វៀតណាមចែករំលែកនូវបទពិសោធន៍ ជួយឧបត្ថម្ភប្រទេសឡាវក្នុងការគ្រប់គ្រង និងធ្វើកាសែតអេឡិចត្រូនិក
(VOVWORLD) -អនុវត្តន៍កំណត់ហេតុនៃកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាននិងទូគមនាគមន៍វៀតណាម ជាមួយក្រសួង ព័ត៌មាន និងទេសចរណ៍ឡាវដំណាក់កាល ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ នោះ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៩ កន្លងទៅ នាយកដ្ឋានសារព័មាន នៃក្រសួងព័ត៌មាន និងទូគមនាគមន៍វៀតណាម បានរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីកាសែតអេឡិចត្រូនិកសម្រាប់ភាគីឡាវ។
សមាជិក និងសមាជិការនៃគណៈប្រតិភូអ្នកកាសែតឡាវ |
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រព័ន្ធកាសែតអេឡិចត្រូនិកនៅឡាវបានឈានចូលដំណាក់កាលអភិវឌ្ឍន៍ដោយមានបរិមាណព័ត៌មានកាន់តែច្រើនជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការឃោសនា ក៏ដូចជាការគ្រប់គ្រងកាសែតអេឡិចត្រូនិក និងវេបសាយព័ត៌មានរបស់ឡាវនៅតែមានភាពអន់ខ្សោយជាច្រើន។ ហេតុដូច្នេះហើយ ដំណើរទស្សនកិច្ចសិក្សានៅស្ថានប័ន និងមជ្ឈមណ្ឌលសារព័ត៌មាននានារបស់វៀតណាមដូចជា៖ កាសែត Vietnamnet កាសែត VnExpress កាសែតទេសចរណ៍ កាសែតស្ថាបនា នាយកដ្ឋានសុវត្ថិភាពព័ត៌មាន និងមជ្ឈមណ្ឌលប័ណ្ណាសារ អេឡិចត្រូនិក និងជួយឧបត្ថម្ភសារព័ត៌មាន សំដៅចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភប្រទេសឡាវក្នុងការគ្រប់គ្រង ក៏ដូចជាតម្រង់ទិសដៅអភិវឌ្ឍន៍កាសែតអេឡិចត្រូនិកនាពេលអនាគត។ លោក Nguyen Thai Phien អនុប្រធាននាយកដ្ឋានសារព័ត៌មានបានឲ្យដឹងថា៖
“ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ នាយកដ្ឋានសារព័ត៌មានបានរៀបចំដំណើរទស្សនកិច្ចសិក្សា និងបើកវគ្គបំពាក់បំប៉នជំនាញវិជ្ជាជីវៈសម្រាប់ភាគីឡាវដូចជា៖ ការសរសេរបទយកការណ៍ ការផ្សាយ ព័ត៌មានអំពីរាល់ព្រឹត្តិការណ៍សំខាន់ៗ និងព្រឹត្តិការណ៍កើតមានឡើងដោយចៃដន្យ ដែលក្នុងនោះផ្នែកកាសែតអេឡិចត្រូនិកគឺជាប្រការថ្មី ហើយមានសារៈសំខាន់ណាស់សម្រាប់ភាគីឡាវនាបច្ចុប្បន្ននេះ។ ដោយសារពេលវេលាមានកំណត់ ខ្ញុំស្នើឲ្យភាគីទាំងពីរបង្កើនការទាក់ទងគ្នា ដើម្បីចែករំលែករាល់បទពិសោធន៍ជាក់ស្ដែងអំពីផ្នែកសារព័ត៌មានផងដែរ”។
