ស្មុកដាក់បាយដំណើបរបស់ឡាវកំពុងពេញនិយមចំពោះភ្ញៀវទេសចរបរទេស
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ជាមួយនឹងភាពច្នៃប្រឌិត ចេញពីបាតដៃដ៏ប៉ិនប្រសប់របស់ប្រជាជននៅស្រុក Sop Bau និង Vieng Xay ខេត្ត Hua Phan ភាគខាងជើងប្រទេសឡាវ បានត្បាញឫស្សី ទៅជាស្មុកដាក់បាយដំណើបដ៏ស្រស់ស្អាត និងគួរឲ្យចាប់ចិត្ត។ អាចនិយាយបានថា ស្មុកដាក់បាយដំណើប គឺជារបស់របរដែលមិនអាចខ្វះបានក្នុងគ្រួសារជនជាតិឡាវគ្រប់រូប។ មកដល់ពេលនេះ ស្មុកដាក់បាយដំណើបមិនត្រឹមតែមាននៅក្នុងផ្ទះបាយរបស់គ្រួសារជនជាតិឡាវប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងទូដាក់តាំងជាច្រើននិងនៅក្នុងផ្ទះបាយរបស់គ្រួសារបរទេសជាច្រើនទៀត ដូចជាវៀតណាម ថៃ សូម្បីតែបារាំង និងអាមេរិកផងដែរ។
“ថ្ងៃខ្លះខ្ញុំលក់ដុំបានជាង ៤០០ ស្មុក ហើយថ្ងៃខ្លះ លក់រាយបានជាង ៤០ ស្មុក។ អតិថិជនភាគច្រើនជាជនបរទេសដូចជា បារាំង អាមេរិក ថៃ វៀតណាម ... ពេញនិយមខ្លាំងណាស់”។
ខាងលើនេះ គឺជាការចែករំលែករបស់លោកស្រី Tui Chanthama ឬត្រូវបានហៅថា យាយ Tui សិប្បកម្មវិចិត្តសិល្បៈ Xamxua។ លោកស្រីមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការលក់គ្រឿងសិប្បកម្ម ជាពិសេស ស្មុកដាក់បាយដំណើប នៅផ្សារ Xamnua ខេត្ត Huaphan ភាគខាងជើងនៃប្រទេសឡាវ។ដោយមើលឃើញពីសក្ដានុពលនៃផលិតផល និងមានបំណងចង់បង្កើតការងារធ្វើ ក៏ដូចជាថែរក្សាសិប្បកម្មតម្បាញឫស្សីប្រពៃណីរបស់ជនជាតិខ្លួន លោកស្រី Tui បានអំពាវនាវ និងកៀងគរប្រជាជននៅតាមភូមិឃុំនានាក្នុងស្រុក Sop Bau និងស្រុក Vieng Xay ឱ្យចូលរួមបង្កើតក្រុមផលិតកម្មនិងអភិវឌ្ឍន៍ស្មុកដាក់បាយដំណើបទៅជាទំនិញបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់កសិករ។
“នៅពេលពួកគេត្រូវការដើមទុន ខ្ញុំនឹងជួយឧបត្ថម្ភទុនសម្រាប់ផលិតកម្ម។ ដំបូងឡើយ ក៏មានការលំបាក់ជាច្រើន។ ប៉ុន្តែឥឡូវនេះ ខ្ញុំបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ទាំងដើមទុននិងស្មារតី ជានិច្ចកាលរួមដំណើរជាមួយបងប្អូនប្រជាជន ហើយឥឡូវនេះ អាចនិយាយបានថា គ្រប់ភូមិមានបំណងចង់ចូលរួម ទាំងចាស់ទាំងក្មេង សុទ្ធតែចង់ចូលរួមដែរ។ នេះគ្រាន់តែជាការងារក្រៅម៉ោងធ្វើស្រែចម្ការប៉ុណ្ណោះ ប៉ុន្តែក៏នាំមកនូវប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារប្រហែល ៧ ទៅ ៨ លានគីបក្នុងមួយខែ”។
លោកស្រី Tui Chanthama ឬត្រូវបានហៅថា យាយ Tui សិប្បកម្មវិចិត្តសិល្បៈ Xamxua។ |
ដើម្បីធ្វើស្មុកដាក់បាយដំណើប ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ប៉ុន្តែជំហានសំខាន់បំផុតគឺការជ្រើសរើសឬស្សី ដែលមានអាយុកាលត្រឹមត្រូវ គួបផ្សំនឹងបាតដៃដ៏ប៉ិនប្រសប់ នឹងបង្កើតបាននូវស្មុកដាក់បាយដំណើបដ៏ជាប់រឹង ប្រើប្រាស់ជាប់បានយូរ និងស្រស់ស្អាត។ លោក Xyyaseng Xongyongya ប្រធានស្រុក Sop Bau មានឲ្យដឹងថា ៖ ស្មុកដាក់ដំណើប គឺជាផលិតផល ODOP (ស្រុកមួយផលិតផលមួយ) របស់ស្រុក Sop Bau ។ ក្រុមផលិតកម្មជាច្រើនក៏មានការច្នៃប្រឌិត ក្នុងការត្បាញជាលំនាំដូចជា ខ្លុយឡាវ ទង់ជាតិឡាវ ផ្កាចំប៉ា... នៅលើសម្ុកដាក់បាយដំណើបឡាវ ដោយមានបំណងចង់នាំយករូបភាពនៃប្រទេសឡាវទៅកាន់ទ្វីបទាំងប្រាំ។ ប្រការទាំងនេះ ជួយឲ្យផលិតផលស្មុកដាក់បាយដំណើបរបស់ឡាវត្រូវបានភ្ញៀវទេសចរបរទេសនិយមចូលចិត្តយ៉ាងខ្លាំង។ អ្នកស្រី Nguyen Thu Hoa រស់នៅទីក្រុងហាណូយ មានឱកាសទៅទស្សនានិងធ្វើការនៅប្រទេសឡាវជាច្រើនលើក មិនអាចមិនចាប់អារម្មណ៍ជាមួយនឹងស្មុកដាក់បាយដំណើបដ៏ស្អាតនិងពោពេញទៅដោយអត្ថន័យទាំងនេះ៖ “ខ្ញុំពិតជាចាប់អារម្មណ៍នឹងស្មុកដាក់បាយដំណើបរបស់ឡាវ។ ខ្ញុំឃើញវាត្រូវបានដាក់លក់ជាច្រើននៅតាមផ្សារ។ ហើយនៅតំបន់ដែលប្រជាជនថៃរស់នៅដូចជា Dien Bien, Son La, Lai Chau... ខ្ញុំក៏ឃើញស្មុកដាក់បាយដំណើបបែបនេះផងដែរ។ ប៉ុន្តែស្មុកដាក់បាយដំណើបរបស់ឡាវនៅមានភាពខុសគ្នាអំពីភាពជាប់រឹង ការរចនាក៏កាន់តែច្រើននិងស្រស់ស្អាតជាង ហើយតម្លៃក៏សមរម្យផងដែរ។ ជាពិសរស ខ្ញុំចូលចិត្តស្មុកដាក់បាយដំណើបដែលផលិតក្នុងទំហំខុសៗគ្នា ទាំងធំទាំងតូច ហើយអាហារនីមួយៗនឹងមានស្មុកដាក់បាយដំណើបរៀងៗខ្លួន។ រាល់ពេលដែលទៅលេងប្រទេសឡាវ ខ្ញុំមិនភ្លេចទិញស្មុកដាក់បាយដំណើបទាំងនេះ ធ្វើជាកាដូសម្រាប់មិត្តភ័ក្តិរបស់ខ្លួននៅវៀតណាម ហើយពួកគេចូលចិត្តខ្លាំងណាស់”។
អ្នកស្រី Nguyen Thu Hoa មិនអាចមិនចាប់អារម្មណ៍នឹងស្មុកដាក់បាយដំណើបដ៏ស្អាត និងពោពេញទៅដោយអត្ថន័យទាំងនេះ។ |
ក្នុងនាមជាស្ត្រីជនជាតិ Thai ម្នាក់ អ្នកស្រី Vi Thi Theu ម្ចាស់ផ្ទះសំណាក់ Muong Xia ស្រុក Na Meo ខេត្ត Thanh Hoa វៀតណាម ដែលមានព្រំប្រទល់ជាប់នឹងខេត្ត Hua Phan របស់ប្រទេសឡាវ ក៏បានចែករំលែកថា៖ តាំងពីបុរាណមក ស្មុកដាក់បាយដំណើបគឺជារបស់របរដែលមិនអាចខ្វះបានសម្រាប់ជនជាតិ Thai និងជនជាតិ Muong។ កាលពីមុនមានតែជនជាតិThai និងជនជាតិ Muongប៉ុណ្ណោះដែលប្រើប្រាស់ ហើយមានតែមនុស្សចាស់ក្នុងគ្រួសារប៉ុណ្ណោះដែលបានត្បាញស្មុកដាក់បាយដំណើប។ សព្វថ្ងៃនេះ អ្នកប្រើប្រាស់មិនត្រឹមតែជនជាតិThai និងជនជាតិ Muong ប៉ុណ្ណោះទេ ថែមទាំងប្រជាជនតំបន់ទំនាបក៏ទិញសម្រាប់ប្រើប្រាស់ផងដែរ៖ “ប្រជាជននៅតំបន់វាលទំនាបទិញស្មុកដាក់បាយដំណើបក្នុងគោលបំណងផ្សេងៗគ្នា ខ្លះប្រើសម្រាប់ទុកដាក់បាយសំណើប អ្នកខ្លះប្រើសម្រាប់ទុកម្ជុល និងអំបោះ ហើយក៏មានលោកយាយមួយចំនួនទិញសម្រាប់ទុកដាក់ថ្នាំ និងអ្នកខ្លះទៀតប្រើប្រាស់ដើម្បីតុបតែងលម្អ ធ្វើជាកាដូ និងរៀបចំផ្កាជាដើម។ បច្ចុប្បន្ននេះ ចំនួនអតិថិជនរបស់ខ្ញុំមានស្ថិរភាព ដោយលក់បានរាប់សិប ឬជាងមួយរយស្មុកក្នុងមួយខែ ហើយនៅពេលមានពិធីបុណ្យ អាចលក់បានរាប់រយស្មុក”។
ជនជាតិឡាវជឿជាក់ថា ស្មុកដាក់បាយដំណើបមិនត្រឹមតែជាគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃសាមគ្គីភាពរបស់ប្រជាជនឡាវផងដែរ ហើយបាយដំណើបដាក់នៅក្នុងស្មុកនោះ តំណាងឱ្យភាពជិតស្និទ្ធនៃទំនាក់ទំនង។ ដោយមានក្បូរក្បាច់រចនាគំរូដ៏ស្រស់ស្អាត និងស្មុកដាក់បាយដំណើបដ៏គួរឱ្យស្រឡាញ់បម្រើភ្ញៀវទេសចរអន្តរជាតិ រូបភាពនៃប្រទេសផ្កាចំប៉ាកាន់តែខិតមកជិតមិត្តភក្តិអន្តរជាតិ ហើយក្លាយជាស្ពានចងមេត្រីភាពរវាងប្រទេសឡាវជាមួយមិត្តភក្តិមកពីទ្វីបទាំងប្រាំផងដែរ៕