ឥណ្ឌូនេស៊ីពន្លឿនការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីទាំង ១០

(VOVWORLD) -គោលដៅទេសចរណ៍ថ្មីទាំង ១០ ឬហៅថា “10 New Bali” គឺជាកម្មវិធី ដែលកសាងឡើងដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី សំដៅជំរុញការធ្វើអាជីវកម្មលើកញ្ចប់ទេសចរណ៍អំពីគោលដៅទេសចរណ៍សក្ដានុពលរបស់ឥណ្ឌូនេស៊ី។ 
ឥណ្ឌូនេស៊ីពន្លឿនការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីទាំង ១០ - ảnh 1 ទិដ្ឋភាពនៃកម្មវិធីផ្សព្វផ្សាយគោលដៅទេសចរណ៍ឥណ្ឌូនេស៊ី

ដោយស្ថិតក្នុងក្របខ័ណ្ឌនៃសកម្មភាព សំដៅផ្សព្វផ្សាយគោលដៅទាំងនេះ នាដើមខែកញ្ញាកន្លងទៅ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយបានរួមសហការជាមួយក្រសួងទេសចរណ៍ឥណ្ឌូនេស៊ីរៀបចំព្រឹត្តិការណ៍ ក្រោមប្រធានបទ បេសកកម្មអនាគត ផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីទាំង ១០ របស់ឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយ (Sale Missin – 10 Indonesia Branding Destination in Hanoi)។ នេះគឺជាឱកាសសម្រាប់សហគ្រាសធ្វើដំណើរទេសចរណ៍ឥណ្ឌូនេស៊ីឧទ្ទេសនាម និងលក់ដូរកញ្ចប់ទេសចរណ៍ ក៏ដូចជាស្វែងរកដៃគូមកពីវៀតណាមផងដែរ។

សួរស្ដីទីក្រុងហាណូយ

តើមានអ្នកណាស្គាល់ Jawa ភាគខាងកើតទេ

នៅខាងក្រោយវេទិកា មានមនុស្សត្រឹមតែ ៤ ទៅ ៥ នាក់បានលើកដៃឆ្លើយនឹងសំណួររបស់ លោក Monas TjahJono មកពីសម្ព័ន្ធសមាគមធ្វើដំណើរទេសចរណ៍ និងទេសចរណ៍ឥណ្ឌូនេស៊ី (ASITA) ខេត្ត Jawa ភាគខាងកើត។ ប្រការនេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះថា នាបច្ចុប្បន្ននេះ ភ្ញៀវទេសចរវៀតណាមភាគច្រើនស្គាល់ដល់តែកោះ Bali ប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ព្រឹត្តិការណ៍ថ្ងៃនេះ ត្រូវបានប្រព្រឹត្តិទៅ ដើម្បីឧទ្ទេសនាមដល់ភ្ញៀវទេសចរវៀតណាមអំពីគោលដៅផ្សេងៗទៀត នៃ “10 New Bali”។ លោក Monas TjahJono បានឲ្យដឹងថា៖

“ចំណុចលេចធ្លោនៃខេត្ត Jawa ភាគខាងកើតគឺភ្នំភ្លើង Bromo។ នៅទីនេះ ភ្ញៀវទេសចរអាចគយគន់ព្រះអាទិត្យរះជាមួយទេសភាពធំមហិមា។ លើសពីនេះទៅទៀត ខេត្ត Jawa ភាគខាងកើតក៏មានមាត់ភ្លើង Ijen ដ៏ពិសិដ្ឋដែរ។ នៅទីនេះ ភ្ញៀវទេសចរអាចគយគន់ភ្លើងពណ៌បៃតង។ នេះគឺជាមាត់ភ្លើងតែមួយគត់ ក្នុងចំណោមមាត់ភ្លើងទាំង ២ នៅលើពិភពលោក ដែលមានភ្លើង ពណ៌បៃតង (ភ្នំភ្លើងមួយទៀតនៅ អៀរឡង់) “។

ដោយមានឱកាសចូលរួមដំណើរ Famtrip ទៅកាន់ខេត្ត Jawa ភាគខាងកើត ដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌូសេស៊ីប្រចាំនៅវៀតណាមកាលពីដើមឆ្នាំ២០១៩ លោកស្រី Nguyen Viet Thi Dan Phuong នាយិការក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្ម និងទេសចរណ៍ Zentour ដែលជាអង្គភាពមួយ តែងតែរៀបចំដំណើរទស្សនាជូនភ្ញៀវទេសចរវៀតណាមទៅកាន់បរទេស ដែលក្នុងនោះមានឥណ្ឌូនេស៊ី បានឲ្យដឹងថា៖

