អាស៊ាន - គោលដៅសិក្សានៅបរទេសដ៏ទាក់ទាញសម្រាប់យុវជនវៀតណាម

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សិស្សានុសិស្សនិងនិស្សិត វៀតណាមកាន់តែច្រើន បានយកចិត្តទុកដាក់ដល់កម្មវិធីសិក្សានៅបរទេសនៅតាមបណ្តាប្រទេសក្នុងតំបន់ដូចជា ម៉ាឡេស៊ី ថៃ ឬសិង្ហបុរី... ក្រៅពីអំណោយផលមានកម្រិតចំណាយទាប កម្មវិធី បណ្តុះបណ្តាលសមស្រប សញ្ញាប័ត្រត្រូវបានទទួលស្គាល់ជាសាកលជាមួយនឹងកម្មវិធីតភ្ជាប់អន្តរជាតិនោះ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏មានភាពស្រដៀងគ្នាខាងអាកាសធាតុ មនុស្ស និងរបៀបរស់នៅផងដែរ។

អាស៊ាន - គោលដៅសិក្សានៅបរទេសដ៏ទាក់ទាញសម្រាប់យុវជនវៀតណាម - ảnh 1សិស្សានុសិស្សនិងនិស្សិតវៀតណាមស្វែងយល់ព័ត៌មានទាក់ទងនឹងការសិក្សានៅសាកលវិទ្យាល័យនៅប្រទេសថៃ។

“ខ្ញុំចាប់អារម្មណ៍នឹងកម្មវិធីបណ្ដុះបណ្ដាលថ្នាក់អនុបណ្ឌិតផ្នែកអភិបាលកិច្ចទេសចរណ៍នៅប្រទេសថៃ ព្រោះថានេះជាប្រទេសដ៏ល្បីល្បាញក្នុងវិស័យនេះ ហើយមានភាពស្រដៀងគ្នាជាមួយប្រទេសវៀតណាម។ បើតាមខ្ញុំ ពេលរៀននៅប្រទេសថៃ ខ្ញុំនឹងមានទស្សនៈផ្សេងៗពីវិស័យទេសចរណ៍ ប៉ុន្តែមិនសូវខុសប្លែកទេ ព្រោះថានេះក៏ជាប្រទេសអាស៊ីអាគ្នេយ៍ដែរ”។

“ថ្ងៃនេះខ្ញុំមានឱកាសស្វែងយល់ពីសាលានៅទីនេះ ខ្ញុំឃើញថាសាកលវិទ្យាល័យម៉ាឡេស៊ីមានគំរូពិសោធន៍ប្រើប្រាស់យន្តហោះ។ ខ្ញុំគិតថា វាពិសេសណាស់។ បរិយាកាសអប់រំណាមួយក៏មានគុណសម្បត្តិនិងគុណវិបត្តិខុសៗគ្នា ប៉ុន្តែចំពោះប្រទេសម៉ាឡេស៊ី ខ្ញុំគិតថាមានបរិយាកាសជិតស្និទ្ធជាង ហើយគុណភាពក៏ល្អដូចសាលាមួយចំនួននៅអឺរ៉ុបនិងអាមេរិកដែរ”។

នោះគឺជាការចែករំលែករបស់ប្អូនៗនិស្សិត និងសិស្សានុសិស្សវិទ្យាល័យ នៅពេលមកចូលរួមពិព័រណ៍អប់រំអន្តរជាតិវៀតណាមឆ្នាំ ២០២២ ដែលត្រូវបានមជ្ឈមណ្ឌលផ្ដល់ប្រឹក្សាអប់រំអន្តរជាតិ នាយកដ្ឋានទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំនិងបណ្តុះបណ្តាល សហការជាមួយសម្ព័ន្ធក្រុមហ៊ុន BMI Global - អ្នករៀបចំព្រឹត្តិការណ៍អប់រំឈានមុខគេលើពិភពលោក ប្រារព្ធឡើងនៅទីក្រុងហាណូយកាលពីថ្ងៃទី ៣ ខែវិច្ឆិកា កន្លងទៅ។ ពិព័រណ៍នេះបានទាក់ទាញការចូលរួមពីសាកលវិទ្យាល័យ និងមូលដ្ឋានអប់រំជាង ១០០ កន្លែង មកពីប្រទេសចំនួន ១៨ ជុំវិញពិភព លោក ក្នុងនោះមានប្រទេសអាស៊ាននានាដូចជា ថៃ សិង្ហបុរី និងម៉ាឡេស៊ី។

