ចំណាប់អារម្មណ៍របស់អ្នកកាសែតថៃអំពីតំបន់ដី Yen Tu ខាងលិច
(VOVWORLD) - កាលពីខែកុម្ភៈកន្លងទៅ ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Giang គណៈប្រតិភូនៃសមាគមអ្នកសារព័ត៌មានថៃមានឱកាសទៅទស្សនាតំបន់ទេសចរណ៍វិញ្ញាណ-អេកូឡូស៊ី Yen Tu ខាងលិច។ លំហវប្បធម៌ប្រពៃណីដែលផ្សាភ្ជាប់នឹងដំណើរផ្សព្វផ្សាយព្រះពុទ្ធសាសនារបស់ព្រះចៅអធិរាជ Tran Nhan Tong (១២៥៨ - ១៣០៨) រួមជាមួយនឹងទេសភាពធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តរបស់អ្នកសារព័ត៌មានថៃ។
ប្រតិភូអ្នកកាសែតថៃទៅទស្សនា Yen Tu ខាងលិច។ |
ថ្វីត្បិតតែធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមជាច្រើនលើកមកហើយក្ដី ប៉ុន្តែនេះជាលើកដំបូងដែលលោក Paladej Pinpratep ព្រឹទ្ធសមាជិក សមាជិកគណៈប្រតិភូអ្នកសារព័ត៌មានថៃ មកដល់ខេត្ត Bac Giang ហើយធ្វើដំណើរទៅកាន់តំបន់ដីព្រះ Yen Tu ខាងលិច។ ទេសភាពធម្មជាតិដ៏ធំល្វឹងល្វើយរួមជាមួយនឹងខ្យល់អាកាសបរិសុទ្ធនៅទីនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើននៅក្នុងដួងចិត្តរបស់លោកអំពីរមណីយដ្ឋានល្បីល្បាញមួយនៅខេត្ត Bac Giang ។
“ខ្ញុំភ្ញាក់ផ្អើលណាស់ ព្រោះនឹកស្មានមិនថានៅ Bac Giang មានវត្តមួយដែលមានប្រវត្តិសាស្ត្រយូរលង់ដែលស្មើនឹងប្រវត្តិសាស្ត្រនៃប្រទេសថៃនោះទេ។ ខ្ញុំបានមកវៀតណាម
ប្រហែល ៣០ ឆ្នាំមុន ហើយធ្វើការនៅទីនេះក្នុងរយៈពេលជាងមួយខែ ហើយបានមើលឃើញថា មានការផ្លាស់ប្តូរជាច្រើន។ នេះជាលើកដំបូងដែលខ្ញុំទៅកាន់ Bac Giang ។ ខ្ញុំរីករាយណាស់ដោយបានឃើញ វិស័យកសិកម្ម និងតំបន់ឧស្សាហកម្មនៅ Bac Giang មានការអភិវឌ្ឍយ៉ាងខ្លាំង”។
តំបន់កេរ្តិ៍ដំណែល-រមណីយដ្ឋាន Yen Tu ខាងលិចរួមមានតំបន់អភិរក្សធម្មជាតិ Yen Tu ខាងលិចនិងប្រព័ន្ធកេរ្តិ៍ដំណែលដ៏សម្បូរបែប ដែលភាគច្រើនត្រូវបានសាងសង់ឡើងក្នុងរាជកាល Ly - Tran ដោយផ្សាភ្ជាប់នឹងនិកាយ Truc Lam ដែលបង្កើតឡើងដោយស្តេច Tran Nhan Tong ស្ថិតនៅក្នុងភូមិសាស្ត្រស្រុក Yen Dung Luc Nam Luc Ngan និង ស្រុក Son Dong ខេត្ត Bac Giang មានចម្ងាយ ១២៤ គីឡូម៉ែត្រពីភាគភាគឦសានរដ្ឋធានីហាណូយ។ នៅឆ្នាំ ២០១៦ ខេត្ត Bac Giang បានចាប់ផ្តើមសាងសង់តំបន់ទេសចរណ៍វប្បធម៌-វិញ្ញាណ-អេកូឡូស៊ី Yen Tu ខាងលិចលើផ្ទៃដី ១៣,៨ ហិកតា រួមមានចង្កោមវត្តដាច់ដោយឡែកពីគ្នាចំនួន ៤ នោះគឺវត្ត Trinh វត្ត