អញ្ជើញទៅទស្សនា China Town ដ៏អ៊ូអរនៅក្នុងទីក្រុងបាងកក
(VOVWORLD) - ដោយមានគោលដៅទេសចរណ៍ល្បីៗ មុខម្ហូបឈ្ងុយឆ្ងាញ់ ជាមួយនឹងរសជាតិហឹរដ៏ប្លែកមាត់នោះ ថៃបានក្លាយជាប្រទេសដែលមានទេសចរណ៍រីកចម្រើនជួរមុខនៅអាស៊ីអាគ្នេយ៍។ ជាពិសេស នៅរាជធានីបាងកក មានទីប្រជុំជនមួយកម្លែងសម្រាប់ជនជាតិចិន ដែលមានឈ្មោះថា China Town (ក្រុងចិន)។ មកទីនេះ ភ្ញៀវទេសចរមិនត្រឹមតែអាចទស្សនាសំណង់ស្ថាបត្យកម្មប្រកបដោយវប្បធម៌ចម្រុះរបស់ជនជាតិចិន និងជនជាតិថៃប៉ុណ្ណោះទេ ថែមទាំងរីករាយជាមួយនឹងមុខម្ហូបតាមដងផ្លូវដ៏ទាក់ទាញទៀតផង។
China town នៅក្នុងទីក្រុងបាងកក។ (រូបថត៖ VOV) |
China town គឺជាឈ្មោះទូទៅនៃទីប្រជុំជនរបស់អាណិកជនចិន ដែលមានវត្តមាននៅក្នុងទីក្រុងធំៗភាគច្រើនជុំវិញពិភពលោក។ នៅប្រទេសថៃ China town មានឈ្មោះថៃថា Yaowarat ដែលស្ថិតនៅក្នុងខ័ណ្ឌ Samphanthawong ជាតំបន់មជ្ឈមណ្ឌលនៃរាជធានីបាងកក។ ក្នុងទស្សវត្សរ៍ឆ្នាំ ១៧០០ ជនជាតិចិនបានមកដល់តំបន់នេះ ដើម្បីពង្រីក "ផ្លូវសូត្រ" សម្រាប់ដោះដូរទំនិញជាមួយជនជាតិសៀម (ជនជាតិថៃសព្វថ្ងៃ) បន្ទាប់មក មនុស្សជាច្រើនបានស្នាក់នៅទីនេះហើយចាប់ផ្ដើមអាជីវកម្ម ដើម្បីបង្កើតឡើង China town ដ៏ល្បីល្បាញ និងធំជាងគេនៅអាស៊ីដូចសព្វថ្ងៃនេះ។
ពីល្ងាចដល់យប់ជ្រៅជាពេលដែលវិថីលក់អាហារនេះមានភាពមមាញឹកជាងពេលណាៗទាំងងស់។ ភោជនីយដ្ឋាននានានៅតាមសងខាងផ្លូវព្យួរស្លាកសញ្ញាពណ៌ក្រហមភ្លឺ ដែលជាពណ៌តំណាងនៃវប្បធម៌ចិន។ ភ្ញៀវទេសចររាប់ពាន់នាក់មកទីនេះមិនត្រឹមតែដើម្បីទស្សនានិងស្វែងយល់ពីប្រភពវប្បធម៌រវាងប្រទេសថៃនិងចិនប៉ុណ្ណោះទេ ថែមទាំងដើម្បីទទួលទានមុខម្ហូបដ៏ពិសេសដោយឡែកនៃប្រទេសទាំងពីរដូចជា៖ ទាអាំង នំប៉ាវ ឌីមសាំ ញាំល្ហុងហឹរ ការីសាច់គោ បាយដំណើបស្វាយ ទឹកផ្លែឈើ បង្អែម ជាដើម។ ជាលើកដំបូងមកដល់វិថីអាហារចិនក្នុងប្រទេសថៃ លោក Thomas ជាភ្ញៀវទេសចរណ៍ជនជាតិស្កុតឡេន រួមជាមួយក្រុមគ្រួសារ ពិតជាសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានទទួលទានអាហារនៅទីនេះ៖
"ខ្ញុំឃើញថា ម្ហូបអាហារនៅទីនេះមានភាពទាក់ទាញខ្លាំងទាំងពណ៌និងរសជាតិ មានទាំងម្ហូបអាហារប្រពៃណីថៃដូចជា តុងយ៉ាំ (Tomyum) ទឹកផ្លែឈើ និងមុខម្ហូបចិនប្រពៃណីផងដែរ។ មុខម្ហូបខ្លះមានរសជាតិហឹរបន្តិច ប៉ុន្តែនៅតែឆ្ងាញ់ពិសារនិងគួរឲ្យសាកណាស់។"
លោក Vathancha Muangchan ប្រធានក្រុមទទួលបន្ទុកសណ្តាប់ធ្នាប់នៃខ័ណ្ឌ Samphanthawong។ |
បើតាមលោក Vathancha Muangchan ប្រធានក្រុមទទួលបន្ទុកសណ្តាប់ធ្នាប់នៃខ័ណ្ឌ Samphanthawong បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរដែលមក China town ក្នុងអំឡុងពេលមានជំងឺ Covid-១៩ បានធ្លាក់ចុះប្រហែល ៥០% ប៉ុន្តែក្រោយ Covid-១៩ បានកើនឡើងជាបណ្ដើរៗដូចពីមុនហើយ។ នៅតាមកន្លែងហូបចុក កន្លែងទេសចរណ៍នានានៅលើវិថីនេះ បានទទួលចំនួនភ្ញៀវទេសចរជិត១០០%។ ភ្ញៀវទេសចរមកពីប្រទេសជាច្រើនដូចជា ចិន ប្រទេសលោកខាងលិច និងអាស៊ី... ប៉ុន្តែច្រើនបំផុតជាភ្ញៀវទេសចរចិន ព្រោះនេះជាអត្តសញ្ញាណរបស់ China town។
