ទិវាលក់ទំនិញតាមអនឡាញអាស៊ានឆ្នាំ២០២១ - ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសសមាជិកអាស៊ាន
(VOVWORLD) - ជម្ងឺរាតត្បាតកូវីដ ១៩ បានផ្លាស់ប្ដូរទំលាប់ទិញទំនិញរបស់អតិថិជនពីការទិញដោយផ្ទាល់ទៅជាការទិញតាមប្រព័ន្ធអនឡាញ។ ប្រទេសសមាជិកអាស៊ានកំពុងជំរុញការដោះដូរពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនក្នុងតំបន់។ ទិវាលក់ទំនិញតាមអនឡាញអាស៊ានឆ្នាំ២០២១ - ASEAN Online Sale Day ២០២១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ទី១០ ខែសីហា គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំដៅបង្កើតឡើងបុព្វបទសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន បង្កើតការតភ្ជាប់រវាងបណ្ដាប្រទេស បញ្ជាក់នូវសាមគ្គីភាពនិងឋានៈរបស់អាស៊ាននៅក្នុងពិភពលោកមួយដែលកំពុងផ្លាស់ប្ដូរ។
អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi។ (រូបថត៖ VOV) |
ទិវាទិញទំនិញតាមអនឡាញអាស៊ានឆ្នាំ២០២១ ត្រូវបានធ្វើឡើងក្រោមសហអធិបតីភាពរបស់ ប្រ៊ុយណេដារូសាឡឹម ដែលជាប្រធានអាស៊ានឆ្នាំ២០២១ សឹង្ហបុរី និងវៀតណាម ដោយមានកិច្ចសហការជាមួយប្រទេសសមាជិកអាស៊ានទាំង១០។ កម្មវិធីឆ្នាំនេះទាក់ទាញបានការចូលរួមរបស់សហគ្រាស អង្គការចំនួនរាប់រយដែលកំពុងធ្វើអាជីវកម្មលើផ្លាតហ្វម (Platform) ឌីជីថលក្នុងវិស័យជាច្រើនដូចជា៖ គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក ម៉ូដ គ្រឿងអេឡិចត្រូនិក គ្រឿងប្រើប្រាស់ សេវាកម្ម ទេសចរណ៍ ភោជនីយកម្ម សណ្ឋាគារ គ្រឿងសិប្បកម្មវិចិត្រសិល្បៈ និងវិស័យមួយចំនួនផ្សេងទៀត។ មានសហគ្រាសវៀតណាមចំនួនជាង១០០អង្គភាពក៏ចូលរួមលក់ទំនិញតាមប្រព័ន្ធអនឡាញលើកនេះផងដែរ។ អគ្គលេខាធិការអាស៊ានលោក Dato Lim Jock Hoi ជឿជាក់ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងចូលរួមចំណែកនាំឲ្យអាស៊ានឈានចូលស្ថានការណ៍ធម្មតាថ្មី។
“ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិតាមរយៈការជំរុញពាណិជ្ជកម្មអេឡិចត្រូនិក ដោយឈរលើការបង្កើតសេដ្ឋកិច្ចឌីជីថល នឹងជួយអាស៊ានសម្របខ្លួនហើយជំនះពុះពារលើការអាក់ខានសេដ្ឋកិច្ចជាសកល ដោយសារជម្ងឺកូវីដ ១៩។ ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន ពាណិជ្ជកម្មអេឡិចត្រូនិកកំពុងជំរុញឲ្យយុទ្ធសាស្ត្រអាស៊ានឆ្ពោះទៅរកខឿនសេដ្ឋកិច្ចឌីជីថល រួមចំណែកអនុវត្តន៍កិច្ចព្រមព្រៀងអាស៊ានស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិក។ ទិវាទិញទំនិញតាមអនឡាញអាស៊ានជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលជួយជំរុញពាណិជ្ជកម្មអេឡិចត្រូនិកក្នុងឆ្នាំ។ ទំនិញនិងសេវាកម្មរាប់លានប្រភេទរបស់អាស៊ានត្រូវបានលក់ក្នុងតម្លៃអនុគ្រោះនៅលើផ្លាតហ្វមពាណិជ្ជកម្មអេឡិចត្រូនិកដោយមានកិត្យានុភាព”។
លោក Lichun នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Lazada។
(រូបថត៖ kinhtechungkhoan.vn) |
