វង់តន្ត្រី Gamelan របស់ឥណ្ឌូនេស៊ី - បេតិកភណ្ឌវប្បធម៌អរូបីយ៍របស់មនុស្សលោក
(VOVWORLD) - ឥណ្ឌូនេស៊ីគឺជាប្រទេសមួយដែលមានឧបករណ៍តន្ត្រីប្រពៃណីដ៏សម្បូរបែប។ ក្នុងនោះ មានវង់តន្ត្រី Gamelan ដ៏ល្បីល្បាញ ដែលទើបនឹងបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍របស់មនុស្សលោក។
វង់តន្ត្រី Gamelan របស់ឥណ្ឌូនេស៊ី។ (រូបថត៖ VOV) |
វង់តន្ត្រី Gamelan រួមមានឧបករណ៍តន្ត្រីជាច្រើនប្រភេទដូចជា ស្គរ គង ឃ្មោះ ខ្លុយ ចាបី និងឧបករណ៍តន្ត្រីមួយចំនួនផ្សេងទៀត។ ស្គរដើរតួនាទី ជាឧបករណ៍កែចង្វាក់ ដែលត្រូវបានគេលេងដោយទះដៃលើផ្ទៃស្បែកស្គរពាសដោយស្បែកសត្វ។ ឈុតគងធ្វើពីលោហៈធាតុ ត្រូវបានព្យួរឡើង នៅពេលលេង ប្រើចង្គឹះវាយដ៏ខ្លីដើម្បីរក្សាចង្វាក់សម្រាប់បទភ្លេង។ ខណៈពេលនោះ ខ្លុយឫស្សីជាឧបករណ៍សម្រេចលើសូរសម្លេង។ ឈុតស៊ីឡូហ្វូន រួមមានបន្ទះឫស្សីចំនួន១៨ ដាក់នៅលើជើងទម្ររាងទូក ដែលត្រូវបានរៀបចំតាមលំដាប់ពីតូចរហូតដល់ធំ។ ពិសេសបំផុតគឺឈុតគង់ រួមមានបន្ទះលោហៈធាតុរាងមូលចំនួន១០ដាក់នៅលើជើងទម្រឈើ ដោយមានកំពកនៅចំកណ្ដាលសម្រាប់វាយ។ អ្វីៗទាំងអស់បានបង្កើតឡើងការប្រគុំតន្ត្រីដ៏វិសេសវិសាល។ អ្នកស្រី Listiana សិប្បការិនីក្នុងគ្រួសារមួយដែលមាន៣ជំនាន់បានលេងនៅក្នុងវង់តន្ត្រី Gamelan នៅទីក្រុង Yogyakarta ភាគកណ្ដាល Java របស់ឥណ្ឌូនេស៊ីបានឲ្យដឹងថា៖
“តាមពេលវេលា វង់តន្ត្រី Gamelan បានអភិវឌ្ឍន៍ ហើយអាចគួបផ្សំជាមួយនឹងឧបករណ៍តន្ត្រីផ្សេងៗជាច្រើន។ វង់តន្ត្រី Gamelan នៅតាមតំបន់នីមួយៗក៏មានភាពខុសប្លែកគ្នាដែរ។ ដូចជានៅ Java បទភ្លេងច្រើនតែមានចង្វាក់យឺត ជ្រាលជ្រៅ ខណៈដែលវង់តន្ត្រី Gamelan នៅប៉ាលីមានចង្វាក់លឿន ស្វាហាប់និងរីករាយជាង។ ចំណែកឯ Gamelan នៅ Lombok និង Madura ប្រើប្រាស់ខ្លុយច្រើនជាង ហើយផ្ដោតសំខាន់ទៅលើចង្វាក់ភ្លេង។ Gamelan អាចត្រូវបានលេងដោយសិល្បៈករតែម្នាក់គត់ ឬដោយមនុស្សជាច្រើន”។
វង់តន្ត្រី Gamelan លេចឡើងតាំងពីមុនពេលដែលខឿនវប្បធម៌ហិណ្ឌូ-ពុទ្ធសាសនាលប់លើប្រទេសឥណ្ឌូនេស៊ីនៅឆ្នាំ៤០៤មុនគ.ស ហើយតំណាងឲ្យសិល្បៈដើមរបស់ឥណ្ឌូនេស៊ី។ ការពិពណ៌នាអំពីវង់តន្ត្រីនេះ ត្រូវបានរកឃើញលើកដំបូងនៅព្រះវិហារ Borobudur និង Prambanan ភាគកណ្ដាល Java។ សព្វថ្ងៃនេះ Gamelan បានផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ចាប់ពីកោះ Java Bali Lombok រហូតដល់ Madura នៅឥណ្ឌូនេស៊ី ដោយត្រូវបានលេងនៅក្នុងពិធីប្រពៃណី កម្មវិធីសម្ដែងសិល្បៈ តន្ត្រី ឬការសម្ដែងអាយ៉ងទឹករបស់ប្រជាជនឥណ្ឌូនេស៊ី។
