ឪពុកម្តាយធម៌វៀតណាម - ប្រភពនៃសេចក្តីស្រឡាញ់

(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! “ដោយមានការព្រួយបារម្ភ និងអាណិតអាសូរនៅពេលដឹងថា និស្សិតឡាវជួបការលំបាក ធ្លាក់ខ្លួនឈឺ ឬមានគ្រោះថ្នាក់ យុទ្ធជនស្ម័គ្រចិត្តវៀតណាមម្នាក់នៅសមរភូមិឡាវកាលនោះបានខ្វល់ខ្វាយថា ខ្លួនត្រូវតែមានវិធីអ្វីខ្លះដើម្បីជួយក្មួយៗ”។ ពីនោះ លោកពូ Dao Hang អតីតយុទ្ធជនម្នាក់នៅខេត្ត Hai Duong រួមជាមួយយុទ្ធមិត្តចាស់ៗមួយចំនួនបានកសាងគំរូទទួលឧបត្ថម្ភនិស្សិតឡាវ (ឬជាធម្មតាគេហៅថា ទទួលជាកូនធម៌) ដោយមានកម្លាំងស្នូលជាយុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅខេត្ត Hai Duong។

ឪពុកម្តាយធម៌វៀតណាម - ប្រភពនៃសេចក្តីស្រឡាញ់ - ảnh 1ឪពុកម្ដាយធម៌វៀតណាមកអបអរសាទរក្នុងឱកាសដែលកូនធម៌ជនជាតិឡាវទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា។

“ខ្ញុំបានពិភាក្សាជាមួយមនុស្សគ្រប់គ្នា ហើយក្នុងគំនិតរបស់ខ្ញុំ ខ្ញុំពិតជាចង់ឲ្យយុទ្ធជនស្ម័គ្រចិត្តដែលធ្លាប់បានចូលរួមប្រយុទ្ធនៅសមរភូមិឡាវ នៅក្នុងខេត្ត អាចចូលរួមចំណែកក្នុងការងារនេះ ដូច្នេះខ្ញុំបានគិតពីគំរូទទួលឧបត្ថម្ភនេះ ដើម្បីនៅថ្ងៃចុងសប្ដាហ៍ ខ្ញុំអាចនាំកូនៗមកលេងផ្ទះខ្លួន ដើម្បីជួយកូនៗសម្រាលការនឹកផ្ទះនិងស្រុកកំណើត។ ហើយដើម្បីបំពេញគោលបំណងនេះ ខ្ញុំក៏ស្វែងយល់ពីបំណងប្រាថ្នារបស់គ្រួសារនានា ហើយមនុស្សជាច្រើនបានយល់ស្របគាំទ្រ ចង់ជួយឧបត្ថម្ភក្មួយៗដោយស្មោះអស់ពីចិត្ត”។

ក្នុងឆ្នាំ ២០១៨ និស្សិតឡាវ ១២ នាក់បានចាកចេញពីគ្រួសារទៅសិក្សានៅប្រទេសវៀតណាម។ ពេលមកដល់វៀតណាម គេត្រូវបានឪពុកម្ដាយធម៌ លោកគ្រូ អ្នកគ្រូ និងកម្មាភិបាលខេត្ត សមាគមមិត្តភាពវៀតណាម-ឡាវ ខេត្ត Hai Duong ទទួលស្វាគមន៍ សួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនិងរំភើបចិត្តបំផុតនោះគឺ ប្អូនៗត្រូវបានគេដាក់ឈ្មោះវៀតណាមពោរពេញទៅដោយអត្ថន័យដូចជា Hong, Ha, Cuu, Long, Doan, Ket, Huu, Nghi, Phat, Trien, Ben, Vung។ ចាប់ពីពេលនោះមក ប្អូនៗបានក្លាយជាកូនធម៌របស់គ្រួសារវៀតណាមចំនួន ៦ ក្នុងនោះមានឪពុកម្តាយ ដែលជាអតីតយុទ្ធជននៅសមរភូមិឡាវ។ គ្រួសារលោក Dao Hang ដែលទទួលចិញ្ចឹមនិស្សិតពីរនាក់ឈ្មោះ Huu និង Cuu បាននិយាយថា៖

