វៀតណាមគ្មានករណីឆ្លងជំងឺ COVID-19 ថ្មី ហើយបណ្តាប្រទេសកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ

(VOVWORLD) -  គិតត្រឹមដល់ម៉ោង ៧៖៣០ ព្រឹកថ្ងៃទី ២៤ ខែមេសា វៀតណាមនៅតែបន្ត មិនកត់ត្រាករណីឆ្លងជំងឺ Covid-19 ថ្មីណាមួយឡើយ។ ដូច្នេះ អស់រយៈពេល ៨ ថ្ងៃហើយ ចាប់តាំងពីក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីទី ២៦៨ កាលពីព្រឹកថ្ងៃទី ១៦ ខែមេសាមក ប្រទេសវៀតណាមមិនបានរកឃើញករណីឆ្លងជំងឺ Covid-19 ថ្មីណាមួយនោះទេ។

ទន្ទឹមនឹងនេះដែរ ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 សរុបចំនួន ២.៧១៥.៦១៤ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩០.៤២២ នាក់។ ជំងឺរាតត្បាតនេះបានឆ្លងរីករាលដាលដល់ប្រទេសនិងតំបន់ដែនដីចំនួន  ២១០ នៅទូទាំងពិភពលោក។ សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្តលនៃការឆ្លងរាលដាលជំងឺនេះនៅពិភពលោក ដោយមានអ្នកឆ្លងចំនួន ៨៧៩.៤៣០ នាក់។ ឈរនៅលំដាប់បន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសអេស្ប៉ាញមានអ្នកឆ្លងចំនួន ២១៣.០២៤ នាក់ ប្រទេសអ៊ីតាលីមានអ្នកឆ្លងចំនួន ១៨៩.៩៧៣ នាក់ រីឯបារាំងមានអ្នកឆ្លងចំនួន ១៥៨.១៨៣ នាក់និងអាឡឺម៉ង់មានអ្នកឆ្លងចំនួន ១៥៣.១២៩ នាក់ផងដែរ។

នៅអឺរ៉ុប សហភាពអឺរ៉ុប (EU) បានអនុម័តលើកញ្ចប់ថវិកាចំនួន ៥៤០ ពាន់លានអឺរ៉ូ (ស្មើនឹង ៥៨១ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់បណ្តាប្រទេសនិងសហគ្រាសនានាក្នុងការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ។ កញ្ចប់ហិរញ្ញវត្ថុនេះនឹងត្រូវបានរៀបចំរួចរាល់មុនថ្ងៃទី ១ខែមិថុនាខាងមុខផងដែរ។

រីឯនៅអាហ្រ្វិកខាងត្បូង លោកប្រធានាធិបតី Cyril Ramaphosa បានប្រកាសផែនការបន្ធូរបន្ថយជាបណ្តើរៗ នូវបទបញ្ជាបិទប្រទេសដែលកំពុងអនុវត្តដើម្បីស្តារសកម្មភាពសេដ្ឋកិច្ចសំខាន់ៗឡើងវិញ។ រដ្ឋាភិបាលនេះនឹងអនុញ្ញាតឱ្យវិស័យ សេដ្ឋកិច្ចសំខាន់ៗមួយចំនួនបន្តប្រតិបត្តិការឡើងវិញ ក្រោមការឃ្លាំមើលយ៉ាងម៉ឹងម៉ាត់លើបញ្ហាអនាម័យនិងធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះជាអតិបរមាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