ចូលរួមពិព័រណ៍អប់រំនៅប្រទេសវៀតណាមជាលើកដំបូង លោក Peera Phanlukthao ជំនួយការប្រធានសាកលវិទ្យាល័យ Mahasarakham របស់ថៃបានឲ្យដឹងថា៖ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងវៀតណាមនិងថៃគឺធំធេងណាស់ ហើយប្រទេសទាំងពីរគួរតែជួយគាំទ្រគ្នាទៅវិញទៅមកដើម្បីលើកកំពស់ឋានៈអប់រំរបស់ទាំងវៀតណាមនិងថៃនៅក្នុងតំបន់ក៏ដូចជាលើពិភពលោក។ បច្ចុប្បន្ននេះ សាលាកំពុងទទួលនិស្សិតវៀតណាមជាច្រើនមកសិក្សា ហើយសាលាក៏បានអនុវត្តន៍កម្មវិធីសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យនានានៅវៀតណាមផងដែរ។

“សាកលវិទ្យាល័យ Mahasarakham កំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យមួយចំនួននៅវៀតណាម ដូចជាសាកលវិទ្យាល័យហាណូយ។ យើងខ្ញុំក៏បានផ្លាស់ប្តូរគ្រូបង្រៀននិងនិស្សិតដូចជា៖ បញ្ជូនគ្រូបង្រៀនវៀតណាមទៅបង្រៀនភាសាវៀតណាមនៅសាលា Mahasarakham ក៏ដូចជាបញ្ជូនគ្រូបង្រៀននិងនិស្សិតថៃទៅបង្រៀនភាសាថៃនៅទីក្រុងហាណូយផងដែរ។ នោះជាជំហានដំបូងសម្រាប់កិច្ចសហប្រតិបត្តិការអប់រំ។ ហើយកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះនឹងត្រូវបានពង្រីកនៅពេលអនាគត”។

ប្រទេសថៃកំពុងក្លាយជាគោលដៅទាក់ទាញសម្រាប់និស្សិតបរទេសជាច្រើន ក្នុងនោះមាននិស្សិតវៀតណាមមកសិក្សាស្រាវជ្រាវ អាស្រ័យដោយប្រៀបខ្លាំងខាងគុណភាពបណ្តុះបណ្តាល និងការចំណាយប្រកួតប្រជែង។ សញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត របស់សាលាអន្តរជាតិនៅទីនេះ ត្រូវបានទទួលស្គាល់ដោយប្រទេសជុំវិញពិភពលោក។ បច្ចុប្បន្ននេះ ថៃកំពុងអនុវត្តន៍ គោលនយោបាយអប់រំបើកចំហ ហើយត្រូវបានចាត់ទុកថា ជាប្រទេសដែលមានគោលនយោបាយបើកចំហបំផុតសម្រាប់និស្សិតអន្តរជាតិ។ និស្សិតវៀតណាមដែលកំពុងសិក្សានៅសកលវិទ្យាល័យក្នុងប្រទេសថៃក៏កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយត្រូវបានគេវាយតម្លៃខ្ពស់ផងដែរ។ លោកស្រី Sukalin Wanaksemsan នាយិកាទទួលបន្ទុកជំនាញសិក្សានៃសកលវិទ្យាល័យ Chulalongkorn របស់ថៃ បានឲ្យដឹងថា៖

“យើងខ្ញុំកំពុងទទួលនិស្សិតវៀតណាមពី ២០០ ដល់ ៣០០ នាក់មកសិក្សានៅសាលា ភាគច្រើនជាថ្នាក់អនុបណ្ឌិត និងបណ្ឌិតក្នុងជំនាញបច្ចេកទេស ថាមពល និងបច្ចេកវិទ្យា។ សមត្ថភាពនិងកម្រិតជាមធ្យមរបស់និស្សិតវៀតណាមគឺល្អណាស់ គេបានឈ្នះអាហារូបករណ៍ជាច្រើនហើយមានស្នាដៃឆ្នើមៗផងដែរ”។

