បណ្តាប្រទេសនានារឹតបន្តឹងវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19
(VOVWORLD) - នាថ្ងៃទី ២៤ ខែមីនា ប៉ូលីសជាតិរបស់ឥណ្ឌូនេស៊ីបានប្រកាសថានឹងដាក់ទោសព្រហ្មទណ្ឌដល់អ្នកដែលបានរំលោភបំពាន លើបទបញ្ជាស្តីពីការហាមប្រមូលផ្តុំ មនុស្សជាច្រើន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ អ្នកដែលរំលោភបំពានលើបទបញ្ជានេះ អាចជាប់ពន្ធនាគាររហូតដល់ ១២ ខែឬពិន័យជាទឹកប្រាក់រហូតដល់ ៩០០,០០០ រូពី (ស្មើនឹង ៥៦,២៥ ដុល្លារអាមេរិក) ផងដែរ។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi (រូបថត៖ TTXVN) |
ទន្ទឹមនឹងនេះ ចាប់តាំងពីយប់ថ្ងៃទី ២៦ ខែមីនា ដល់ថ្ងៃទី ៣០ ខែមេសា រដ្ឋាភិបាលសិង្ហបុរី នឹងបិទទ្វារហាង Bar រោងភាពយន្ត និងតំបន់លេងកំសាន្តនានាដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ COVID-19 ព្រមទាំងហាមឃាត់រាល់សកម្មភាពប្រមូលផ្តុំមនុស្សលើសពី ១០ នាក់ លើកលែងតែកន្លែងធ្វើការនិងសាលារៀនផងដែរ។
ក្នុងពេលនោះ រដ្ឋាភិបាលម៉ិកស៊ិកបានអះអាងថា ជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 នៅក្នុងប្រទេសនេះបានឈានដល់ដំណាក់កាលទី ២ ដែលជាកម្រិតឆ្លងរាលដាលនៅក្នុងសហគមន៍តែម្តង។ ហេតុដូច្នេះ ម៉ិកស៊ិកបានបង្កើនចាត់វិធានការនានា ដើម្បីការពារប្រជាជនដែលងាយរងគ្រោះថ្នាក់ ព្រមទាំងផ្កាករាល់ព្រឹត្តិការណ៍ដែលប្រមូលផ្តុំលើសជាង ១០០ នាក់។
យ៉ាងណាមិញ អាជ្ញាធរមានសមត្ថកិច្ចអ៊ីស្រាអែលបានប្រកាសថានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងជំងឺរាតត្បាត COVID-19 ពោលគឺ បញ្ឈប់រាល់ការដឹកជញ្ជូនសាធារណៈ លើកលែងតែរថយន្តតាក់ស៊ី ហើយគ្រាន់តែដឹកអ្នកដំណើរតែម្នាក់គត់ប៉ុណ្ណោះផងដែរ។
ចំណែកនៅប្រទេសឥណ្ឌាវិញ នាថ្ងៃទី ២៤ ខែមីនា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានជូនដំណឹងថានឹងអនុវត្តបទបញ្ជាហ៊ុំព័ទ្ធទូទាំងប្រទេសក្នុង រយៈពេល ២១ ថ្ងៃ ចាប់ពីយប់ថ្ងៃទី ២៤ ខែមីនា។ លោក Narendra Modi បានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានត្រៀមខ្លួនជាស្រេចបែងចែកនិងប្រើប្រាស់កញ្ចប់ថវិកាចំនួន ២ ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខា ភិបាល និងធានាប្រព័ន្ធនេះមានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ជម្ងឺរាតត្បាត COVID-19 ផងដែរ៕