ហើយនឹងបង្ហោះនៅលើ Facebook និង Instagram របស់ភោជនីយដ្ឋាន។ ក្នុងនោះ នឹងផ្តោតលើម្ហូបអាហារហាឡាលថៃដ៏ល្បីល្បាញដូចជាទឹកដូង តែថៃ និងស្វាយ។ ក្រោយពីព្រឹត្តិការណ៍នេះ ភោជនីយដ្ឋាននឹងជ្រើសរើសមុខម្ហូបថៃល្បីៗ សម្រាប់បម្រើអតិថិជនជាប្រចាំ ហើយនឹងមានបន្ទប់ដោយឡែកមួយសម្រាប់បម្រើម្ហូបថៃផងដែរ”។
លោក Tran Phuong និងអ្នកស្រី Thu Van - អតិថិជន២នាក់ដែលចូលរួមក្នុងកម្មវិធីនេះបានចែករំលែកថា៖
“ជាធម្មតា គ្រឿងផ្សំ ហាឡាល គឺសម្រាប់ជនឥស្លាម ប៉ុន្តែដោយសារតែវាមានគុណភាពល្អ ហើយមានប្រយោជន៍ដល់សុខភាពមនុស្សគ្រប់រូប ដូច្នេះខ្ញុំគិតថា គ្រឿងផ្សំទាំងអស់ដែលត្រូវបានប្រើប្រាស់ក្នុងនំប្រពៃណីរបស់ថៃ ក៏ជារបៀបមួយ ដើម្បីឲ្យប្រជាជនថៃបញ្ចេញសារថា គេចង់ផ្សព្វផ្សាយម្ហូបអាហារអនាម័យ សុវត្ថិភាពទៅកាន់មនុស្សគ្រប់គ្នា។ ដូច្នេះហើយ ចំពោះនំទាំងអស់នៅទីនេះ ខ្ញុំមានអារម្មណ៍ថា គឺឆ្ងាញ់និងពេញចិត្តខ្លាំងណាស់ ដោយមិនត្រឹមតែនាំមកនូវ រសជាតិប្លែកៗប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសុវត្ថិភាពជាដាច់ខាតសម្រាប់សុខភាពរបស់យើងទៀតផង”។
“ខ្ញុំផឹកតែថៃនៅទីនេះ ហើយចូលចិត្តណាស់។ នេះក៏ជាភេសជ្ជៈមួយប្រភេទដែលជិតស្និទ្ធជាមួយប្រជាជនវៀតណាមដែរ ប៉ុន្តែការប្រើប្រាស់គ្រឿងផ្សំហាឡាលបែបនេះ គឺមិនសូវមានហាងច្រើនធ្វើនោះទេ”។
ក្នុងអំឡុងខែសីហា ជារៀងរាល់ថ្ងៃ ភោជនីយដ្ឋាន Eastern & Oriental Tea House and Coffee Parlor តែងតែឧទ្ទេសនាមពីនំខេកនិងភេសជ្ជៈ ធ្វើពីគ្រឿងផ្សំដែលមានវិញ្ញាបនបត្រហាឡាលរបស់ថៃ។ ផលិតផលហាឡាលរបស់ថៃដោយមានប្រជាប្រិយភាព ជាមួយនឹងស្តង់ដារអន្តរជាតិស្តីពីសុវត្ថិភាពនិងអនាម័យម្ហូបណីអាហារ នឹងជួយឲ្យម្ហូបអាហាហាឡាលរបស់ថៃកាន់តែខិតមកជិតជាមួយអតិថិជនវៀតណាមថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