បាងកក RHVAC និង បាងកក E&E - ឱកាសសហប្រតិបត្តិការលើវិស័យគ្រឿងសម្ភារៈ អេឡិចត្រូនិក
(VOVWORLD) -ពិព័រណ៍ផ្នែកម៉ាស៊ីនត្រជាក់ និង ឧបករណ៍ធ្វើឲ្យត្រជាក់ (បាងកក RHVAC) និងពិព័រណ៍ផ្នែកឧបករណ៍អគ្គិសនី និងគ្រឿងអេឡិចត្រូនិច (បាងកក E&E) ថៃ ត្រូវបានចាត់ទុកជាពិព័រណ៍ផ្នែក ឧស្សាហកម្មគ្រឿងសំភារៈអគ្គិសនី និងគ្រឿងអេឡិចត្រូនិក មួយក្នុងចំណោមពិព័រណ៍ធំបំផុតទាំង ៥លើពិភពលោក។
ទិដ្ឋភាពនៃពិព័រណ៍ផ្នែកម៉ាស៊ីនត្រជាក់ និង ឧបករណ៍ធ្វើឲ្យត្រជាក់ (បាងកក RHVAC) និងពិព័រណ៍ផ្នែកឧបករណ៍អគ្គិសនី និងគ្រឿងអេឡិចត្រូនិច (បាងកក E&E) ថៃ |
នាយកដ្ឋានពន្លឿនពាណិជ្ជកម្មអន្តរជាតិ (DITP) នៃក្រសួងពាណិជ្ជកម្មថៃ ជាអង្គភាពរៀបចំព្រឹត្តិការណ៍នេះមានក្ដីសង្ឃឹមថា ដោយមានចំណុចលេចធ្លោគឺ ឧទ្ទេសនាមនូវរាល់ដំណោះស្រាយផលិតដែលស្និតស្នាលជាមួយបរិស្ថាន និងបច្ចេកទេសសន្សំ សម្ចៃអគ្គិសនីទំនើបៗបំផុតនោះ បាងកក RHVAC និង បាងកក E&E ឆ្នាំ ២០១៩ នឹងជួយតភ្ជាប់រវាងអ្នកផលិត អ្នកនាំចេញ និងអតិថិជនក្នុងតំបន់ដោយពាក្យស្លោកថា One stop solutinon ដំណោះស្រាយច្រកចេញចូលតែមួយ។
លោក Wittayakorn Maneenetr អនុប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មអន្តរជាតិថៃ |
ពិព័រណ៍បាងកក RHVAC និង បាងកក E&E ត្រូវបានរៀបចំឡើង ២ ឆ្នាំម្ដង ហើយឆ្នាំនេះគឺជាឆ្នាំទី ១២ ហើយ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្ដុំនូវរាល់ផលិតផលដ៏សម្បូរបែបបំផុតលើវិស័យនេះ ដូចជា៖ ឧបករណ៍ធ្វើពីជ័រ លោហធាតុ កៅស៊ូ គ្រឿងម៉ាស៊ីន ម៉ាស៊ីនត្រជាក់ ឧបករណ៍ធ្វើឲ្យត្រជាក់ ឧបករណ៍អេឡិចត្រូនិកទំនើបបំផុត។ លោក Wittayakorn Maneenetr អនុប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មអន្តរជាតិថៃបានឲ្យដឹងថា ប្រទេសថៃត្រូវបានចាត់ទុកជាមូលដ្ឋានផលិតដ៏ល្បីល្បាញអំពីគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិកលើពិភពលោក។ ដោយមានពាណិជ្ជសញ្ញាដ៏ល្បីឈ្មោះជាច្រើននោះ ពិភពលោកបាន និងកំពុងជ្រើសរើសថៃជាទីកន្លែងផលិតទំនិញរបស់ពួកគេ។ ហេតុដូច្នេះហើយ គោលដៅនៃព្រឹត្តិការណ៍នេះ ដើម្បីផ្សព្វផ្សាយសក្កានុពល ផលិតផល បើកទូលាយទីផ្សារ និងបង្កើតឱកាសជួបជុំសម្រាប់ដៃគូសក្កានុពលលើពិភពលោក។
លោក Wittayakorn Maneenetr បានឲ្យដឹងថា៖ “វិនិយោគិនបរទេសមិនត្រឹមតែបានសម្លឹងមើលទៅតំបន់របស់យើងដូចជាប្រទេសថៃ ឬវៀតណាមប៉ុណ្ណោះទេ ថែមទាំង សម្លឹងមើល ទៅលើ ខេត្តនានា ក្នុងតំបន់ទៀតផង។ វិនិយោគិននឹង វិនិយោគចូលខេត្តណាដែលមាន កិច្ចព្រមព្រៀងសមស្របជាមួយពួកគេ។ ហេតុដូច្នេះហើយ យើងគប្បីសហប្រតិបត្តិការជាមួយគ្នា ដើម្បីបណ្ដាប្រទេសជាសមាជិកអាស៊ានរួមគ្នាអភិវឌ្ឍន៍។ អាស្រ័យហេតុនេះ យើងខ្ញុំបានអញ្ជើញសហគ្រិន អ្នកនាំចេញ អ្នកនាំចូល ឬម្ចាស់រោងចក្រដែលទាក់ទិននឹងគ្រឿងម៉ាស៊ីន និងឧបករណ៍បច្ចេកទេសមកចូលរួមពិព័រណ៍នេះ ដើម្បីសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ក៏ដូចជាឆ្ពោះទៅអនាគតផងដែរ”។
