(VOVWORLD) -សាលាមិត្តភាព T78 ត្រូវបានបង្កើតឡើងកាលពី ៦០ ឆ្នាំមុន នៅឃុំ Tho Loc ស្រុក Phuc Tho ទីក្រុងហាណូយ។ សាលានេះ គឺជាជាទីកន្លែងបណ្ដុះបណ្ដាលភាសាវៀតណាមសម្រាប់និស្សិតឡាវជាច្រើនជំនាន់មកហើយ។
សំដៅលើកកម្ពស់ជំនាញ និងចំណេះដឹងភាសាវៀតណាមសម្រាប់និស្សិតឡាវនោះ សាលាបានរៀបចំសកម្មភាពចុះកធ្វើម្មសិក្សា និងបង្កើតលក្ខណៈងាយស្រួលសម្រាប់និស្សិតឡាវបានហ្វឺកហាត់ជំនាញភាសាវៀតណាម និងសមត្ថភាពរៀនដោយខ្លួនឯងរបស់ខ្លួន។ សកម្មភាពលេចធ្លោបំផុតក្នុងសកម្មភាពទាំងនេះគឺជាកម្មវិធីបញ្ជូននិស្សិតឡាវចុះធ្វើកម្មសិក្សានៅតាមផ្ទះរបស់ប្រជាជន (Homestay)។
គ្រូបង្រៀន និងនិស្សិតឡាវនៅសាលាមិត្តភាព T78 |
សាលា T78 បានចាប់ផ្ដើមអនុវត្តន៍កម្មវិធីតាមបែប Homestay អស់រយៈពេល ៥ ឆ្នាំមកហើយ (ពីឆ្នាំសិក្សា ២០១៤ - ២០១៥ )។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ មាននិស្សិតឡាវ ប្រមាណ ៥០០ នាក់បានចូលរួមកម្មវិធីនេះ នៅទូទាំងឃុំ Tho Loc ។ នាឆ្នាំសិក្សា ២០១៤ - ២០១៥ មានឃុំចំនួន ១ និស្សិតចំនួន ១៩ នាក់ និងប្រជាជនចំនួន ១០ គ្រួសារបានចួលរួមគម្រោងនេះតែប៉ុណ្ណោះ។ រហូតដល់ឆ្នាំសិក្សា ២០១៨ - ២០១៩ មានឃុំចំនួន ៤ និស្សិតចំនួន ១៦៦ នាក់ និងប្រជាជនចំនួន ១០០ គ្រួសារបានចូលរួមកម្មវិធីនេះ។ លោក Nguyen Hai Thanh អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាមបានឲ្យដឹងថា៖
“ប្រទេសជឿនលឿនជាច្រើនលើពិភពលោកបានអនុវត្តន៍រូបសណ្ឋាននេះហើយ។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់សាលា T78។ កម្មវិធីនេះមិនត្រឹមតែមានអត្ថន័យជួយឲ្យនិស្សិតហ្វឺកហាត់ជំនាញភាសាវៀតណាម លើកកម្ពស់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបង្កើនការយល់ដឹងអំពីជីវភាពរស់នៅទាំងខាងវប្បធម៌ និងទំនៀមទំលាប់របស់ប្រជាជនវៀតណាមទៀតផង”។
លោក Nguyen Hai Thanh អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម |
ចូលរួមកម្មវិធីចុះកម្មសិក្សានៅតាមផ្ទះរបស់ប្រជាជននោះ និស្សិតឡាវត្រូវនិយាយភាសាវៀតណាមជាប្រចាំ។ តាមរយៈការរស់នៅ ការហូបចុក និងជីវភាពរស់នៅប្រចាំថ្ងៃនេះ បានជួយឲ្យនិស្សិតឡាវ កែលម្អជំនាញ ស្ដាប់ និយាយ អាន និងសរសេរ។ មិត្ត Suthat Taavon និស្សិតឡាវ ដែលបានចូលរួមកម្មវិធី Homestay បានចែករំលែកថា៖
“មុនពេលចូលរួមកម្មវិធីនេះ ខ្ញុំពិតជាបារម្ភណាស់ ដោយសារខ្ញុំនិយាយភាសាវៀតណាមមិនសូវល្អឡើយ។ ប៉ុន្តែនៅពេលរស់នៅជាមួយប្រជាជន ខ្ញុំទទួលបានការណែនាំ ថែទាំយ៉ាងសកម្មពីសំណាក់ក្រុមគ្រួសារវៀតណាម ហាក់ដូចជាក្រុមគ្រួសារខ្ញុំអញ្ចឹងដែរ។ សមាជិកក្នុងគ្រួសារតែងតែជួយពន្យល់ពាក្យថ្មីឲ្យខ្ញុំ។ បញ្ចប់កម្មវិធីចុះកម្មសិក្សានេះ ជំនាញភាសាវៀតណាមរបស់ខ្ញុំត្រូវបានកែលម្អជាច្រើនណាស់”។
ចូលរួមកម្មវិធីនេះ និស្សតិឡាវមិនត្រឹមតែបានសិក្សារៀនសូត្រភាសារវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់អំពីវប្បធម៌វៀតណាមទៀតផង។ លោកស្រី Nguyen Thi Dinh អ្នកគ្រូបង្រៀនសភាសាវៀតណាមមួយរូប នៅសាលាមិត្តភាព T78 បានឲ្យដឹងថា៖
“តាមរយៈការតាមដាន ការវាយតម្លៃ និងការបង្ហាត់បង្រៀនដោយផ្ទាល់នោះ នាងខ្ញុំឃើញថានិស្សិតឡាវមានការវិវឌ្ឍជាច្រើន ជាពិសេសគឺជំនាញនិយាយ ការយល់ដឹងអំពីវប្បធម៌ ប្រពៃណី វប្បធម៌តាមតំបន់ ហើយពិសេសគឺមនោសញ្ចេតនាជាមួយគ្រួសារវៀតណាម”។
ការដែលនិស្សិតឡាវសម្របខ្លួនជាមួយជីវភាពរស់នៅ ការធ្វើពលកម្ម ផលិតកម្មរបស់ប្រជាជន និងផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមកបានរួមចំណែកពង្រឹង និងព្រីកចំណងមិត្តភាពពិសេសរវាងវៀតណាម និងឡាវ។ លោក Ampavanh Kouangmanivan ទីប្រឹក្សាវប្បធម៌ អប់រំ នៃស្ថានទូតឡាវប្រចាំនៅវៀតណាមបានអះអាងថា៖
“កម្មវិធី Homestay របស់សាលា T78 គឺមានសារៈសំខាន់ណាស់ចំពោះនិស្សិតឡាវ ដែលបន្តការសិក្សារៀនសូត្រនៅវៀតណាម។ កម្មវិធីចុះកម្មសិក្សានេះ បានជួយឲ្យនិស្សិតយល់ដឹងអំពីជីវភាពរស់នៅរបស់ប្រជាជន។ ខ្ញុំសង្ឈឹមថា កម្មវិធីនេះនឹងត្រូវបានពង្រីកនៅតាមសាលានានា ដែលមាននិស្សិតឡាវ ពីព្រោះថានិស្សិតឡាវបានបន្តការសិក្សានៅវៀតណាមកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ”។
នាពេលខាងមុខ សាលាបានលើកសំណើរទៅកាន់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់អនុញ្ញតឲ្យបង្កើនចំនួននិស្សិត ដែលចូលរួមកម្មវិធី Homestay នេះ ក៏ដូចជាពន្យាពេលអនុវត្តន៍កម្មវិធីនេះ រហូតដល់ ២ ទៅ ៣ ខែផងដែរ៕