ទីក្រុង Da Nang ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ

(VOVWORLD) - ក្រោយរយៈពេលជាង ៤៥ ឆ្នាំ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងវៀតណាម-ថៃបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្តែងលើគ្រប់វិស័យ។ ក្នុងរយៈពេលកន្លងមក ទន្ទឹមនឹងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការរវាងខេត្តក្រុងនានារបស់ វៀតណាម ជាពិសេសទីក្រុង Da Nang ជាមួយប្រទេសថៃ ក៏ត្រូវបានជំរុញ ហើយសម្រេចបានលទ្ធផលជាច្រើនផងដែរ។ ដោយមានទីតាំងយុទ្ធសាស្ត្រ ដែលជាចំណុចបញ្ចប់នៃច្រករបៀងសេដ្ឋកិច្ចខាងកើត - ខាងលិច ព្រមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃតំបន់ភាគកណ្តាល - Tay Nguyen ទីក្រុង Da Nang កំពុងក្លាយជាគោលដៅគួរឲ្យកត់សម្គាល់សម្រាប់វិនិយោគិន និងដៃគូមកពីថៃ។
ទីក្រុង Da Nang ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ - ảnh 1សិក្ខាសាលាអន្តរជាតិអំពីការពង្រឹងមិត្តភាពនិងការតភ្ជាប់ផ្នែកពាណិជ្ជកម្ម-វិនិយោគ-ទេសចរណ៍រវាងទីក្រុង Da Nang - ថៃ។

លើវិស័យពាណិជ្ជកម្ម នាបច្ចុប្បន្នទីក្រុង Da Nang មានសហគ្រាសជាង ២០ ដែលមានទំនាក់ទំនងពាណិជ្ជកម្មផ្ទាល់ជាមួយថៃ ដូចជាក្រុមហ៊ុនកៅស៊ូ Da Nang ក្រុមហ៊ុន Vinatex ក្រុមហ៊ុននាំចេញនាំចូលភាគកណ្ដាល ជាដើម។ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងទីក្រុង Da Nang និងប្រទេសថៃ រក្សាបានស្ថិរភាពជាមធ្យម ៤៥ លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងអាស៊ាន ថៃជាដៃគូពាណិជ្ជកម្មធំទីពីររបស់ទីក្រុង Da Nang។ បច្ចុប្បន្ននេះ ផលិតផលរបស់ទីក្រុង Da Nang ដែលត្រូវបាននាំចេញទៅកាន់ថៃ រួមមានផលិតផលកៅស៊ូសម្រេច ផលិតផលគីមីឥន្ធនៈ ជាដើម។ ទីក្រុង Da Nang នាំចូលវត្ថុធាតុដើមកៅស៊ូ ល្បាយសារធាតុគីមី វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មពីប្រទេសថៃ។ ធ្វើការវាយតម្លៃពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងទីក្រុង Da Nang និងថៃ លោក Amnat Chulajata - អគ្គទីប្រឹក្សា និងជានាយកការិយាល័យពន្លឿនការវិនិយោគថៃនៅទីក្រុងហាណូយបានឲ្យដឹងថា៖

“ខ្ញុំចាត់ទុកថា ទីក្រុង Da Nang និងខេត្តក្រុងនានារបស់ថៃមានសក្ដានុពលធំធេងសម្រាប់ការតភ្ជាប់ផ្នែកភស្តុភារកម្ម។ ថៃមានមណ្ឌលសេដ្ឋកិច្ចពិសេសចំនួន ៣ នៅតំបន់ភាគឦសាន Nong Khai Nakhon Phanom និង Mukdahan ដែលអាចតភ្ជាប់ជាមួយនឹងមណ្ឌលឧស្សាហកម្មនៃទីក្រុង Da Nang ។ ទីក្រុង Da Nang មានប្រៀបខ្លាំងខាងផ្នែកកៅស៊ូនិងគ្រឿងបន្លាស់រថយន្ត។ ចំណែកឯ ថៃមានប្រៀបខ្លាំងផ្នែកឧស្សាហកម្មកៅស៊ូ និងការដំឡើងរថយន្ត។ យើងគួរតែផ្តោតលើការជំរុញវិស័យនេះនាពេលខាងមុខ។ ទាក់ទងនឹងការដឹកជញ្ជូនទំនិញ ភាគីទាំងពីរកំពុងស្រាវជ្រាវលើការតភ្ជាប់កំពង់ផែ Laem Chabang ជាមួយកំពង់ផែ Da Nang”។

កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងទីក្រុង Da Nang និងប្រទេសថៃទទួលបានលទ្ធផលជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងឆ្នាំ ២០១៧ ភ្ញៀវទេសចរថៃទៅកាន់ Da Nang មានត្រឹមតែ ២២.០០០ នាក់ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ ២០១៩ ពោលគឺមុនការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ចំនួនភ្ញៀវបានកើនឡើង៩ដង។ ថៃបានក្លាយជាទីផ្សារទេសចរណ៍ធំទីបីរបស់ទីក្រុង Da Nang ។ Da Nang បានបើកផ្លូវហោះហើរចំនួន ៦ ទៅកាន់បាងកក ឈៀងម៉ៃ របស់ក្រុមហ៊ុន Vietnam Airlines Vietjet Air Asia Bangkok Airways ជាមួយនឹងបរិមាណជើងហោះហើរចំនួន៥៦ជើងក្នុងមួយសប្តាហ៍។ ការងារផ្សព្វផ្សាយទេសចរណ៍ត្រូវបានទីក្រុងផ្ដោតការយកចិត្តទុកដាក់ខ្លាំង។ មន្ទីរទេសចរណ៍ Da Nang បានសហការជាមួយមន្ទីរទេសចរណ៍ថៃ រៀបចំកម្មវិធីណែនាំពីគោលដៅទេសចរណ៍ និងសហគ្រាសទេសចរណ៍នៅទីក្រុងបាងកក។ លោកស្រី Do Thi Quynh Tram នាយិការងគណៈកម្មការពន្លឿនផែនការនិងការវិនិយោគ អនុប្រធានសមាគមមិត្តភាពវៀតណាម-ថៃ ទីក្រុង Da Nang បានវាយតម្លៃថា៖

“ទោះបីជាជំងឺកូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ហើយរំខានដល់ការផ្លាស់ប្តូរភ្ញៀវទេសចរក៏ដោយ ប៉ុន្តែការតភ្ជាប់ជាមួយទីផ្សារទេសចរណ៍ថៃនៅតែត្រូវបានរក្សាបានតាមរយៈសកម្មភាពអនឡាញ។ នាពេលខាងមុខ ថៃនៅតែជាទីផ្សារសំខាន់របស់ទីក្រុង Da Nang ដោយផ្តោតលើទម្រង់ទេសចរវាយកូនហ្គោលនិងសម្រាកលំហែកាយ”។

ទីក្រុង Da Nang ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសថៃ - ảnh 2ការផ្សព្វផ្សាយជើងហោះហើរត្រង់រវាងទីក្រុងដាណាំង-ខេត្តឈៀងម៉ៃ។ (រូបថត៖ Tuoitre)

ទាក់ទងនឹងវិស័យជួបប្រាស្រ័យប្រជាជន សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Da Nang សមាគមមិត្តភាពវៀតណាម-ថៃ ទីក្រុង Da Nang និងស្ថាប័ន អង្គភាពនានា ក៏បានបង្កើតសញ្ញាសម្គាល់លេចធ្លោក្នុងការរួមចំណែកជំរុញនិងពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រជាជនទីក្រុង ជាមួយប្រជាជននៅតាមខេត្តក្រុងនានារបស់ថៃផងដែរ។ អាចនិយាយដល់សកម្មភាពលេចធ្លោមួយចំនួនទៀតដូចជា កម្មវិធីជួបប្រាស្រ័យមិត្តភាពជាមួយសមាគមន៍នារីខេត្ត Sakon; ព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មវៀតណាម-ថៃ និងការតាំងពិព័រណ៍រូបថត”; “សិក្ខាសាលាអំពីកាលានុវត្តភាពអាជីវកម្មនិងវិនិយោគនៅទីក្រុង Da Nang….វាយតម្លៃពីប្រៀបខ្លាំងរបស់ទីក្រុង Da Nang ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម និងថៃ លោក Natthapol Na Songkhla អគ្គកុងស៊ុលថៃស្តីទីប្រចាំនៅទីក្រុងហូជីមិញ បានឲ្យដឹងថា៖

“ទីក្រុង Da Nang មានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ ដែលជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ហើយផ្តោតលើការអភិវឌ្ឍក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍នៃភាគកណ្តាល វៀតណាម។ ថៃត្រៀមខ្លួនជាស្រេចសហការជាមួយ Da Nang ដើម្បីអភិវឌ្ឍន៍វិស័យនេះ។ ការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច មិនត្រឹមតែជំរុញប្រតិបត្តិការពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជននៃប្រទេសទាំងបី វៀតណាម ថៃ និងឡាវ ធ្វើដំណើរដោយរលូន ហើយជួយរឹតបន្តឹងទំនាក់ទំនងរវាងបណ្ដាប្រទេសទៀតផង។ ប្រៀបខ្លាំងមួយទៀតរបស់ទីក្រុង Da Nang គឺសាកលវិទ្យាល័យភាសាបរទេស ចំណុះសាកលវិទ្យាល័យ Da Nang ដែលកំពុងបង្រៀនជំនាញភាសាថៃ។ ខ្ញុំសង្ឃឹមថា និស្សិតដែលត្រូវបានបណ្តុះបណ្តាលជំនាញនេះ នឹងក្លាយជាស្ពានតភ្ជាប់រវាងប្រទេសយើងទាំងពីរ”។

 សក្ដានុពលសហប្រតិបត្តិការរវាងទីក្រុង Da Nang ជាមួយខេត្តក្រុងនិងដៃគូនានារបស់ថៃ នៅតែធំធេងណាស់ ជាពិសេសនៅពេលដែល Da Nang បានកំណត់គោលដៅក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដ៏ធំមួយរបស់ប្រទេស ជាតិនិងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ដោយមានទីតាំងភូមិសាស្រ្តអំណោយផល ហេដ្ឋារចនាសម្ព័ន្ធទំនើប និងកំពង់ផែ Tien Sa ដែលជាចំណុចបញ្ចប់នៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិចនោះ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុង Da Nang និងដៃគូថៃ មានឱកាសអភិវឌ្ឍន៍ជាច្រើនដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