បើកសន្និសីទបូកសរុបការងារឆ្នាំ២០២៣និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៤ របស់ រដ្ឋាភិបាលវៀតណាមនិងអាជ្ញាធរមូលដ្ឋាន
(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែមករា នៅទីក្រុងហាណូយ សន្និសីទបូកសរុបការងារឆ្នាំ ២០២៣ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៤ របស់រដ្ឋាភិបាលវៀតណាម និងអាជ្ញាធរ មូលដ្ឋានបានប្រព្រឹត្តទៅក្រោមអធិបតីភាពនាយករដ្ឋមន្ត្រី លោក Pham Minh Chinh។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ VGP) |
សន្និសីទនេះត្រូវបានរៀបចំឡើងតាមទម្រង់ផ្ទាល់ផងនិងតាមអ៊ីនធឺណិតផង។ អញ្ជើញ ចូលរួមសន្និសីទមានប្រធានរដ្ឋលោក Vo Van Thuong និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។
អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៣ ស្ថានភាពក្នុងពិភពលោក និងតំបន់មានការវិវឌ្ឍន៍ដ៏ ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ក្នុងនោះមាន “ខ្យល់បក់បញ្ច្រាសទិស” នានាដូចជា៖ អតិផរណា អត្រាការប្រាក់ខ្ពស់ ការធ្លាក់ចុះនៃកំណើនសកល ការប្រកួត ប្រជែងជាយុទ្ធសាស្ត្រ ជម្លោះនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា ការប្រែប្រួលអាកាស ធាតុកាន់តែធ្ងន់ធ្ងរ... បរិបទនោះបានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេស វៀតណាម។
វាយតម្លៃអំពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាលពីឆ្នាំមុន លោកនាយក រដ្ឋមន្ត្រីបានលើកឡើងយ៉ាងច្បាស់ថា និន្នាការងើបឡើងវិញជាវិជ្ជមាន និងជាបន្ត បន្ទាប់នៃសេដ្ឋកិច្ច បានជួយវៀតណាមសម្រេចជាស្ថាបរនូវគោលដៅទូទៅដែលបាន កំណត់នោះគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; គ្រប់គ្រងអតិផរណា ជំរុញកំណើន; ធានា តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ ប្រជាជនត្រូវបានកែលម្អ; ការពារជាតិ និងសន្តិសុខត្រូវបានពង្រឹង; កិត្យានុភាពនិង ឋានៈរបស់ប្រទេសជាតិត្រូវបានលើកកំពស់។
ទាក់ទិននឹងទិសដៅនិងភារកិច្ចសំខាន់ៗក្នុងឆ្នាំនេះ លោកនាយករដ្ឋមន្ត្រីបាន ស្នើឱ្យផ្តោតលើការវិភាគ វាយតំលៃ ព្យាករណ៍ និងបកស្រាយបំភ្លឺចំណុចខុសគ្នា និង ការលំបាកនៃឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ពីនោះជំរុញកម្លាំងចលករកំណើនប្រពៃណី ដូចជា៖ ការវិនិយោគ ការប្រើប្រាស់ ការនាំចេញ ព្រមទាំងជំរុញខ្លាំងកម្លាំងចលករ កំណើនថ្មីៗដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង បញ្ញាសិប្បនិមិត្ត ការតភ្ជាប់ តំបន់... លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យអង្គសន្និសីទ ចូលរួមផ្តល់មតិក្នុងការកសាង កែលម្អស្ថាប័ន ដើម្បីបង្កើតរបកគំហើញជាយុទ្ធសាស្ត្រក្នុងវិស័យរដ្ឋបាលសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ នវានុវត្តន៍ ការផ្សាភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយវប្បធម៌សង្គម ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាស ធាតុផងដែរ៕