Trung វត្ត Thuong និងវត្ត Ha។ វត្តទាំងនេះតភ្ជាប់ជាមួយវត្ត Dong និងព្រះបដិមារព្រះចៅអធិរាជ Tran Nhan Tong នៅលើកំពូលភ្នំ Yen Tu។ តំបន់នេះមានទីតាំងដ៏អំណោយផលសម្រាប់អភិវឌ្ឍន៍ទេសចរណ៍វប្បធម៌វិញ្ញាណ-អេកូឡូស៊ី-សម្រាកលំហែកាយ។ ដូច្នេះហើយ នេះក៏ជាចំណុចលេចធ្លោដែលខេត្ត Bac Giang មានបំណងចង់ផ្សព្វផ្សាយម៉ាកយីហោទេសចរណ៍នៃទឹកដី ពិសិដ្ឋ Yen Tu ខាងលិច។
លោក Kitti Wongsaratnavut ប្រធានសមាគមអ្នកកាសែត Phang Nga។ |
លោក Banhan Bunket ប្រធានគណៈពិគ្រោះយោបល់នៃសមាគមអ្នកកាសែតខេត្ត Phetchabun ប្រទេសថៃ និងលោក Kitti Wongsaratnavut ប្រធានសមាគមអ្នកកាសែត Phang Nga មិនអាចលាក់បាំងក្ដីសប្បាយរីករាយ និងការរំភើបចិត្ត នៅពេលបានមកដល់ទឹកដីពិសិដ្ឋ Yen Tu ខាងលិចយ៉ាងដូច្នេះថា៖
“ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលបានមកដល់ទឹកដីពិសិដ្ឋ Yen Tu ខាងលិច។ ទេសភាពនៅទីនេះស្រស់ស្អាតណាស់ គួរអោយចាប់អារម្មណ៍ ហើយអាកាសធាតុត្រជាក់ស្រួលដែរ។ វត្តស្អាតណាស់ ហើយមានប្រវត្តិសាស្ត្រយូរលង់មក។ តាងនាមសមាគមអ្នកកាសែតថៃ ពេលខ្ញុំត្រឡប់មកប្រទេសថៃវិញ ខ្ញុំនឹងផ្សព្វផ្សាយអំពីរមណីយដ្ឋាននេះតាមរយៈសារព័ត៌មានជាច្រើនប្រភេទ ក៏ដូចជាបណ្ដាញសង្គម Facebook ផងដែរ”។
“នៅពេលខ្ញុំត្រឡប់ទៅប្រទេសថៃវិញ ជាពិសេសតំបន់ភាគខាងត្បូង ខ្ញុំនឹងណែនាំព័ត៌មានអំពីតំបន់ទេសចរណ៍នេះ តាមរយៈសារព័ត៌មានជាច្រើនប្រភេទ ដូចជា កាសែត កាសែតអនឡាញ ជាដើម។ ហើយខ្ញុំនឹងណែនាំ អញ្ជើញប្រជាជននៅភាគខាងត្បូងប្រទេសថៃ ក៏ដូចជាប្រជាជនថៃផងដែរ មកប្រទេសវៀតណាម ដើម្បីទស្សនាសម្រស់ធម្មជាតិ វប្បធម៌ និងសិល្បៈនៃប្រទេសរបស់អ្នក។ ខ្ញុំក៏មានបំណងចង់ស្វាគមន៍អ្នកកាសែតវៀតណាម និងប្រជាជនវៀតណាមមកទស្សនាប្រទេសថៃផងដែរ”។
ខេត្ត Bac Giang បាននិងកំពុងកសាងតំបន់ទេសចរណ៍ Yen Tu ខាងលិចដោយផ្សារភ្ជាប់ជាមួយនឹងដំណើរផ្សព្វផ្សាយព្រះពុទ្ធសាសនានិកាយ Truc Lam Yen Tu។ ជាមួយ
នឹងការចាប់អារម្មណ៍ដែលបានបន្សល់ទុកចំពោះគណៈប្រតិភូអ្នកសារព័ត៌មានថៃ បន្ទាប់ពីដំណើរទស្សនានៅតំបន់ទេសចរណ៍វិញ្ញាណ-អេកូឡូស៊ី Yen Tu ខាងលិច នឹងក្លាយជាបុព្វបទដ៏សំខាន់សម្រាប់ខេត្ត Bac Giang ដើម្បីឃោសនា ផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍វិញ្ញាណដ៏ល្បីល្បាញនានារបស់ខេត្តទៅកាន់មិត្តភក្តិ និងភ្ញៀវទេសចរថៃក៏ដូចជាអន្តរជាតិ៕