ទិដ្ឋភាពនៃពិព័រណ៍ផ្នែកម៉ាស៊ីនត្រជាក់ និង ឧបករណ៍ធ្វើឲ្យត្រជាក់ (បាងកក RHVAC) និងពិព័រណ៍ផ្នែកឧបករណ៍អគ្គិសនី និងគ្រឿងអេឡិចត្រូនិច (បាងកក E&E) ថៃ |
ពិព័រណ៍ឆ្នាំនេះនឹងត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៩ ខាងមុខ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទ BITEC ដោយទាក់ទាញការចូលរួមរបស់ក្រុមហ៊ុនចំនួន ៤០០ អង្គភាពមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា ចិន និងអឺរ៉ុប។ ពិព័រណ៍នេះបានតាងបង្ហាញស្តង់ទំនិញចំនួន ១ ពាន់ស្តង់ កើនជាង ១០ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៧។ ស្ដីពី ដំណោះស្រាយច្រកចេញចូលតែមួយ ដែលជាគោលដៅនៃផ្នែកឧស្សាហកម្មគ្រឿងសំភារៈមាស៊ីនត្រជាក់នោះ លោក Aroon Iemsuri ប្រធានសមាគមឧស្សាហកម្មគ្រឿងសំភារៈម៉ាស៊ីនត្រជាក់ថៃបានឲ្យដឹងថា៖ “ពិតណាស់ថា ក្នុងតំបន់អាស៊ាននេះ ប្រទេសថៃត្រូវបានចាត់ទុកជាមូលដ្ឋានផលិតគ្រឿងសំភារៈម៉ាស៊ីនត្រជាក់ដ៏ខ្លាំងក្លាមួយ។ យើងខ្ញុំបានប្រមូលផ្ដុំនូវអ្នកផ្គត់ផ្គង់ចាប់ពីគ្រឿងសំភារៈបម្រើផលិតកម្ម រហូតដល់ផលិតផលចុងក្រោយ។ ដៃគូនានាអាចមកកាន់ប្រទេសថៃ ដើម្បីស្វែងរកអ្នកផលិត អតិថិជន ឬដៃគូធ្វើអាជិវកម្ម។ ទន្ទឹមនឹងនេះ សហគ្រាសថៃមានបទពិសោធន៍ជាច្រើន ហើយមានបំណងចង់ពង្រីកទីផ្សារ និងកិច្ចសហប្រតិបត្តិការផងដែរ”។
លោក Aroon Iemsuri ប្រធានសមាគមឧស្សា ហកម្មគ្រឿងសំភារៈម៉ាស៊ីនត្រជាក់ ថៃ |
ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះក៏បានប្រព្រឹត្តិទៅសកម្មភាពដ៏គួរឲ្យកត់ សម្គល់ជាច្រើនដូចជា៖ សិក្ខាសាលាស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មអគ្គិសនី គ្រឿងសំភារៈ ម៉ាស៊ីនត្រជាក់ជាដើម។ ស្ដីពីនិន្នាការតភ្ជាប់ក្នុងតំបន់ លោក Aroon Iemsuri ប្រធានសមាគមឧស្សាហកម្មគ្រឿងសំភារៈម៉ាស៊ីនត្រជាក់ ថៃបានឲ្យដឹងថា៖ “ខ្ញុំគិតថា យើងអាចជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាអភិវឌ្ឍន៍ ពីព្រោះថា យើង បានស្ថិតនៅក្នុងតំបន់ CLMV ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយគ្នាផង។ យើងខ្ញុំក៏មានសកម្មភាពសហប្រតិបត្តិការជាមួយដៃគូជប៉ុន និងមានសិក្ខាសាលាឯកទេសអំពីសារធាតុធ្វើឲ្យត្រជាក់ ហើយ ថែមទាំងបានអញ្ជើញតំណាងនៃបណ្ដាប្រទេសដូជា៖ វៀតណាម ម៉ាឡេស៊ីឥណ្ឌូនេស៊ី និងហ្វីលីពីនចូលរួម ដើម្បីចែករំលែក និន្នាការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មគ្រឿងសំភារៈនៃប្រទេសនិមួយៗផង ដែរ”។
លោក Aroon Iemsuri បានបន្តថា វៀតណាមត្រូវបានបាត់ទុកជាផ្នែកផលិត គ្រឿងអេឡិចត្រូនិកសំខាន់លើពិភពលោក។ ហេតុដូច្នេះហើយ បណ្ដាសហគ្រាសវៀតណាមអាចឆ្លៀតយកឱកាសនៃពិព័រណ៍បាងកក RHVAC និងបាងកក E&E ដើម្បីឧទ្ទេសនាមផលិតផលគ្រឿងអគ្គិសនី និង គ្រឿងអេឡិចត្រូនិកទៅកាន់ពិភពលោកផងដែរ៕