ទំនាក់ទំនងវៀតណាម-ឡាវ៖ ពង្រីកប្រពៃណីនិងផ្លាស់ប្ដូរថ្មីការត្រិះរិះ
(VOVWORLD) - “ឆ្នាំ២០១៧មានអត្ថន័យពិសេសក្នុងទំនាក់ទំនងវៀតណាម-ឡាវ ដោយ មានសកម្មភាពជាច្រើនរំលឹកខួបលើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត (១៩៦២-២០១៧) និង៤០ឆ្នាំទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហ ប្រតិបតិ្តការ (១៩៧៧-២០១៧)។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវលោក Nguyen Ba Hung (រូបថត៖ VOV) |
អាចនិយាយបានថា កំណាត់ផ្លូវ៥៥ឆ្នាំកន្លងទៅ ជារយៈពេលសាកល្បងនិងអះអាងនូវកម្លាំងរស់ដ៏ខ្លាំងក្លានៃទំនាក់ទំនងមហិមារនិងចំណងសាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវ។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវលោក Nguyen Ba Hung ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV នាឱកាសចូលឆ្នាំថ្មី ២០១៨។
ទំនាក់ទំនងវៀតណាម-ឡាវ ត្រូវបានលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phonevihan និងលោកប្រធាន Souphanouvong ដាក់គ្រឹះរឹងមាំហើយត្រូវបានថ្នាក់ដឹកនាំជំនាន់ក្រោយៗនិងប្រជាជននៃប្រទេសទាំងពីរខំប្រឹងប្រែងពូនជ្រុំក្នុងអំឡុង៥៥ឆ្នាំកន្លងទៅ។ ទំនាក់ទំនងនេះត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរលើគ្រប់វិស័យតាមរយៈជំនួបសវនាការរវាងថ្នាក់ដឹកនាំនៃបក្សទាំង២ រដ្ឋទាំង២ ក៏ដូចជាសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវលោក Nguyen Ba Hung បានឲ្យដឹងថា៖
“ក្នុងឆ្នាំ២០១៧ ជាឆ្នាំសាមគ្គីភាពវៀតណាម-ឡាវ ឡាវ-វៀតណាមនោះ គណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ជាង៣០០នៃប្រទេសទាំង២បាន បំពេញទស្សនកិច្ចគ្នាទៅវិញទៅមក។ មានសកម្មភាពលេចធ្លោមួយចំនួនដូចជា៖ ពិធីអុជធូបនៅមណ្ឌលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅភូមិ Xiengvang ខេត្ត Khammoune ពិធីអុជធូបនៅស្ដូបគោរពវិញ្ញាក្ខ័ន្ធយុទ្ធជនពលីនៅភូមិ Con ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពលី យុទ្ធជនពិការវៀតណាម ការរ៉ៃអង្គាសប្រាក់ជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលវៀតណាមដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងប្រជាជនឡាវដែលរងផលប៉ះពាល់ដោយខ្យល់ព្យុះ Sonca”។
ទន្ទឹមនឹងទំនាក់ទំនងនយោយបាយនិងការជួបប្រាស្រ័យប្រជាជនដែលអភិវឌ្ឍន៍ប្រកបដោយភាពល្អប្រសើរនោះ គឺទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងឡាវ ក៏ជាកម្លាំងចលករសំខាន់ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។ នាបច្ចុប្បន្ន វៀតណាមជាវិនិយោគិនបរទេសធំទី៣នៅឡាវ។
“សហគ្រាសវៀតណាមដើរតួនាទីសំខាន់និងមិនអាចខ្វះបានក្នុងទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ នាបច្ចុប្បន្ន សហគ្រាសវៀតណាមបានបោះទុនលើគម្រោងការណ៍វិនិយោគចំនួន២៧៦នៅឡាវ ដោយដើមទុនចុះបញ្ជីសរុបចំនួន៥ពាន់លានដុល្លាអាមេរិក។ លេចធ្លោបំផុតគឺសម្ព័ន្ធក្រុមហ៊ុន Vietel ដែលកំពុងវិនិយោគប្រកបដោយប្រសិទ្ធភាពក្រោមពាណិជ្ជសញ្ញា Unitel។ ក្រៅពីនោះ អាចនិយាយដល់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម សម្ព័ន្ធក្រុមហ៊ុន Hoang Anh Gia Lai ដោយទុនវិនិយោគឡើងដល់ទៅរាប់សិបលានដុល្លាអាមេរិក។ ជាពិសេស សហគ្រាសវៀតណាមបានចំណាយប្រាក់រាប់រយលានដុល្លាដើម្បីកាត់បន្ថយភាពក្រីក្រ កសាងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ឆ្ងាយដាច់ស្រយាលនៃប្រទេសឡាវផងដែរ”។
លើឆាកអន្តរជាតិ ទំនាក់ទំនងវៀតណាម-ឡាវ ក៏រួមចំណែកមិនតិចឡើយក្នុងការបង្កើនស្ថិរភាពនិងវឌ្ឍនភាពនៅតំបន់អាស៊ានដែរ៖
“ទំនាក់ទំនងពិសេសវៀតណាម-ឡាវ បានរួមវិភាគទានយ៉ាងសកម្មចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយប្រទេសអាស៊ានដទៃ រួមចំណែករក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវឌ្ឍនភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនិងលើពិភពលោក។ ព្រមទាំងរួមចំណែករក្សាការស្រុះចិត្តគំនិត សាមគ្គីភាព ឯកភាព ក្នុងប្លុកអាស៊ាន លើកកំពស់តួនាទីជាគោលរបស់អាស៊ានក្នុងទំនាក់ទំនងអន្តរជាតិ”។
ជាងពាក់កណ្ដាលសតវត្សបានកន្លងផុតទៅហើយ បើទោះបីស្ថានភាពក្នុងតំបន់និងលើពិភពលោកមានបម្រែបម្រួលដ៏ស្មុគស្មាញជាច្រើនក្ដី ប៉ុន្តែទំនាក់ទំនងវៀតណាម-ឡាវ នៅតែត្រូវបានចាត់ទុកថា ជាទំនាក់ទំនងពិសេស ជិតស្និទ្ធមិនអាចឃ្លាតពីគ្នាបានឡើយ៕