“នៅថ្ងៃចុងសប្តាហ៍ ខ្ញុំនាំកូនៗមកលេងផ្ទះ ដើម្បីជួយគេសម្រាលពីការនឹកផ្ទះ នឹកស្រុកកំណើត ហើយអាចធ្វើម្ហូបឡាវខ្លះៗឲ្យកូន ដូចជាអាហារអាំង ឬម្ហូបដែលមានរសជាតិហឹរបន្តិច កូនៗចូលចិត្តណាស់។ គេចូលចិត្តញ៉ាំត្រីជាជាងញ៉ាំសាច់”។

ឪពុកម្តាយធម៌វៀតណាម - ប្រភពនៃសេចក្តីស្រឡាញ់ - ảnh 2កូនធម៌ជនជាតិឡាវមកទទួលទានពេលយប់ជាមួយគ្រួសារលោក Dao Hang។

មកប្រទេសវៀតណាមដើម្បីសិក្សា ដោយទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ការជួយឧបត្ថម្ភយ៉ាងខ្លៀវក្លាពីមិត្តភក្តិវៀតណាម ហើយថែមទាំងបានក្លាយជាកូនធម៌របស់គ្រួសារលោកពូមីងអតីតយុទ្ធជនទៀតផង។ និស្សិតឡាវ ឈ្មោះ Det ដោយមានឈ្មោះ
វៀតណាមថា Nghi បានសំណេះសំណាលថា៖

“ប្រសិនបើប្រៀបធៀប យើងមិនខុសពីកូនបង្កើតរបស់ប៉ាម៉ាក់ដែលទៅសិក្សានៅទីក្រុងហាណូយនោះទេ។ ប៉ាម៉ាក់ហៅទូរស័ព្ទមក សួរសុខទុក្ខជាញឹកញាប់។ បើថ្ងៃណាហៅខ្ញុំមិនបានទេ ប៉ាក៏ប្រាប់បងប្អូននៅសាលាឲ្យមកសួរខ្ញុំយ៉ាងម៉េច សុខសប្បាយទេ ពេលទំនេរ មកផ្ទះលេងជាមួយប៉ាម៉ាក់ណា។ ជិតស្និទ្ធដូចកូនក្នុងផ្ទះអញ្ចឹង។ ធ្វើម្ហូបឬធ្វើអ្វីក៏ស្រួលដូចនៅផ្ទះខ្លួនដែរ។ នៅរដូវក្តៅ ក្នុងបន្ទប់អត់មានម៉ាស៊ីនត្រជាក់ ប៉ាម៉ាក់ក៏ទូរស័ព្ទមកសួរថា ពួកយើងយ៉ាងម៉េច ក្តៅទេ សាលាយ៉ាងម៉េចដែរ? បើមានបញ្ហាអ្វី មកផ្ទះរស់នៅជាមួយប៉ាម៉ាក។ បងប្អូនក្នុងគ្រួសារក៏ល្អណាស់។ បើជិះរថយន្តត្រូវខូចនៅលើផ្លូវ យើងខ្ញុំទូរស័ព្ទទៅប៉ាម៉ាក់ ប៉ាម៉ាក់នឹងប្រាប់បងៗទៅទទួលពួកយើងភ្លាមៗ”។

កញ្ញា Tina Thipliemkhuan ដែលទើបតែឆ្លងកាត់ការព្យាបាលជំងឺរលាកខ្នែងពោះវៀនបានចែករំលែកថា៖