ការសម្ដែងតន្ត្រី Gamelan នៅទីក្រុង Yogyakarta។ (រូបថត៖ Kompas) |
វង់តន្ត្រី Gamelan បង្ហាញពីតម្លៃនៃការគោរព ការស្រឡាញ់និងការយកចិត្តទុកដាក់ដល់គ្នាទៅវិញទៅមក។ ដោយមានតម្លៃវប្បធម៌ដ៏វិសេសវិសាលនិងថ្លៃថ្នូរ ដែលត្រូវបានប្រៀបប្រដូចជាមធ្យោបាយមួយនៃការបង្ហាញវប្បធម៌និងការកសាងទំនាក់ទំនងរវាងមនុស្សនិងភពអវកាស ឧបករណ៍តន្ត្រីប្រពៃណី Gamelan របស់ឥណ្ឌូនេស៊ី ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍របស់មនុស្សលោកកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១។ លោក Nadiem Makarim រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សេដ្ឋកិច្ច និងនវានុវត្តន៍ឥណ្ឌូណេស៊ី បានសម្តែងនូវមោទនភាពយ៉ាងដូច្នេះថា៖
“សម្រាប់ប្រជាជនឥណ្ឌូនេស៊ី Gamelan បានក្លាយទៅជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីជីវភាពរបស់ប្រជាជន ហើយបន្តត្រូវបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ។ ចាប់ពីសតវត្សទី៥មក Gamelan ត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ ធ្វើឲ្យរតនៈសម្បត្តិសិល្បៈតន្ត្រីនៅឥណ្ឌូនេស៊ីកាន់តែសម្បូរបែបថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះទេ តន្ត្រី Gamelan បានបំផុសគំនិតហើយរីកសាយភាយឥទ្ធិពលលើខឿនតន្ត្រីពិភពលោកទៀតផង។ ឥណ្ឌូនេស៊ីនឹងបន្តអភិរក្ស Gamelan តាមរយៈការអប់រំនិងការបណ្តុះបណ្តាលទាំងផ្លូវការ និងក្រៅផ្លូវការ ក៏ដូចជាតាមរយៈពិធីបុណ្យ ការធ្វើក្បួនដង្ហែ ការសម្តែងនិងការផ្លាស់ប្តូរវប្បធម៌”។
មិនត្រឹមតែនៅឥណ្ឌូនេស៊ីប៉ុណ្ណោះទេ Gamelan ក៏ត្រូវបានគេស្គាល់ដល់ជាយូរមកហើយលើឆាកអន្តរជាតិទៀតផង។ ប្រទេសមួយចំនួនដូចជា អាមេរិក អង់គ្លេស អូស្ត្រាលី និងកាណាដា មានកម្មវិធីអប់រំសិល្បៈ Gamelan រួចហើយ។ លោក Mohamad Oemar - ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំបារាំង អានដូរ៉ា ម៉ូណាកូ និងជាតំណាងក្រុមបេសកកម្មអចិន្ត្រៃយ៍ឥណ្ឌូនេស៊ីប្រចាំ UNESCO បានឲ្យដឹងថា Gamelan ត្រូវបានគេប្រើប្រាស់ដូចទៅនឹងទ្រព្យសម្បត្តិការទូតជាយូរមកហើយ។ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានសន្យាថា នឹងបន្តផ្សព្វផ្សាយ Gamelan តាមរយៈសកម្មភាពផ្សេងៗគ្នាដូចជាការបង្រៀន Gamelan ដល់ជនបរទេស និងការផ្លាស់ប្តូរវប្បធម៌៕