EU បានសន្យាចំណាយទឹក​ប្រាក់ជាង ៨,៣​ ពាន់លានដុល្លារសម្រាប់តម្រូវការមនុស្សធម៌​ជាស​ក​ល​នៅ​ឆ្នាំ​ ២០២៤​

(VOVWORLD) - នាថ្ងៃទី ១៨ ខែមីនា សហភាពអឺរ៉ុប (EU) បានសន្យាថា នឹងចំណាយប្រាក់ចំនួន ៧,៧ ពាន់លានអឺរ៉ូ (៨,៣៩ ពាន់លានដុល្លារអាមេរិក) សម្រាប់ជំនួយមនុស្សធម៌នៅឆ្នាំនេះ ពោលគឺទាបជាងឆ្នាំមុន បើទោះបីជាតម្រូវការបានកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា និងតំបន់ផ្សេងទៀតក៏ដោយ។

ថ្លែងក្នុងពិធីបើកសន្និសីទមនុស្សធម៌នៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកជំនួយមនុស្សធម៌និងការគ្រប់គ្រងវិបត្តិ លោកស្រី Janez Lenarcic បានឲ្យដឹងថា នេះគឺជាការចំណាយថេរ ប៉ុន្តែ EU ក៏អាចនឹងគាំទ្រសបន្ថែមទៀត។ កាលពីឆ្នាំ២០២៣ ទឹកប្រាក់ដែលបណ្តាប្រទេសសមាជិក EU និងគណៈកម្មការអឺរ៉ុប (EC) បានសន្យាមានចំនួនសរុប ៨,៤ ពាន់លានអឺរ៉ូ។

EU បានសន្យាចំណាយទឹក​ប្រាក់ជាង ៨,៣​ ពាន់លានដុល្លារសម្រាប់តម្រូវការមនុស្សធម៌​ជាស​ក​ល​នៅ​ឆ្នាំ​ ២០២៤​ - ảnh 1រថយន្តដឹកជំនួយចូលក្នុងតំបន់ហ្គាហ្សា តាមច្រកព្រំដែន Rafah។ រូបថត៖ AFP/TTXVN

ក្នុងពេលជាមួយគ្នានេះ តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ មានមនុស្សកាន់តែច្រើនដែលត្រូវការជំនួយជាបន្ទាន់ ហើយនេះគឺជាចំនួនដ៏ច្រើនដែលមិនធ្លាប់មានពីមុនមក។ លោកបានបន្ថែមថា ស្ថានភាពនៅតំបន់ហ្គាហ្សា គឺធ្ងន់ធ្ងរពិសេស។ ប្រជាជននៃតំបន់ឆ្នេរសមុទ្រមេឌីទែរ៉ាណេនេះលែងស្ថិតនៅលើបន្ទាត់នៃភាពអត់ឃ្លានទៀតទេ ប៉ុន្តែពិតជាបានស្ថិតក្នុងភាពអត់ឃ្លានហើយ។

សន្និសីទមនុស្សធម៌ខាងលើអូសបន្លាយរយៈពេល ២ ថ្ងៃ ហើយត្រូវបានរំពឹងថានឹងផ្តោតលើការស្វែងរកវិធានការដើម្បីប្រមូលជំនួយបន្ថែមទៀតសម្រាប់តំបន់ហ្គាហ្សា។ លើសពីនេះ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ក៏នឹងពិភាក្សាផងដែរអំពីបញ្ហានៃការនាំយកជំនួយបន្ថែមទៅក្នុងតំបន់នេះ តាមរយៈផ្លូវគោក សមុទ្រ ឬផ្លូវអាកាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