“ខ្ញុំមិនដែលគិតថា មាននរណាម្នាក់នឹងប្រព្រឹត្តយ៉ាងល្អដល់ខ្ញុំអញ្ចឹងទេ។ ប៉ា Van និងម៉ាក់ Lao បានអត់ដែកពេញមួយយប់ចាប់ពីខ្ញុំចូលបន្ទប់វះកាត់រហូតដល់ខ្ញុំដឹងខ្លួន។ ប៉ាម៉ាក់ថែទាំខ្ញុំដូចកូនបង្កើតអញ្ចឹង។ នៅពេលដែលឪពុកម្តាយបង្កើតរបស់ខ្ញុំពីប្រទេសឡាវមក ឪពុក Van និង ម្ដាយ Lao នៅតែមកថែទាំខ្ញុំ ហើយយកចិត្តទុកដាក់ដល់ឪពុកម្តាយបង្កើតរបស់ខ្ញុំផងដែរ។ រាល់ពេលដែលខ្ញុំធុញទ្រាន់ ឬមានការលំបាកណាមួយ ខ្ញុំតែងតែមកផ្ទះឪពុកម្តាយ ហើយត្រូវបានគេចាត់ទុកដូចជាកូននៅក្នុងគ្រួសារ។ បងប្អូនក្នុងគ្រួសារក៏ដូចគ្នាដែរ គេដឹងថាយើងខ្ញុំទៅរៀននៅឆ្ងាយពីផ្ទះ ដូច្នេះគេតែងយកចិត្តទុកដាក់ ហើយទូរស័ព្ទទៅសួរនាំជាញឹកញាប់”។

មិនត្រឹមតែយកចិត្តទុកដាក់ដល់ការហូបចូក ការសម្រាក និងការរស់នៅប៉ុណ្ណោះទេ ឪពុកម្ដាយធម៌វៀតណាមទាំងអស់ថែមទាំងយកចិត្តទុកដាក់ដល់ អនាគតកូនចិញ្ចឹមរបស់គេទៀតផង ដោយសង្ឃឹមថា បន្ទាប់ពីបញ្ចប់ការសិក្សាកូនៗនឹងមានការងារធ្វើប្រកបដោយស្ថិរភាព ស្ទាត់ជំនាញវិជ្ជាជីវៈ ដើម្បីបម្រើ មាតុភូមិនិងប្រទេសជាតិ។ លោកពូ Pham Khac Van ឪពុកចិញ្ចឹមរបស់កញ្ញា Tina បានចែករំលែកថា៖

“ខ្ញុំក៏បានប្រាប់កូនៗថា កូនៗត្រូវប្រឹងប្រែងត្រឡប់មកសាកសួរឪពុកម្តាយ ដើម្បីមានឱកាសសំណេះសំណាល ស្វែងយល់ពីវប្បធម៌វៀតណាម ក៏ដូចជាបទពិសោធន៍សិក្សារបស់កូនៗ។ មិនដឹងថា តើកូនៗនឹងអាចត្រឡប់មកបម្រើប្រទេសជាតិនៅថ្ងៃអនាគតបានយ៉ាងណានោះទេ ប៉ុន្តែជាដំបូងបង្អស់ ខ្ញុំនៅតែប្រាប់កូនៗថា បន្ទាប់ពីបញ្ចប់ការសិក្សា ត្រូវវិលត្រឡប់មកបម្រើប្រទេសជាតិដោយអស់ពីកម្លាំងកាយ។ បើចូលបម្រើក្នុងជួរកងទ័ព គឺត្រូវគោរពបទបញ្ជារបស់កងទ័ពឲ្យបានម៉ឺងម៉ាត់”។

ប្រពៃណីដ៏ល្អប្រសើរនៃការជួយឧបត្ថម្ភយុវជនឡាវមកសិក្សា និងបណ្តុះបណ្តាលនៅប្រទេស
វៀតណាម មានតាំងពីយូរណាស់មកហើយ ក្នុងអំឡុងខែឆ្នាំសង្រ្គាម និស្សិតឡាវជាច្រើនត្រូវបានបញ្ជូនទៅបណ្ដុះបណ្ដាលនៅវៀតណាម គេត្រូវបានប្រជាជនវៀតណាមទទួលមករស់នៅជាមួយគ្នា ហើយត្រូវបានឪពុកម្តាយវៀតណាមយកចិត្តទុកដាក់ ថែទាំដូចជាកូនបង្កើតអញ្ចឹង។ រហូតមកដល់សព្វថ្ងៃ ប្រពៃណីនោះនៅតែត្រូវបានស្នងបន្តនិងរីកសាយភាយកាន់តែខ្លាំងឡើងឡើងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