អាស៊ាន - គោលដៅសិក្សានៅបរទេសដ៏ទាក់ទាញសម្រាប់យុវជនវៀតណាម - ảnh 2និស្សិតវៀតណាមជាច្រើនយកចិត្តទុកដាក់ដល់កម្មវិធីបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យម៉ាឡេស៊ី។

ក៏ដូចប្រទេសថៃដែរ ប្រទេសម៉ាឡេស៊ីកំពុងទាក់ទាញនិស្សិតអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះមាននិស្សិតវៀតណាម អាស្រ័យដោយគុណភាពអប់រំល្អ ជំនាញសិក្សាសម្បូរបែប ហើយជាពិសេសតម្លៃសិក្សាទាប។ និស្សិតវៀតណាមជាច្រើនជ្រើសរើសទៅសិក្សានៅប្រទេសម៉ាឡេស៊ី ដោយសារប្រទេសនេះមានទីតាំងភូមិសាស្ត្រជិតនឹងវៀតណាម ប៉ុន្តែត្រូវបានគេចាត់ទុកថាជា "ទ្វីបអាស៊ីខ្នាតតូចមួយ” ដោយមានវប្បធម៌សម្បូរបែប ពហុជាតិសាសន៍ ហើយមានពិធីបុណ្យប្រពៃណីជាច្រើន។ វាយតំលៃពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសិក្សានៅបរទេស រវាងវៀតណាម-ម៉ាឡេស៊ី លោក Megat Mohd Samsul Megat Ismail នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការសេវាកម្មអប់រំសកល ក្រសួងអប់រំម៉ាឡេស៊ី បានចែករំលែកថា៖

“យើងខ្ញុំចាត់ទុកវៀតណាមជាទីផ្សារយុទ្ធសាស្ត្រ ដោយសារតែវៀតណាមជាប្រទេសជិតខាង ក្រៅពីឥណ្ឌូនេស៊ីនិងប្រ៊ុយណេ។ វៀតណាមជាទីផ្សារដ៏មានសក្ដានុពលមួយដែលមានប្រជាជនប្រមាណ ១០០ លាននាក់។ វាជាឱកាសសម្រាប់ទាំងវៀតណាមនិងម៉ាឡេស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។ យើងខ្ញុំជានិច្ចកាលស្វាគមន៍និស្សិតវៀតណាមទៅសិក្សានៅប្រទេស
ម៉ាឡេស៊ី។ ការសិក្សានៅ ម៉ាឡេស៊ីក៏ជាឱកាសសម្រាប់គេដើម្បី ស្វែងរកការងារធ្វើ ឬចាប់ផ្ដើមអាជីវកម្មនៅទីនេះផងដែរ”។

យោងតាមលោក Megat កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាស៊ានកំពុងដំណើរការយ៉ាងល្អប្រសើរ ទោះបីជាមានជំងឺរាតត្បាតក្នុងរយៈពេលពីរឆ្នាំក៏ដោយ ក៏ទំនាក់ទំនងនៅតែត្រូវបានរក្សានិងអភិវឌ្ឍន៍។ ហើយក្រោយពីជំងឺរាតត្បាត នៅពេលដែលគ្មានការរក្សាគម្លាតសង្គម គ្មានការរឹតត្បិតលើការធ្វើដំណើរទៀតឡើយ រាល់ព្រឹត្តិការណ៍បែបនេះ គឺជាការជំរុញដល់វិស័យសិក្សានៅបរទេស។ នេះក៏ជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំថ្នាក់ឧត្តមសិក្សារវាង វៀតណាមនិងបណ្តាប្រទេសអាស៊ាន អភិវឌ្ឍន៍បន្ថែមទៀត ព្រមទាំងជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្ស និស្សិតវៀតណាមស្គាល់ដល់បរិយាកាសអប់រំដ៏មានកិត្យានុភាព នៅក្នុងតំបន់អាស៊ានសម្រាប់ដំណើរទៅសិក្សានៅបរទេសនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