នេះជាលើកទី២ហើយដែលអាស៊ានរៀបចំទិញទំនិញតាមអនឡាញ តាមគំនិតផ្ដួចផ្ដើមរបស់វៀត ណាមកាលពីឆ្នាំ២០២០។ ព្រឹត្តិការណ៍ត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ សំដៅជួយគាំទ្រពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ក៏ដូចជាសហគ្រាសនៅតាមប្រទេសសមាជិកនីមួយៗផងដែរ។ ដោយឡែកឆ្នាំនេះ ក្នុងបរិបទនៃជម្ងឺរាតត្បាត ១៩ ព្រឹត្តិការណ៍បានបង្កើតឱកាសសម្រាប់អ្នកលក់រាយលើវិស័យជាច្រើន ក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន ហើយជ្រៀតចូលទីផ្សារធំៗ។ យោងតាមរបាយការណ៍របស់ Lazada ដែលបានប្រកាសនាពេលថ្មីៗនេះ មានអ្នកលក់ទំនិញឡើងដល់៥០%នៅឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងសឹង្ហបុរី សម្រេចបានកំណើនខ្ពស់ក្នុងឆមាសទី១ឆ្នាំ២០២១។ លោក Lichun នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Lazada ឲ្យដឹងថា៖
“ឱកាសដើម្បីអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍គឺធំធេងណាស់។ នាបច្ចុប្បន្ន យើងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃដំណើរការនេះប៉ុណ្ណោះ។ ខ្ញុំជឿជាក់ថា វិស័យនេះអាចអភិវឌ្ឍប្រកបដោយចីរភាព ហើយនាំមកនូវឱកាសសម្រាប់ប្រទេសទាំងអស់។ ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត ខណៈដែលផ្នែកអាជីវកម្មប្រពៃណីកំពុងជួបការលំបាកនោះ គឺផ្នែកពាណិជ្ជកម្មអេឡិច ត្រូនិកបែរជាអភិវឌ្ឍន៍ដោយល្បឿនលឿនជាងពេលណាៗទាំងអស់”។
ការទិញទំនិញតាមប្រព័ន្ធអនឡាញនៅតំបន់អាស៊ានកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែល្បឿនបណ្ដាញអ៊ីនធឹណិតត្រូវបានកែលម្អ ឧបករណ៍ចល័តមានតម្លៃសមរម្យ និងការកើតមានកាន់តែច្រើនឡើងៗនៃផ្លាតហ្វមអនឡាញ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ានក៏ប្រឈមនឹងបញ្ហាជាច្រើនផងដែរ។ ដើម្បីជំរុញខ្លាំងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ប្រការសំខាន់គឺចាំបាច់ត្រូវលើកកំពស់ប្រសិទ្ធភាព កាត់បន្ថយពេលវេលា និងការចំណាយលើការដឹកជញ្ជូនទំនិញ ខណៈដែលថ្លៃសេវានិងលក្ខណៈផ្នែកភស្តុភារកម្មរវាងប្រទេសសមាជិកអាស៊ាននានានៅតែមានគម្លាតដ៏ធំ ដោយសារភាពខុសប្លែកគ្នាខាងហេដ្ឋារចនាសម្ព័ន្ធ។ លោក Vaughan Rayen អ្នកគ្រប់គ្រងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកតំបន់អាស៊ី-ប៉ាស៊ីហ្វិកចំណុះក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Nielsen IQ ឲ្យដឹងថា៖
“ដើម្បីអាចជំរុញខ្លាំងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក បណ្ដាប្រទេសត្រូវការកសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាពនិងស៊ីសង្វាក់គ្នា។ នាបច្ចុប្បន្ននេះ ទោះជាពេលវេលាដឹកជញ្ជូនត្រូវបានកាត់បន្ថយក្ដីប៉ុន្តែនៅតែមានបញ្ហាភស្តុភារកម្មជាច្រើនទៀតដែលត្រូវការកែលម្អរ”។
អាចមើលឃើញថា ការទិញទំនិញតាមប្រព័ន្ធអនឡាញកំពុងនាំមកនូវការស្ដារឡើងវិញសម្រាប់ខឿនសេដ្ឋកិច្ចបន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជម្ងឺកូវីដ ១៩។ ប៉ុន្តែនាបច្ចុប្បន្ននេះ នៅតែមានបញ្ហាប្រឈមជាច្រើនដែលអាស៊ានត្រូវជំនះពុះពារដើម្បីអាចអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនយ៉ាងពិតប្រាកដ៕