ប្រជាពលរដ្ឋត្រូវទទួលបានសមិទ្ធិផលថ្មីបំផុតរបស់វិស័យឱសថ
(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងសុខាភិបាល សិក្សាឱ្យបានហ្មត់ចត់ ទទួលយកយ៉ាងពេញលេញនូវបទប្បញ្ញត្តិនៅក្នុងសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងការអនុវត្តការប្តេជ្ញាចិត្ត កិច្ចព្រមព្រៀងអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha (រូបថត៖ VOV) |
គ្រប់គ្រងវិស័យឱសថស្របតាមទីផ្សារ ធានាការបើកចំហ តម្លាភាព មានការត្រួតពិនិត្យគុណភាព សុវត្ថិភាព និងមានតម្លៃថោកបំផុត។ នេះគឺជាសំណើរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha នៅក្នុងកិច្ចប្រជុំ ដើម្បីស្ដាប់របាយការណ៍ស្តីពីគម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ឱសថ នារសៀលថ្ងៃទី ១៩ កុម្ភៈ នៅទីក្រុងហាណូយ។
លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងសុខាភិបាល សិក្សាឱ្យបានហ្មត់ចត់ ទទួលយកយ៉ាងពេញលេញនូវបទប្បញ្ញត្តិនៅក្នុងសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងការអនុវត្តការប្តេជ្ញាចិត្ត កិច្ចព្រមព្រៀងអន្តរជាតិ ច្បាប់ឯកទេសស្តីពីការវិនិយោគ ការគ្រប់គ្រងតម្លៃ ការផ្សាយពាណិជ្ជកម្ម សិទ្ធិនិងផលប្រយោជន៍របស់សហគ្រាសដែលមានទុនវិនិយោគបរទេស៖
“តើវៀតណាមជ្រើសរើសដើមឈើមុខព្រួញមួយណា ដើម្បីអភិវឌ្ឍក្នុងវិស័យឱសថ? ខ្ញុំមានគោលបំណងថា វិស័យសុខាភិបាលអនុវត្តន៍ជាក់ស្ដែងយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍជីវឱសថ ហើយត្រូវផ្តល់អាទិភាពវិនិយោគលើវិស័យនេះ។ ខ្ញុំស្នើឲ្យបង្កើតគោលនយោបាយដើម្បីអភិវឌ្ឍវិស័យឱសថសាស្ត្រ អនុវត្តន៍បច្ចេកវិទ្យាហ្សែន បច្ចេកវិទ្យាកោសិកា ដើម្បីផលិតឱសថដ៏មានតម្លៃក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយយើងចាំបាច់ត្រូវផ្តល់អាទិភាពដល់សហគ្រាស ដែលមានប្រៀបខ្លាំង ព្រមទាំងមានគោលនយោបាយឧបត្ថម្ភទៀតផង”។
លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យមានបទប្បញ្ញត្តិលើកទឹកចិត្ត អនុគ្រោះជួយឧបត្ថម្ភសហគ្រាសឱសថបរទេសមកវិនិយោគ ផលិតកម្ម ផ្ទេរប្រគល់បច្ចេកវិទ្យានៅវៀតណាម ព្រមទាំងផ្តល់អាទិភាពលើការវិនិយោគអភិវឌ្ឍន៍ជីវឱសថ;ទាញយកសក្តានុពលឱសថក្នុងប្រទេសប្រកបដោយប្រសិទ្ធភាពផងដែរ៕