ជំនាន់វ័យក្មេងវៀតណាមជាមួយភាសាឥណ្ឌូនេស៊ី

(VOVWORLD) -ឥណ្ឌូនេស៊ីគឺជាប្រទេសមួយ ដែលមានផ្ទៃក្រឡាដ៏ធំ និងចំនួនប្រជាជនច្រើនបំផុត ក្នុងប្លុកអាស៊ាន ដោយមានខឿនវប្បធម៌ដ៏សំបូបែប។ នាបច្ចុប្បន្ន នៅពេលអាស៊ានកាន់តែមានភាពតភ្ជាប់ជាមួយគ្នានោះ គឺតម្រូវការស្វែងយល់អំពីវប្បធម៌ និងមនុស្សនៃបណ្ដាប្រទេសក្នុងប្លុកក៏កាន់តែខ្ពស់ ក្នុងនោះមានឥណ្ឌូនេស៊ីផងដែរ។ អាស្រ័យហេតុនេះ  ភាសាគឺជាឧបករណ៍ដែលមានអត្ថប្រយោជន៍ ដើម្បីស្វែងយល់អំពីវប្បធម៌នៃប្រទេសនិមួយៗយ៉ាងឆាប់រហ័ស។
ជំនាន់វ័យក្មេងវៀតណាមជាមួយភាសាឥណ្ឌូនេស៊ី - ảnh 1 មុខវិជ្ជាភាសាវិទ្យាឥណ្ឌូនេស៊ី ចំណុះដេប៉ាតឺម៉ង់បស្ចឹមវិទ្យា

នាបច្ចុប្បន្ន មានត្រឹមតែមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ ទីក្រុងហូជីមិញប៉ុណ្ណោះទេ ទើបនៅរក្សាការបង្រៀនភាសាឥណ្ឌូនេស៊ី។ ដោយបានបង្កើតឡើងកាលពីឆ្នាំ១៩៩២ មុខវិជ្ជាភាសាវិទ្យាឥណ្ឌូនេស៊ី ចំណុះដេប៉ាតឺម៉ង់បស្ចឹមវិទ្យា គឺជាទីកន្លែងគួរឲ្យជឿទុកចិត្តសម្រាប់យុវជនវ័យក្មេង ដែលស្រឡាញ់ភាសា និងវប្បធម៌ឥណ្ឌូនេស៊ី។ ជារៀងរាល់ឆ្នាំ មុខវិជ្ជាភាសាវិទ្យាឥណ្ឌូនេស៊ីបានបណ្ដុះបណ្ដាល និស្សិតប្រមាណ ពី ១៥ ដល់ ២០ នាក់។ ក្រោយពីពេលបញ្ចប់ការសិក្សា និស្សិតមានសមត្ថភាពខាងភាសា និងចំណេះដឹងទូទៅអំពីទឹកដីឥណ្ឌូនេស៊ី។ នាបច្ចុប្បន្ន មុខវិជ្ជាភាសាវិទ្យាឥណ្ឌូនេស៊ី មានគ្រូបង្រៀនចំនួន ៦ រូប ថ្នាក់ឧត្តមសិក្សា និងអនុបណ្ឌិតជំនាញភាសាឥណ្ឌូនេស៊ី និងគ្រូបង្រៀនជាជនជាតិឥណ្ឌូនេស៊ីចំនួន ២ រូប។ អ្នកគ្រូ Kim Hoang Ha អនុប្រធាន មុខវិជ្ជាភាសាវិទ្យាឥណ្ឌូនេស៊ីបានចែករំលែកថា៖

“ចាប់ពីឆមាសសិក្សាទី ១ ដល់ឆមាសសិក្សាទី ៦ ប្អូនៗនិស្សិត នឹង បាន សិក្សាជំនាញចំនួន ៤ គឺ ការស្ដាប់ ការនិយាយ ការអាន ក៏ដូចជាវេយ្យាករណ៍ ពីកម្រិតបឋមរហូតដល់កម្រិតខ្ពស់។ ទន្ទឹមនឹងនេះ ប្អូនៗនិស្សិតនឹងត្រូវបាន បណ្ដុះបណ្ដលជំនាញបកប្រែភាសាឥណ្ឌូនេស៊ីលើផ្នែកទេសចរណ៍ ការិយាល័យ និងការទូត។ លើសពីនេះទៅទៀត ប្អូនៗនិស្សិតបានជួបប្រាស្រ័យជាមួយនិស្សិតឥណ្ឌូនេស៊ីជាប្រចាំទៀតផង”។

