ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក​ Pham Minh Chinh ទៅកាន់អូស្ត្រាលី និងនូវែលហ្សេឡង់​ទទួល​ជោគជ័យលើគ្រប់​វិស័យ​

(VOVWORLD) - ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ចូលរួមសន្និសីទកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន - អូស្ត្រាលី និងបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលហ្សេឡង់ (ថ្ងៃទី ៥ - ១១ ខែមីនា) បានបញ្ចប់ប្រកបដោយជោគជ័យលើគ្រប់វិស័យ។ នោះគឺជាការអះអាងរបស់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នៅថ្ងៃទី១១ ខមីនា) នៅពេលឆ្លើយតបទៅនឹងប្រព័ន្ធសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។

ទាក់ទងនឹងការចូលរួមនិងការរួមវិភាគទានរបស់គណៈប្រតិភូវៀតណាមនៅសន្និសីទ រដ្ឋមន្ត្រី Bui Thanh Son បានលើកច្បាស់ថា ការថ្លែងមតិគ្រប់ជ្រុងជ្រោយនិងយុទ្ធសាស្ត្ររបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ត្រូវបានប្រទេសនានាវាយតម្លៃខ្ពស់ ដោយបានវាយតម្លៃយ៉ាងត្រឹមត្រូវអំពីទំនាក់ទំនងអាស៊ាន - អូស្ត្រាលីក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ និងបានស្នើចក្ខុវិស័យ តម្រង់ទិសអនាគត លើកសំណើរនិងគំនិតផ្តួចផ្តើមជំរុញទំនាក់ទំនងនាពេលខាងមុខផងដែរ។ ការចូលរួមរបស់វៀតណាមនៅក្នុងសន្និសីទនេះ បានរួមចំណែកលើកកម្ពស់តួនាទីរបស់វៀតណាមក្នុងទំនាក់ទំនងអាស៊ាន - អូស្ត្រាលី ហើយតាមរយៈអាស៊ានបានជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម - អូស្ត្រាលីឱ្យមានការអភិវឌ្ឍកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពនាពេលខាងមុខ។

ចំពោះលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី និងនូវែលហ្សេឡង់របស់នាយករដ្ឋមន្រ្តីនិងលោកជំទាវ រដ្ឋមន្រ្តី Bui Thanh Son បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅប្រទេសទាំងពីរទទួលបានជោគជ័យលើគ្រប់ជ្រុងជ្រោយ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសទាំងពីរនេះ។ ទាំងអូស្ត្រាលីនិងនូវែលហ្សេឡង់ សុទ្ធតែវាយតម្លៃខ្ពស់ចំពោះឋានៈនិងតួនាទីកាន់តែកើនឡើងរបស់វៀតណាមនៅក្នុងតំបន់និងលើពិភពលោក ហើយបានឯកភាពបន្តសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជន ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