ទីក្រុងហូជីមិញព្យាយាមទប់ស្កាត់ចំនួនអ្នកឆ្លង Covid-19
(VOVWORLD) - នាពេលខាងមុខ សូមស្នើឲ្យគណៈកម្មាធិការប្រជា ជនទីក្រុងចេញសារចរ ដោយកំណត់ឲ្យពាក់ម៉ាសពេលចេញទៅក្រៅ ប្រសិនបើអ្នកណាមិនពាក់ នឹងចែកម៉ាសឥតគិតថ្លៃដល់គេព្រមទាំងផាក់ពិន័យទៀតផង។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនៅក្នុងកិច្ចប្រជុំ |
នារសៀលថ្ងៃទី ២៦ ខែមីនា នៅក្នុងកិច្ចប្រជុំ គណៈកម្មធិការដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំង COVID-19 លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជា ជនទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖ គោលដៅរបស់ទីក្រុង គឺមិនទុកឲ្យវីរុស SARS-CoV-2 ឆ្លងរាលដាលក្នុង សហគមន៍ ដោយកំណត់ចំនួន នៃករណីឆ្លង COVID-19 នៅក្នុងទីក្រុងក្រោម ១៥០ ករណី។ ទន្ទឹមជាមួយគ្នានោះ លោក Nguyen Thanh Phong ក៏បានចាត់ចែងមន្ទីរសុខាភិបាល ធ្វើទំនើបកម្មគ្រឿងបរិក្ខារសម្រាប់មន្ទីរពេទ្យនិងមណ្ឌលសុខភាព ដែលចូលរួមក្នុងការធ្វើតេស្តនិងព្យាបាលអ្នកជម្ងឺឆ្លង COVID-19 ក៏ដូចជា ប្រមូលប្រភពធនធានសម្រាប់ត្រៀមប្រយុទ្ធប្រឆាំងនឹងការវិវត្តថ្មីនៃ COVID-19។
ធ្វើការវាយតម្លៃចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធសុខាភិបាលទីក្រុង ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានក្រើនរំលឹកថា គ្មានវិធានការបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំង COVID-19 ល្អប្រសើរជាងនិងសន្សំសំចៃជាជាងការពាក់ម៉ាស និងអនុវត្តការមិនទាក់ទងប្រាស្រ័យច្រើនក្នុងសង្គម។ លោក Nguyen Thien Nhan អញ្ជើញមានប្រសាសន៍ថា៖ “ពាក់ម៉ាស់គឺជាវិធានការថោកនិងមានប្រសិទ្ធភាព។ នាពេលខាងមុខ សូមស្នើឲ្យគណៈកម្មាធិការប្រជាជនទីក្រុងចេញសារចរ ដោយកំណត់ឲ្យពាក់ម៉ាសពេលចេញទៅក្រៅ ប្រសិនបើអ្នកណាមិនពាក់ នឹងចែកម៉ាសឥតគិតថ្លៃដល់គេព្រមទាំងផាក់ពិន័យទៀតផង។ ដល់ពេលត្រូវចាប់បង្ខំហើយ ដែលជាការចាប់បង្ខំស្រាលៗប៉ុន្តែប្រកបដោយប្រសិទ្ធភាពបំផុត”៕