ជំនាន់វ័យក្មេងវៀតណាមជាមួយភាសាឥណ្ឌូនេស៊ី - ảnh 2 ជំនាន់វ័យក្មេងវៀតណាមជាមួយភាសាឥណ្ឌូនេស៊ី

ជាអតីតនិស្សិតមួយរូប នៃដេប៉ាតឺម៉ង់បស្ចឹមទិសវិទ្យា មិត្ត Nguyen Thi Duoc ជានិច្ចកាលមានអារម្មណ៍សំណាង នៅពេលសិក្សាភាសារឥណ្ឌូនេស៊ី។ ក្រោយពីរយៈពេល ៤ ឆ្នាំ សិក្សារៀនសូតនៅប្រទេសវៀតណាម និង ១ ឆ្នាំទៀតបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ី ដោយមានជំនាញភាសានោះ មិត្ត Nguyen Thi Duoc ស្វែងរកបានការងារធ្វើសមរម្យមួយ នៅក្រុមហ៊ុនឥណ្ឌូនេស៊ីមួយនៅប្រទេសវៀតណាម។ មិត្តបានសំណេះសំណាលថា៖

"នាងខ្ញុំសប្បាយចិត្តណាស់ជាមួយនឹងជំរើសរបស់ខ្លួន។ កាលពី 10 ឆ្នាំមុននៅពេលដែលខ្ញុំចុះឈ្មោះចូលរៀនភាសាឥណ្ឌូនេស៊ីនោះ នៅថ្នាក់រៀនមាននិស្សិតត្រឹមតែ ៧ នាក់ប៉ុណ្ណោះ។ ប៉ុន្តែនាប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួននិស្សិតនៃមុខវិជ្ជាឥណ្ឌូណេស៊ី បានកើនឡើងយ៉ាងខ្លាំងក្លា។ មិត្តរួមថ្នាក់ទាំងអស់របស់នាងខ្ញុំគឺសុទ្ធតែមានការងារធ្វើ ដោយស្ថិរភាពជាមួយភាសាឥណ្ឌូណេស៊ីផងដែរ។

នាប៉ុន្មានឆ្នាំថ្មីៗនេះ តម្រូវការសិក្សាភាសារឥណ្ឌូនេស៊ីនៅវៀតណាមកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីការសិក្សាភាសាឥណ្ឌូនេស៊ីនៅមហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ ទីក្រុងហូជីមិញនោះ មិត្តវ័យក្មេងអាចសិក្សាភាសាឥណ្ឌូនេស៊ីនៅតាមមជ្ឈមណ្ឌលភាសាបរទេសទៀតផង។ លោក Tuan មគ្គុទ្ទេសក៍ទេសចរណ៍មួយរូបបានឲ្យដឹងថា៖

" តាមរយៈការស្វែងយល់ ខ្ញុំឃើញថា ភាសាឥណ្ឌូនេស៊ីគឺគួរឱ្យចាប់អារម្មណ៍ណាស់ ពីព្រោះវាមានភាពជិតស្និទ្ធជាមួយភាសាវៀតណាម ។ រៀនភាសារឥណ្ឌូនេស៊ីក៏នាំមកនូវផលប្រយោជន៍ជាច្រើនដែរ។ ទីមួយគឺដើម្បីបម្រើការងារ ទីពីរគឺជួយឲ្យខ្ញុំចេះភាសារបរទេស។ ហេតុដូច្នេះ ខ្ញុំអាចស្វែងយល់បន្ថែមអំពីវប្បធម៌ ទឹកដី និងប្រជាជន ណ្ឌូនេស៊ី។

ក្រោយពីពេលទទួលបានជោគជ័យនៃវគ្គសិក្សាភាសាឥណ្ឌូណេស៊ីនាពេលកន្លងទៅ នាពេលខាងមុខស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយនឹងបន្តបើកវគ្គសិក្សាភាសារឥណ្ឌូណេស៊ីដោយឥតគិតថ្លៃជូនមនុស្សគ្រប់រូប ដោយមានការជួយឧបត្ថម្ភពីក្រសួងអប់រំ និងវប្បធម៌ឥណ្ឌូណេស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