រដ្ឋមន្ត្រីការបរទេសបារាំងថ្មីបានបញ្ជាក់ពីអាទិភាពក្នុងការគាំទ្រអ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី ១៣ មករា រដ្ឋមន្ត្រីការបរទេសថ្មីរបស់បារាំង លោក Stephane Sejourne បានអះអាងសារជាថ្មី អំពីការគាំទ្ររបស់បារាំងចំពោះអ៊ុយក្រែន ក៏ដូចជាការគាំទ្រក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដោយបញ្ជាក់ថា ទីក្រុងគៀវ នឹងនៅតែជាអាទិភាពរបស់ទីក្រុងប៉ារីស។ ប្រមុខការទូតបារាំងបានចេញសារខាងលើ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគៀវ នាថ្ងៃដដែលនោះ។
នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់លោក Stephane Sejourne ក្នុងនាមជារដ្ឋមន្ត្រីការបរទេសបារាំង។ ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងបរិបទដែលអ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបណ្តាប្រទេសសហភាពអឺរ៉ុប (EU) កំពុងស្វែងរកការបង្កើនជំនួយយោធាដល់ទីក្រុងគៀវ។
រដ្ឋមន្ត្រីការបរទេសថ្មីរបស់បារាំង លោក Stephane Sejourne ក្នុងសន្និសីទកាសែតរួមគ្នាជាមួយសមភាគីអ៊ុយក្រែនលោក Dmytro Kuleba ក្នុងទីក្រុង គៀវ នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៤ ។ រូបថត៖ AFP/TTXVN |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមក្នុងរដ្ឋធានីគៀវ ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba លោក Sejourne បានបញ្ជាក់ថា អ៊ុយក្រែននឹងនៅតែជាអាទិភាពរបស់ប្រទេសបារាំង ទោះបីជាមានការលំបាកនាពេលខាងមុខក៏ដោយ។ ប្រមុខការទូតបារាំងបានឲ្យដឹងថា លោកនឹងខិតខំប្រឹងប្រែងដើម្បីជម្នះបញ្ហាផ្លូវច្បាប់ ដើម្បីជួយដល់ក្រុមហ៊ុនបារាំងក្នុងការបង្កើតកន្លែងផលិតអាវុធបន្ថែមទៀតនៅអ៊ុយក្រែន។
ចំណែកឯរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Kuleba បានប្រកាសថា ភាគីទាំងពីរបានពិភាក្សាអំពីការផ្តល់ប្រព័ន្ធសព្វាវុធ មីស៊ីល និងយន្តហោះគ្មានមនុស្សបើកបន្ថែមដល់អ៊ុយក្រែន។ លោកក៏បានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតពីប្រទេសបារាំង និងបណ្តាប្រទេសនៅអឺរ៉ុបផងដែរ៕