ទីក្រុងហូជីមិញបើកផ្លូវផ្កានិងផ្លូវសៀវភៅក្នុងអំឡុងបុណ្យតេត

(VOVWORLD) - ផ្លូវផ្កា Nguyen Hue ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤ ត្រូវបាន បើកកាលពីយប់ថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងហូជីមិញ ដោយមានប្រធានបទ "និទាឃ រដូវនៃសេចក្ដីស្រឡាញ់ បុណ្យតេតនៃការជួបជុំគ្នា"។ មុននោះ នៅរសៀលថ្ងៃដដែល ផ្លូវសៀវភៅតេត ក៏បានបើកផងដែរ។
ទីក្រុងហូជីមិញបើកផ្លូវផ្កានិងផ្លូវសៀវភៅក្នុងអំឡុងបុណ្យតេត - ảnh 1គំរូសត្វនាគមួយគូនៅក្លោងទ្វារផ្លូវផ្កា Nguyen Hue។ 
ពីក្លោងទ្វារចូល ផ្លូវផ្កាបានទាក់ទាញ និងបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះអ្នកទស្សនា ជាមួយនឹងគំរូសត្វនាគមួយគូ - ដែលជាសត្វស័ក្តិ សិទ្ធិនៃឆ្នាំ ២០២៤។ គំរូនាគមួយគូនេះមានទំហំកំណត់ត្រាដោយប្រវែងជាង ១០០ ម៉ែត្រ និងទំហំក្បាលជាង ២ ម៉ែត្រ មាត់កាន់គុជ ក្បាលអាចធ្វើចលនារួមជាមួយសំឡេងគ្រហឹម។ លោកស្រី Phan Thi Diem Trang ពលរដ្ឋនៅសង្កាត់លេខ១ បាន ចែករំលែកថា៖ “មកដល់ផ្លូវផ្កាឆ្នាំនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ខ្ញុំមិននឹកស្មានថា មនុស្សមកយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងដូច្នេះទេ។ ខ្ញុំគិតថា ផ្លូវផ្កាឆ្នាំនេះស្រស់ស្អាតម៉ែនទែន ដោយមាននាគមួយគូអណ្ដែតលើអាកាស ខុសពីឆ្នាំមុនៗ។ ខ្ញុំសង្ឃឹមថាប្រទេសយើងក៏នឹងមានការអភិវឌ្ឍដូចនិមិត្តសញ្ញាសត្វនាគដែលកំពុងហោះហើរឡើងដែរ”។
ផ្លូវផ្កា Nguyen Hue ឆ្នាំនេះប្រើប្រាស់ពណ៌ស្នូលចំនួន ៣ គឺក្រហម លឿងទុំ និងលឿង ពីផ្កា ៩៩ ប្រភេទ ជាមួយនឹងកន្ត្រកផ្កាជាង ៩ ម៉ឺនដែលត្រូវបានប្រើប្រាស់។
ក្នុងពេលជាមួយគ្នានោះ ពិធីបុណ្យផ្លូវសៀវភៅបុណ្យតេតឆ្នាំនេះ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៧ ខែកុម្ភៈ ដល់ដំណាច់ថ្ងៃទី ១៤ ខែកុម្ភៈ (ថ្ងៃទី ៥ នៃបុណ្យតេត) នៅតាម វិថី Le Loi សង្កាត់លេខ ១ ទីក្រុងហូជីមិញ។ នេះជាឆ្នាំដំបូងដែលពិធីបុណ្យផ្លូវ សៀវភៅបុណ្យតេតនៃ ទីក្រុងហូជីមិញ រៀបចំការជូនអាំងប៉ាវជាសៀវភៅ ចាប់ពីថ្ងៃទី ១ នៃបុណ្យតេត ជាមួយសារ “បើកទំព័រសៀវភៅថ្មី អបអរឆ្នាំថ្មី”។ មានសៀវភៅ ប្រហែល ១៦ ពាន់ក្បាល នឹងត្រូវបានជូនដល់ប្រជាជនអំឡុងពេលបុណ្យតេត ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