វៀតណាម-បេឡារុស្សពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែធ្នូ នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស លោក Roman Golovchenko ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែធ្នូ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ VOV) |
បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាការងារនៅទីស្នាក់ការរដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី លោក Roman Golovchenko បានអះអាងពីសារៈសំខាន់នៃការរក្សាការជួបប្រាស្រ័យគ្នាគ្រប់ជាន់ថ្នាក់; ការពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ជាមួយនឹងវិធានការសមស្របទៅនឹងស្ថានភាព និងលក្ខខណ្ឌនៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាពបន្តលើកកម្ពស់ប្រពៃណីនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើរតួជាស្ពានដើម្បីជួយបេឡារុស្ស ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន; ស្នើឱ្យបេឡារុស្សគាំទ្រគោលជំហររបស់វៀតណាម និងអាស៊ានលើបញ្ហាសមុទ្រខាងកើត។
នាយករដ្ឋមន្ត្រីបេឡារុស្ស លោក Roman Golovchenko។ (រូបថត៖ VNA) |
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ប្រទេសទាំងពីរចាំបាច់ត្រូវធ្វើអាជីវកម្មបន្ថែមពី សក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្ម ហើយបង្កើតលក្ខខណ្ឌសម្រាប់ទំនិញជ្រៀតចូលទីផ្សារគ្នាទៅវិញទៅមក ក្នុងនោះមានទំនិញដូចជា កសិផល រុក្ខផល ជលផល ផលិតផលទឹកដោះគោ ជីកសិកម្ម ជាដើម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានឯកភាពពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលដូចជា៖ បច្ចេកវិទ្យាព័ត៌មាន បរិវត្តកម្មឌីជីថល ការអប់រំនិងបណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
បន្ទាប់ពីជំនួបពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីមួយចំនួន។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីបេឡារុស្ស លោក Roman Golovchenko បានអញ្ជើញទៅទស្សនាបង្គោលទង់ជាតិហាណូយ ហើយទទួលទានកាហ្វេវៀតណាមជាមួយគ្នាផងដែរ៕