(VOVWORLD) -ឆ្នាំ ២០១៩ បន្តគូសសញ្ញាសម្គាល់នូវទំនាក់ទំនងសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្មវៀតណាម - កម្ពុជា។
លោក Vu Quang Minh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា |
ទំហំពាណិជ្ជកម្មទ្វេភាគី ឆ្នាំ ២០១៩ គ្រោងសម្រេចបាន ៥២ ពាន់លានដុល្លារអាមេរិក ពោលគឺហួសគោលដៅ ៥ ពាន់លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់ចេញសម្រាប់ឆ្នាំ ២០២០។ គួរឲ្យកត់សម្គាល់ថា ក្រៅពីសម្ព័ន្ធក្រុមហ៊ុនធំៗ ដែលបានដើរតួនាទីសំខាន់ៗក្នុងការវិនិយោគរបស់វៀតណាមចូលក្នុងកម្ពុជានោះ បណ្ដាសហគ្រាសឯកជនវៀតណាមបាន និងកំពុងពង្រីកការវិនិយោគទៅកាន់ទីផ្សារនេះ។ នេះគឺជាសញ្ញា ដែលសរឲ្យឃើញយថាទស្សន៍ដ៏ភ្លឺស្វាងក្នុងការដោះដូរពាណិជ្ជកម្មនាពេលខាងមុខ។
ជាប្រទេសជិតខាងនឹងគ្នា នាពេលកន្លងទៅ ខេត្ត ក្រុងនានានៅតំបន់ Nam Bo ខាងកើត និង Nam Bo ខាងលិចរបស់វៀតណាម និងកម្ពុជាបានជំរុញខ្លាំងរាល់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រួមចំណែកបង្កើតកម្លាំងចលករអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសដីសណ្ដរទន្លេ Cuu Long ជួយសម្រួលដល់ទំនិញ និងសហគ្រាសនៃតំបន់ទាំងមូល និងទីក្រុងហូជីមិញទាក់ទងផ្ទាល់ជាមួយទីផ្សារកម្ពុជា និងបណ្ដាប្រទេសជាសមាជិកអាស៊ាន។
នាចុងខែឧសភា ឆ្នាំ ២០១៩ កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោករវាងវៀតណាម និងកម្ពុជាបានចូលជាធូរមាន។ អាស្រ័យហេតុនេះ ភាគីទាំងពីរបានឯកភាពគ្នាបំពេញបន្ថែមនូវបទបញ្ញត្តិអនុញ្ញតិឲ្យមធ្យោបាយដឹកជញ្ជូនចេញចូលក្នុងទឹកដីរបស់គ្នាទៅវិញទៅមក តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ។ ប្រការនេះបានជួយសម្រួលដល់មធ្យោបាយដឹកជញ្ជូនក្នុងការធ្វើដំណើរយ៉ាងងាយស្រួល់ និងឆាប់រហ័ស។ លោក Pham Thanh Tuan ម្ចាស់សប្បកម្មផលិតទឹកកក Tan Bien ឃុំ Tan Ho Co ស្រុក Tan Hong ខេត្ត Dong Thap បានឲ្យដឹងថា៖
“មធ្យោបាយធ្វើដំណើរត្រូវបានជួយសម្រួល បានជា ការដោះដូរ ទំនិញ ក៏មានភាពងាយស្រួល់ផងដែរ។ យើងមិនចាំបាច់ដោះដូរមធ្យោបាយធ្វើដំណើរនៅពេលដឹកជញ្ជូនទំនិញឆ្លងដែនទៀតឡើយ ពោលគឺមិនពិបាក ចំណាយពេលវេលា និងកម្លាំងទៀតឡើយ”។
ជាទូទៅ ទំនាក់ទំនងសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៩ មានការអភិវឌ្ឍដោយឥតឈប់ឈរ។ ដោយមានគម្រោងជាង ២០០ ដែលមានទុនចុះបញ្ជីជាង ៣ ពាន់លានដុល្លារអាមេរិកនោះ វៀតណាមបានក្លាយទៅជាខឿនសេដ្ឋកិច្ច ១ ក្នុងចំណោមខឿនសេដ្ឋកិច្ចចំនួន ៥ ដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ច្រើនបំផុតនៅកម្ពុជា។
លោក Nguyen Phuong Lam ប្រធានសាខាសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមខេត្ត Can Tho (VCCI Can Tho) បានឲ្យដឹងថា៖ វៀតណាមមានឧត្តមភាពអភិវឌ្ឍន៍ជាច្រើន ហេតុដូច្នេះហើយ ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន។ នាគ្រាដំបូង សហគ្រាសធំៗរបស់វៀតណាមលើវិស័យហិរញ្ញវត្ថុ ធនាគារ កៅស៊ូ ទូរគមនាគមន៍ និងកែច្នៃវិនិយោគចូលមកកម្ពុជា។ ក្រោយមក ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងក្រុមសហគ្រាសខ្នាតតូច និងមធ្យមនៃប្រទេសទាំងពីរ។ លោក Nguyen Phuong Lam បានវាយតម្លៃថា៖
“កិច្ចសហប្រតិបត្តិការវៀតណាម កម្ពុជា នឹងបើកឱកាសសហប្រតិបត្តិការថ្មី រវាងប្រទេសទាំងពីរ។ VCCI នឹងបន្តខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍រាល់ភារកិច្ចដ៏សំខាន់ៗទាំងនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងវៀតណាមជាមួយបណ្ដាប្រទេសអាស៊ាន ដែលក្នុងនោះមានកម្ពុជា។ ជាពិសេសគឺនៅតំបន់ដីសណ្ដរទន្លេ Cuu Long ដែលជាតំបន់កសិកម្មធំបំផុតរបស់វៀតណាម ហើយត្រូវបានចាត់ទុកថាជាកន្លែងអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ”។
ចំណែកឯក លោក Vu Quang Minh អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសវៀតណាម មកវិនិយោគនៅកម្ពុជា ដែលលក្នុងនោះមានវិស័យកសិកម្ម ទេសចរណ៍ logistics សំណង់ អប់រំជាដើម។ លោក Vu Quang Minh បានថ្លែងថា៖
“នាបច្បុប្បន្ននេះ សហគ្រាសវៀតណាមមានលក្ខណៈ ងាយស្រួល ក្នុងការធ្វើ អាជីវកម្មនៅកម្ពុជា។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ រលកវិនិយោគនៅកម្ពុជាពិតជាខ្លាំងក្លាណាស់។ បច្ចុប្បន្ននេះ គឺជាឱកាសល្អ ដើម្បីយើងបន្តវិនិយោគ ធ្វើអាជីវកម្មនៅកម្ពុជា។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែនបានប្រកាសថា គប្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសជិតខាង ជាពិសេសគឺយល់ព្រមលើការសិក្សាស្រាវជ្រាវ រៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់សហគ្រាសវៀតណាម”។
នាបច្ចុប្បន្ននេះ សហគ្រាសនៃប្រទេសទាំងពីរមានឱកាសជាច្រើន ដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម និងកម្ពុជាក្នុងឆ្នាំ ២០២០ និងបណ្ដាឆ្នាំជាបន្តទៀត។ ប្រការនេះមិនត្រឹមតែជួយពង្រីកសក្ដានុពល និងឧត្តមភាពរបស់ប្រទេសនីមួយប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីរួមគ្នាអភិវឌ្ឍន៍ផងដែរ៕