ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជូនពរឆ្នាំថ្មីនិងប្រគល់អំណោយដល់គ្រួសារគោលនយោបាយ កងកម្លាំងប្រដាប់អាវុធ និងកម្មករនៅខេត្ត Gia Lai
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Gia Lai នារសៀលថ្ងៃទី ២៦ ខែមករា នៅទីក្រុង Pleiku ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញចូលរួមកម្មវិធីជូនពរឆ្នាំថ្មី ជូនអំណោយដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ គ្រួសារក្រីក្រ សកម្មជនដែលរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin និងកម្មករ ពលករដែលមានស្ថានភាពលំបាក...នៅខេត្ត Gia Lai។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជូនពរឆ្នាំថ្មីដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ កម្មាភិបាល យុទ្ធជន និងគ្រួសារក្រីក្រ។ រូបថត៖ VOV |
អញ្ជើញថ្លែងមតិនៅកម្មវិធីនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានក្រើនរំលឹកថា ខេត្តបន្តអនុវត្តឲ្យបានល្អនូវសារាចររបស់គណៈលេខា ស្តីពីការរៀបចំបុណ្យតេតប្រពៃណីឆ្នាំរោង ឆស័ក ២០២៤ ត្រៀមលក្ខខណ្ឌល្អបំផុតដើម្បីបម្រើប្រជាជន ទទួលអំណរនិទាឃរដូវ និងបុណ្យតេតប្រពៃណី។
“ថ្នាក់ដឹកនាំបក្ស រដ្ឋ ជានិច្ចកាលមានបំណងចង់ឲ្យមនុស្សគ្រប់ៗគ្នា គ្រួសារគ្រប់ៗគ្នា មានលក្ខខណ្ឌដើម្បីអំណរនិទាឃរដូវ អំណរបុណ្យតេតប្រពៃណី។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះខេត្ត Gia Lai ទោះបីជាប្រភពធនធាននៅតែជួបការលំបាកក៏ដោយ ក៏ខេត្តជានិច្ចកាលថែទាំ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារថែទាំបុណ្យតេតសម្រាប់ប្រជាជន។ ខ្ញុំស្នើឱ្យខេត្តបន្តយកចិត្តទុកដាក់ រួមជាមួយសហគមន៍ធុរកិច្ច និងសប្បុរសជនជួយឧបត្ថម្ភដល់ប្រជាជន។ វិធីជួយឧបត្ថម្ភល្អបំផុតគឺជួយពួកគេអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម ធ្វើយ៉ាងណាដើម្បីប្រជាជនមានលក្ខខណ្ឌរួចផុតពីភាពក្រីក្រ”។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិនៅកម្មវិធីនេះ ។ រូបថត៖ VOV |
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងលេខាគណៈកម្មាធិការបក្សខេត្ត Gia Lai លោក Ho Van Nien បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់ ស្លាកសញ្ញានិមិត្តរូបនៃផ្ទះមហាសាមគ្គីចំនួន ២០០ខ្នង របស់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម (Petrovietnam) ដល់គ្រួសារក្រីក្រនៅលើភូមិសាស្ត្រខេត្ត៕