“យើងខ្ញុំបានផ្តោតសំខាន់ទៅលើទីផ្សារឥណ្ឌូនេស៊ី ហើយភាគីច្រើនគឺកោះ Bali។ នាពេលថ្មីៗនេះ ស្ថានទូតឥណ្ឌូនេស៊ីបានអញ្ជើញយើងខ្ញុំចូលរួមដំណើរ Farmtrip ដើម្បីអភិវឌ្ឍន ខេត្ត Jawa ភាគខាងកើត ក្នុងនោះមានភ្នំភ្លើង Bromo។ ទេសភាពនៅទីនេះ ពិតជាធំមហិមា និងអស្ចារ្យណាស់“។

ក្នុងចំណោម “10 New Bali” នោះ មានគោលដៅចំនួន ៤ នៃ កោះ Jawa គឺ ភ្នំភ្លើង Broma ប្រជុំកោះ Seribu ឆ្នេរសមុទ្រ Tanjung Lesung និងមណ្ឌលទេសចរណ៍សាសនាវិហា Borobudur - អច្ឆរិយវត្ថុសាសនាធំបំផុតនៅលើពិភពលោក ដែលត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌របស់មនុស្សលោក។ រីឯគោលដៅចំនួន ៦ ទៀតរបស់ “10 New Bali” បានស្ថិតនៅកោះផ្សេងៗ ទៀតដូចជា៖ បឹង Toba នៅ Sumatra ភាគខាងជើង  ឆ្នេរសមុទ្រ Tanjung Kelayang នៅ Bangka Belitung កោះ Wakatobi  នៅ Slulawesi ប៉ែកខាងអាគ្នេយ៍។ គោលដៅទាំងនេះ គឺសុទ្ធបានតភ្ជាប់ជាមួយជើងហោះហើរអន្តរជាតិ ឬក្នុងស្រុក។ លោក Monas Tjahjono មកពី  ASITS ខេត្ត Jawa បែកខាងកើតបានឲ្យដឹងថា៖

“យើងខ្ញុំបានត្រៀមរៀបចំសម្រាប់ហេដ្ឋារចនាសម្ព័នជាច្រើនដូចជា៖ សណ្ឋាគារ ព្រលានយន្តហោះ ឬមធ្យោបាយធ្វើដំណើររួចរាល់ហើយ។ យើងខ្ញុំមានភោជនីយដ្ឋាន ដោយបម្រើមុខម្ហូបឆ្ងាញ់ពិសារជាច្រើន ដែលត្រូវនឹងចំណងចំណូលចិត្តរបស់ប្រជាជនវៀតណាម។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានផ្ដោតសំខាន់លើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរវៀតណាមផងដែរ“។

នាបច្ចុប្បន្ននេះ ចំនួន ភ្ញៀវទេសចរវៀតណាមទៅទស្សនាឥណ្ឌូនេស៊ីបានបន្តកើនឡើង។ ក្នុងអំឡុងពេលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរវៀតណាមទៅទស្សនាឥណ្ឌូនេស៊ីគឺ ៥៣ ពាន់នាក់ កើន ១៨ % បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ទោះជាយ៉ាងណាក៏ដោយ Bali នៅតែជាជម្រើសរបស់ភ្ញៀវទេសចរវៀតណាមភាគច្រើនផងដែរ។ អំពីគោលដៅយុទ្ធនាការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីរបស់ឥណ្ឌូនេស៊ី លោក Ibnu Hadi ឯគ្គអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយបានឲ្យដឹងថា៖

“យើងខ្ញុំចង់លើកទឹកចិត្តដល់វិស័យទេសចរណ៍ឲ្យបានកានតែច្រើនថែមទៀត ហើយមានការផ្លាស់ប្ដូរជាច្រើនថែមទៀតរវាងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឆ្នាំ២០១៩ ស្ថានទូតបានជួយឧបត្ថម្ភដល់ព្រឹត្តិការណ៍ និងសកម្មភាពផ្សេងៗជាច្រើន ដើម្បីផ្សព្វផ្សាយទេសចរណ៍។ លើសពីនេះទៅទៀត ស្ថានទូតក៏បានចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម ក៏ដូចជាអញ្ជើញអ្នកសារព័ត៌មានវៀតណាម និង Blogger ចូលរួម FamTrips ទៅកាន់ឥណ្ឌូនេស៊ី ក៏ដូចជាជួយឧបត្ថម្ភបណ្ដាញតភ្ជាប់ផងដែរ“។

ដោយមានការខិតខំប្រឹងប្រែងទាំងនេះ គោលដៅទទួលឲ្យបានភ្ញៀវទេសចរ វៀតណាមចំនួន ១២៣ ពាន់នាក់ក្នុងឆ្នាំ ២០១៩ របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីគឺប្រកដជាអាចសម្រេចបានជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