អញ្ជើញចូលរួមដំណើរទស្សនកិច្ចអំពីកាសែតអេឡិចត្រូនិកនៅវៀតណាមលើកនេះ គណៈប្រតិភូឡាវរួមមានសមាជិក សមាជិការ ជាកម្មភិបាល អ្នកកាសែតចំនួន ១០ នាក់ មកពីស្ថាប័នសារព័ត៌មានឡាវចំនួន ៦ អង្គភាពដូចជា៖ នាយកដ្ឋានសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន ទូរទស្សន៍ជាតិ វិទ្យុសម្លេងជាតិ កាសែត Vientiane Times និងកាសែតLao News Agency។ លោក Somsavath Phongsa អនុប្រធាននាយកដ្ឋានសារព័ត៌មាន នៃក្រសួង ព័ត៌មាន និងទេសចរណ៍ឡាវ និងជាប្រធានគណៈប្រតិភូឡាវបានឲ្យដឹងថា៖
“តាមរអំណឡុងដំណើរទស្សនកិច្ចសិក្សាលើកនេះ យើងខ្ញុំទទួលបានបទពិសោធន៍អំពីបញ្ហាធំៗចំនួនពីរ។ ទីមួយគឺ របៀបគ្រប់គ្រងសារព័ត៌មាន ជាពិសេសគឺការគ្រប់គ្រងកាសែតអេឡិចត្រូនិក។ ទីពីរគឺសារព័ត៌មានវៀតណាមមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយប្រើប្រាស់បច្ចេកវិទ្យាសារព័ត៌មាន។ ការងារគ្រប់គ្រង ត្រូវបានធ្វើវិមជ្ឈការ។ ម៉្យាងវិញទៀត បណ្ដាស្ថាប័នសារព័ត៌មានរបស់វៀតណាមបានអនុវត្តន៍ច្បាប់របស់នាយកដ្ឋានសារព័ត៌មានប្រកបដោយការទទួលខុសត្រូវផងដែរ”។
ក្នុងដំណើរទស្សកិច្ចការងារនេះគណៈប្រតិភូអ្នកកាសែតឡាវបានទៅទស្សនាមជ្ឈមណ្ឌលបណ្ណាសារអេឡិចត្រូនិក និងជួយឧបត្ថម្ភសារព័ត៌មាន។ ទោះបីជាទើបនឹងបានបង្កើតឡើងកាលពីឆ្នាំ២០១៨ មក ហើយត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនាដើមឆ្នាំ២០១៩ ក៏ដោយ ប៉ុន្តែមជ្ឈមណ្ឌលនេះ ទទួលបានការយកចិត្តទុកដាក់យ៉ាងច្រើនកុះករពីសំណាក់អ្នកកាសែតឡាវ ជាពិសេសគឺឧបករណ៍ សំភារៈទំនើប និងបច្ចេកវិទ្យាជឿនលឿនក្នុងការធ្វើចំណាត់ការ និងឃ្លាំមើលប្រព័ន្ធអ៊ីនធឺណិត។ វាយតម្លៃអំពីមជ្ឈមណ្ឌលនេះ លោក Somsavath Phongsa អនុប្រធាននាយកដ្ឋានសារព័ត៌មានឡាវបានឲ្យដឹងថា៖
“ការងារគ្រប់គ្រង ទិន្នន័យតាមរយៈបណ្ដាញអ៊ីនធឺណិតរបស់វៀតណាមគឺជាគំនិតផ្ដួចផ្ដើមដ៏ល្អមួយនាឆ្នាំ ២០១៨។ ហើយក្នុងនោះ បច្ចេកវិទ្យាគឺជាផ្នែកសំខាន់បំផុត ក៏ដូចជាកសាងកម្មវិធីដែលអាចត្រួតពិនិត្យគេហទំព័រ កាសែតអេឡិចត្រូនិក ជាពិសេសគឺ Facebook។ ម៉្យាងវិញទៀត មជ្ឈមណ្ឌលនេះអាចត្រួតពិនិត្យពាក្យគន្លឹះ ដែលបានប្រើប្រាស់ជាច្រើនលើបណ្ដាញសង្គម ហើយធ្វើការវិភាគ វាយតម្លៃ និងគ្រប់គ្រង comment ទៀតផង។ យើងខ្ញុំឃើញថា មជ្ឈមណ្ឌលនេះបានប្រតិបត្តិការប្រកដោយប្រសិទ្ធភាព ហើយអាចជួយយើងខ្ញុំក្នុងការគ្រប់គ្រងកាសែតអេឡិចត្រូនិក បណ្ដាញសង្គមឡាវនាពេលអនាគតផងដែរ”។
នារយៈពេលខាងមុខ នាយកដ្ឋានសារព៏ត៌មានវៀតណាមនឹងរៀបចំវគ្គបណ្ដុះបណ្ដាល បំពាក់បំប៉នជំនាញធ្វើកាសែតអេឡិចត្រូនិក ក៏ដូចជាការងារគ្រប់គ្រងកាសែតអេឡិចត្រូនិកសម្រាប់អ្នកកាសែតឡាវ ដើម្បីជួយ អ្នកសែតឡាវលើកកំពស់ថែមទៀតនូវជំនាញវិជ្ជាជីវៈធ្វើកាសែតអេឡិចត្រូនិក ឲ្យស្របតាមបដិវត្តន៍ឧស្សហកម្ម ៤.០ ៕