“ចំណុចលេចធ្លោនៃ China town គឺវាដូចជាអត្តសញ្ញាណរបស់ជនជាតិចិន នេះគឺជាកន្លែងសម្គាល់ដ៏ល្បីល្បាញនៅលើពិភពលោកក្នុងវិស័យទេសចរណ៍។ យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការពិភពលោកនោះ China town ជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោក។ ទីនេះមានភាពល្បីល្បាញខាងមុខម្ហូប កន្លែងទេសចរណ៍ដ៏ពោរពេញទៅដោយអត្តសញ្ញាណរបស់ជនជាតិចិន ដូចជាមុខម្ហូបព្រុយឆ្លាម... ម្ហូបអាហារនៅ China town មានភាពខុសប្លែក ប៉ុន្តែមិនថ្លៃទេ។ ភ្ញៀវទេសចរនឹងភ្ញាក់ផ្អើលចំពោះប្រការដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើននៅទីនេះ។ លើសពីនេះ ក៏មានកន្លែងទេសចរណ៍ជាច្រើនដែលមានវត្ថុបុរាណដ៏ពិសេសរបស់ China town ដូចជាវត្ត រូបបដិមារព្រះពុទ្ធ និងរូបសត្វនាគជាដើម”។
ភ្ញៀវទេសចរបរទេសមកដល់ China Town អាចសាកភ្លក់ម្ហូបអាហារដ៏ពិសេសរបស់ទាំងជនជាតិថៃនិងជនជាតិចិនផងដែរ។ |
ដើរលេងតាមដងវិថី យើងខ្ញុំបានប្រទះឃើញភ្ញៀវទេសចរបរទេសជាច្រើន ក្នុងនោះមានភ្ញៀវទេសចរវៀតណាមផងដែរ។ លោក Le Minh និង អ្នកស្រី Tran Ngoc Mai - ភ្ញៀវទេសចរវៀតណាម ២ នាក់ បានចែករំលែកថា៖
“វិថីដើរថ្មើជើងលក់អាហារនៅទីនេះ គឺស្រដៀងនឹងវិថីដើរថ្មើរជើងនៅប្រទេសវៀតណាមដែរ ពោលគឺមានភោជនីយដ្ឋានជាច្រើនរបស់ជនបរទេស ហើយមានភ្ញៀវទេសចរបរទេសច្រើនដែរ ប៉ុន្តែចំណុចខុសគ្នាគឺពួកគេនៅតែអនុញ្ញាតឱ្យយានជំនិះចូល ហើយផ្លូវក៏ធំទូលាយ។ ម្ហូបអាហារក៏ស្រដៀងគ្នានឹងវៀតណាម ប៉ុន្តែមានរសជាតិហឹរ និងផ្អែមជាង។ ខ្ញុំចូលចិត្តម្ហូបនៅទីនេះណាស់ ព្រោះខ្ញុំនៅតែក្មេង ដូច្នេះខ្ញុំពិតជារីករាយនឹងបទពិសោធន៍នេះ”។
“ប្រសិនបើមានឱកាស ខ្ញុំនឹងវិលត្រឡប់មកទីនេះវិញជាក់ជាពុំខាន ព្រោះអាហារនៅទីនេះសម្បូរបែបណាស់។ ថ្វីត្បិតតែជាក្រុងចិនក៏ដោយ ប៉ុន្តែមានមុខម្ហូបថៃជាច្រើនសម្រាប់អ្នកទាំងអស់គ្នាអាចភ្លក់បាន។ នៅពេលមកដល់ទីក្រុងបាងកក China town គឺជាទីកន្លែងមួយដែលភ្ញៀវទេសចរអាចស្វែងយល់ពីលក្ខណៈវប្បធម៌ចិននៅក្នុងប្រទេសថៃ។ វានឹងជាបទពិសោធន៍ដ៏ពិសេស និងកម្រជួបប្រទះនៅកន្លែងផ្សេងៗលើពិភពលោក”។
China town បាងកក - ពិភពចិនខ្នាតតូច - គឺជាគោលដៅដ៏អស្ចារ្យដើម្បីឲ្យអ្នកស្វែងយល់ពីវប្បធម៌ចិនក្នុងដំណើរទេសចរណ៍ទៅកាន់ថៃ។ របៀបរស់នៅដ៏មមាញឹកទាំងយប់ទាំងថ្ងៃនៅទីនេះ នឹងផ្ដល់ឲ្យភ្ញៀវទេសចរនូវអារម្មណ៍ពោរពេញទៅដោយថាមពលដើម្បីរីករាយនឹងដំណើរកម្សាន្តដ៏ទាក់ទាញនិងមិនអាចបំភ្លេចបានបំផុត៕